លោក គួច ចំរើន ប្រាប់​វិនិយោគិន​ចិន ពី​ការងារ​ដំបូង​ដែល​ត្រូវធ្វើ​ក្នុងនាម​ជាអភិបាលខេត្ត​ព្រះសីហនុ​ថ្មី

  • 2019-06-30 07:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា ក្នុងអាណត្តិ​ថ្មីរបស់លោក​មកកាន់ជា​អភិបាល​ខេត្តព្រះសីហនុ ការងារ​ដំបូង គឺ​ចាប់ផ្តើម​ពិនិត្យ​ការងារ​សន្តិសុខ សុវត្ថិភាព​សាធារណៈ និង​គម្រោង​សាងសង់​ផ្លូវមួយខ្សែ ចាប់ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​កងកេង ទៅ​ក្រុង​ព្រះសីហនុ ដើម្បី​ជួយ​រំដោះ និង​សម្រួល​ការកកស្ទះ​ចរាចរណ៍​ររបស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​តាមផ្លូវជាតិ​លេខ៤ ខណៈ​ដែលខេត្ត​នេះ មានការ​អភិវឌ្ឍ​យ៉ាង​គំហុក រួមទាំង​បញ្ហា​កំណើន​យានយន្ត​ដឹកជញ្ជូន មានការ​កើនឡើង។ កំណើន​ចរាចរណ៍នេះ ក៏បាន​ធ្វើឱ្យ​ខូចខាត​ផ្លូវមួយ​ចំនួន​ក្នុងក្រុង​ព្រះសីហនុ​ផងដែរ។

ការ​ថ្លែងខាងលើនេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក គួច ចំរើន និង​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន និង​គណៈប្រតិភូ​វិនិយោគ​ចិន ដឹកនាំ​ដោយ​គឺលោក សយ សុភាព និង​លោក LIUXIAO GUANG ដែល​សហ​ប្រធាន​សមាគម នាព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩។

លោក​អភិបាលខេត្ត​ព្រះសីហនុ បាន​សំណូមពរឱ្យ​គណៈប្រតិភូវិនិយោគិន​ចិន ក្នុងខេត្ត​ព្រះសីហនុ ធ្វើយ៉ាងណា​ជួយសហការ​គាំទ្រ​ការអភិវឌ្ឍ​ខេត្ត និងរៀបចំ​សណ្ដាប់​ធ្នាប់ របៀបរៀបរយ​ឱ្យកាន់តែល្អ​ប្រសើរ​ឡើងវិញ ។

ក្នុងឱកាស​ជំនួប​នេះ​ គណៈប្រតិភូវិនិយោគិន​ចិន ក្នុងខេត្ត​ព្រះសីហនុ បាន​គាំទ្រនូវ​គម្រោង​ផែនការ​របស់​លោក​អភិបាលខេត្ត ក្នុងការ​ស្ថាបនា​កែលម្អ​សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន​ខេត្តព្រះសីហនុ ព្រមទាំង​នាំយកនូវ​ថវិកាមួយ​ចំនួន​ជូនរដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ករណី​ដួលរលំ​បាក់អគារ​កណ្ដាល​ក្រុង​ព្រះសីហនុ កាលពី​កន្លងមក​ថ្មីៗ​នេះផងដែរ។

ជាការឆ្លើយតប​ភ្លាមៗ គណៈ​ប្រតិភូវិនិយោ​គិន​ចិន បានប្តេជ្ញា​ជួយរួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​សាងសង់​ផ្លូវមួយខ្សែនេះ​ផងដែរ ដើម្បី​ជួយសម្រួល និងកាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវជាតិ​លេខ៤៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;