លោក ស៊ុន ចាន់ថុល៖ ក្រុមហ៊ុន​ចិន កំពុង​សិក្សា​សង់ស្ពាន​២ឆ្លងកាត់​ទន្លេមេគង្គ

  • 2019-06-26 02:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហើប​ឱ្យដឹង​ថា ​ក្រុមហ៊ុន​ចិន២ ​កំពុង​សិក្សា​សាងសង់​ស្ពាន​ចំនួន​២ទៀត​ឆ្លងកាត់​ទន្លេ​មេគង្គ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​លម្អិត​អំពី​ទីតាំង​នៃការ​សាងសង់​ស្ពាន​នេះទេ។

ថ្លែង​ទៅកាន់​អ្នក​កាសែត​ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​លេខ២២ រវាង​ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​កូរ៉េ កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «យើង​សិក្សា​ស្ពាន២​ឆ្លងកាត់​ទន្លេ​មេគង្គ ដោយ​ក្រុមហ៊ុន​ចិន។ ក៏​ប៉ុន្តែ​មិត្ត​កូរ៉េ​លោក​ថា នៅភ្នំពេញ​នេះ មាន​ស្ពាន​មិត្តភាព​ចិន​ផង មានស្ពានមិត្តភាព​កម្ពុជា-ជប៉ុន​ផង ដូចចង់​ឱ្យមួយ​ដែរ ស្ពានមិត្តភាព​កម្ពុជា-កូរ៉េ។ ប៉ុន្តែមក​ដល់ម៉ោង​នេះ មិនទាន់មាន​ការចរចា​ឈាន​ទៅ​រកថវិកា ជំនួយ​ឥតសំណង​នៅឡើយទេ»។

សូមជម្រាប​ថា គិតមក​ដល់ពេល​នេះ ស្ពាន​ដែល​ចិន​បាន​សាងសង់រួច​នៅ​កម្ពុជា មាន​ចំនួន៧ រួមមាន៖ ស្ពាន​កោះធំ (ខេត្តកណ្តាល), ស្ពានជ្រោយចង្វារទី២, ​ស្ពានសេកុង (ខេត្តស្ទឹងត្រែង), ​ស្ពាន​ព្រែកក្តាម, ​ស្ពាន​ព្រែកតាម៉ាក់, ​ស្ពានមេគង្គ​ស្ទឹងត្រែង និង​ស្ពាន​ព្រែកសំរោង (​ក្រុងតាខ្មៅ)។ បច្ចុប្បន្ន​​ចិន​ក៏កំពុងជួយសាងសង់ស្ពាន ​ស្ទឹង​ត្រង់-ក្រូច​ឆ្មារផងដែរ។

ស្ពានមេគង្គស្ទឹងត្រែង

កាលពីខែ​មេសា ឆ្នាំ​២០១៨ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ឱ្យមាន​ការសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ​ភ្ជាប់ពី​ទីរួមខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​កំពង់ធំ និង​សៀមរាប ដើម្បីកាត់​បន្ថយការ​ចំណាយ និង​ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ទៅមក​រវាង​ខេត្ត​ទាំងនេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;