រកឃើញ​ផ្នែកខ្លះ​នៃផ្លូវជាតិ​លេខ២១ សាងសង់​មិនស្រប​តាម​លក្ខណៈ​បច្ចេកទេស

  • 2019-07-07 02:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​រកឃើញ​ថា ផ្នែកខ្លះ​នៃកំណាត់ផ្លូវជាតិលេខ២១ ​សាងសង់​មិនស្រប​តាម​លក្ខណៈបច្ចេកទេស ដោយត្រង់​ចំណុច​ដែលបាន​ជួសជុលរួច​មាន​ស្នាមបែក ប្រេះ និង​សំបុកមាន់​ជាច្រើន​កន្លែង និងបាន​កំពុង​ទទួលរងការ​ខូចខាត​បណ្តើរៗ។

ការរកឃើញ​ខាងលើនេះ ក្នុងពេល​ដែល​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូនកាលពី​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បាន​អញ្ជើញ​ជិះ​កង់ចុះ​ពិនិត្យ​មើលគុណភាព​ស្ថានភាព​សាងសង់​ផ្លូវជាតិ​លេខ២១ ចាប់ពី​ពហុកីឡដ្ឋាន​ស្រុកកោះធំ រហូតដល់​ភូមិជ្រៃធំ ឃុំ​សំពៅពូន (ព្រំប្រទល់​ប្រទេសវៀតណាម) ស្ថិតក្នុង​ស្រុកកោះធំ ខេត្ត​កណ្ដាល ដោយមាន​ការចូលរួមពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី មន្ត្រីរាជការ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ផងដែរ។

ថ្លែងនៅក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បានគូស​បញ្ជាក់ថា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លែងទទួលយក​ផ្លូវធ្វើជាប់​រហូត​ទៀតហើយ តែ​ទទួលយក​ផ្លូវរឹងមាំ និងមាន​គុណភាព​ខ្ពស់តាម​ស្តង់ដា​អន្តរជាតិ។ ទន្ទឹមនឹង​នេះ លោក​បានបញ្ជាក់ពី​គោលជំហរ ក្នុងការពង្រឹង​ការគ្រប់គ្រង​លើការ​សាងសង់​ឲ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព​ផ្លូវប្រើប្រាស់​ជាប់បាន​យូរអង្វែង។

លោក​ ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស និង​មន្ត្រីបច្ចេកទេស​របស់​ក្រសួង​ត្រូវតែ​ធ្វើការ​ដោយផ្ដោត​លើគុណភាព​ជា​ចម្បង ពោលគឺត្រូវ​តាមដាន​គុណភាព​សាងសង់​តាំងពី​ចាប់ផ្ដើម​បើកការដ្ឋាន​សាងសង់ រហូតដល់​ការប្រគល់​ទទួល។

រដ្ឋមន្រ្តី​រូបនេះ បានស្នើឱ្យមន្ត្រីក្រោម​ឱវាទ​ទាំងអស់ និងក្រុមការងារ​បច្ចេកទេស​សាងសង់​ផ្លូវពិនិត្យ​ឡើងវិញ​នូវវិធានការ និង​នីតិវិធី​សាងសង់​ឱ្យបាន​ម៉ត់ចត់ ជាពិសេស​គម្រោង​សាងសង់​ផ្លូវកំពុងអនុវត្តនានា ធ្វើយ៉ាងណា​ឱ្យគុណភាពផ្លូវមាន​ភាពរឹងមាំ ប្រើប្រាស់ ជាប់បានយូរ ស្របតាម​ស្តង់ដា​ដែលអាច​ទទួល​យកបាន។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បាន​សំណូមពរ​ដល់ក្រុមហ៊ុន​ដឹកជញ្ជូន​ ចូលរួម​គោរព​ច្បាប់ ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ត្រឹមត្រូវ កុំដឹក​ទំនិញលើស​ទម្ងន់​កម្រិត​កំណត់ និងត្រូវមាន​បណ្ណបើកបរ​តាមប្រភេទ​យានយន្ត សម្រាប់​អ្នក​បើកបរ។

ឆ្លៀតក្នុង​ឱកាសនោះផង​ដែរ លោក​ទេសរដ្ឋមន្ត្រី បានជំរុញ​ឱ្យមន្ត្រីក្រសួង​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ ទាញយក​កម្មវិធី​ថែទាំផ្លូវ ROAD CARE Mobile App ដើម្បីប្រើប្រាស់​ក្នុងការ​រាយការណ៍​ផ្លូវ​ជង្ហុក​សំបុក​មាន់ និងផ្លូវខូច និងបាន​ណែនាំ​ឱ្យប្រធានមន្ទីរ​ទាំង២៥​រាជធានី-ខេត្ត​ទាំងអស់ ទទួលខុសត្រូវ​ចំពោះ​បណ្តាញផ្លូវថ្នល់​ដែលស្ថិត​នៅក្នុង​ដែនសមត្ថកិច្ច​របស់​ខ្លួន មិនថា​ផ្លូវនោះ​ជាផ្លូវ​របស់​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​ជាអ្នក​សាងសង់​ទេ៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;