រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលឆ្លើយបំភ្លឺនៅរដ្ឋសភា អំពីកំណែទម្រង់ប្រព័ន្ធតុលាការ
- 2019-07-04 06:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលឆ្លើយបំភ្លឺនៅរដ្ឋសភា អំពីកំណែទម្រង់ប្រព័ន្ធតុលាការ
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋសភា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្តាប់ចម្លើយបំភ្លឺរបស់លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តបតាមសំណើរបស់ក្រុមតំណាងរាស្រ្តទី៦ នៃរដ្ឋសភា។
លោក អង្គ វង្សវឌ្ឍនា បានឆ្លើយបំភ្លឺនឹងសំណួររបស់ក្រុមអ្នកតំណាងរាស្ត្រ អំពីរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួងយុត្តិធម៌ និងកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានបង្កើតប្រព័ន្ធដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺមណ្ឌលសេវាកម្មយុត្តិធម៌នៅមានចំនួន ៦៦មណ្ឌល តាមមូលដ្ឋាននៅខេត្ត ក្រុងចំនួន១០ ដើម្បីកាត់បន្ថយការប្ដឹងទៅតុលាការ។ ចំពោះវិវាទរដ្ឋប្បវេណី និងករណីតូចតាចបទលហុនឹងកាត់បន្ថយការចំណាយថវិកា នឹងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។ នៅខេត្តចំនួន ១៥ទៀត ដែលពុំទាន់មានមណ្ឌលសេវាកម្មយុត្តិធម៌គឺក្រសួងកំពុងតែសហការជាមួយនឹងដៃគូដើម្បីត្រៀមរៀបចំបង្កើតឡើងក្នុងការជួយសម្រួលដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅពេលមានវិវាទតវ៉ាដោយដោះស្រាយតាមប្រព័ន្ធតុលាការកាត់បន្ថយការប្ដឹងតុលាការ។
ការផ្ដល់សេវាប្រឹក្សាផ្លូវច្បាប់ក្រៅប្រព័ន្ធតុលាការក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៩នេះ បានដោះស្រាយវិវាទជាង ២០០០ករណី និងផ្ដល់សេវាប្រឹក្សាផ្លូវច្បាប់បានជាង ១០០០ករណីដូចជា ទំនាស់ដីធ្លី ការប៉ះពាល់ជីវភាពអ្នកជិតខាង, ទំនាស់បំពានកិច្ចសន្យាបរិហារកេរ្តិ៍, ជេរប្រមាថឬការបង្កខូចសម្បត្តិទ្រព្យសម្បត្តិតិចតួច។ល។ ដែលជាការផ្ដល់ប្រឹក្សាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន និងបានចូលរួមកាត់បន្ថយការដាក់ពាក្យបណ្ដឹងទៅតុលាការដឹងការកកស្ទះសំណុំរឿងនៅតាមសាលាក្តីរាជធានីខេត្តផងដែរ។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក អង្គ វង្ស វឌ្ឍនា។
នៅក្នុងឱកាសឆ្លើយតបនឹងសំណួរជាច្រើនរបស់ក្រុមអ្នកតំណាងរាស្ត្រនៅក្នុងសម័យប្រជុំរដ្ឋ សភាពេញអង្គនាថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបំភ្លឺអំពីកំណែទម្រង់ប្រព័ន្ធតុលាការ និងការគ្រប់គ្រងបញ្ជីទណ្ឌិតនៅតាមពន្ធនាគារ និងការគ្រប់គ្រងបញ្ជីឈ្មោះទណ្ឌិតដែលតុលាការ បានផ្ដន្ទាទោសជាស្ថាពរនៅតាមពន្ធនាគារ និងទណ្ឌិតដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារ៕