ក្រុមហ៊ុន​លំដាប់​ពិភពលោក​មួយ គ្រោង​វិនិយោគ​សង់​ឡសម្ងួត​នៅ​កម្ពុជា ដែល​បំពាក់​បច្ចេកវិទ្យា​ឈាន​មុខគេ

  • 2019-06-20 03:35:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តំណាង​ក្រុមហ៊ុន​លំដាប់​ពិភពលោក Buhler ដែល​មាន​ការិយាល័យ​កណ្តាល​នៅក្នុង​ទីក្រុង​ហ្សូរិច នៃ​ប្រទេស​ស្វីស គ្រោង​វិនិយោគ​សាងសង់​ឡ​សម្ងួត (សៃឡូ) ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខគេ​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​អង្ករ និង​ធ្វើ​ពិពិធកម្មការ​នាំចេញ​ផលិតផល​សម្រេច ទៅកាន់​ទីផ្សារ​សកល​ប្រកប​ដោយ​និរន្តរភាព។

នៅក្នុង​ជំនួបជាមួយ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ លោក David Wang ប្រធាន​ក្រុមហ៊ុន Buhler Group Asia បាន​ថ្លែង​អំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ផ្តល់ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ និងបាន​ជម្រាបជូន​អំពីសាវតា និងផលិតផល​សំខាន់ៗ​របស់​ក្រុមហ៊ុន មាន​ដូចជា អាហារ​កែច្នៃ​ពីគ្រាប់​ធុញ្ញជាតិ, ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្ភារៈ​បច្ចេកវិទ្យា។

លោក David Wang បានគូស​បញ្ជាក់​ថា បេសកកម្ម​របស់​ក្រុមហ៊ុន Buhler ផ្តោតសំខាន់​លើការ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ ដើម្បី​កែច្នៃ​ផលិតផល, បង្កើត​ភាព​ជាដៃគូ​ជាមួយ​អ្នក​ប្រើប្រាស់, និង​ពង្រឹង​និរន្តរភាព​ផលិតកម្ម ហើយ​នៅ​កម្ពុជា លោក​គ្រោង​នឹងវិនិយោគ​សាងសង់​ឡសម្ងួត​ទំនើប​ចំនួន ១០​ទីតាំង នៅក្នុង​ខេត្តគោលដៅ​ចំនួន​១០ ដែលអាចស្តុក​ទិន្នផល​ស្រូវ​ប្រមាណ ១លាន​តោន និងអាច​សម្ងួត​ស្រូវ ១៣ពាន់​តោន ក្នុងមួយ​ថ្ងៃ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណី​អាហារ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន​សម្តែង​ក្តី​សោមនស្ស និង​សាទរ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Buhler ដែលមាន​សង្គតិភាព​ជាមួយ​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (CTIS) និង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា (IDP) ព្រមទាំង​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៤ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

លោក ប៉ាន សូរស័ក្តិ បាន​បង្ហាញ​ជំនឿ​មុតមាំ​ថា នៅពេល​ការ​សាងសង់​បញ្ចប់ គម្រោងនេះ​មិនត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ទប់ស្កាត់​ការ​ហូរ​ចេញស្រូវ​ទៅកាន់​ប្រទេស​ជិតខាង ជួយលើក​កម្ពស់​ជីវភាព​ប្រជា​កសិករ ក៏ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ។ លើសពី​នេះ ឡសម្ងួត​ទាំងអស់ ក៏នឹង​ផ្តល់​គុណ​ប្រយោជន៍​ធំធេង​ដល់ការ​អភិវឌ្ឍ​វិស័យ​កសិ-ពាណិជ្ជកម្ម​ជាតិ ដែលនឹង​រួមចំណែក​លើក​ស្ទួយកិត្តិនាម​របស់​កម្ពុជា នៅលើ​ឆាកអន្តរជាតិ​ផងដែរ៕

អត្ថបទ និង​រូបថត៖ ក្រសួង​ពាណិជ្ជកម្ម

អត្ថបទថ្មី
;