PSG នឹង​ចាត់​វិធានការ​លើ​ Neymar ដែល​មិន​បាន​បង្ហាញខ្លួន​ក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង

  • 2019-07-09 01:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Paris St-Germain បាន​អះអាង​ថា​ក្លឹប​នឹង​ចាត់​វិធានការ​ដ៏​សមស្រប​មួយ ក្រោយ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar មិន​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃដំបូង​នៃ​ការ​ហ្វឹកហាត់ Pre-season។

PSG បាន​ឲ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួនថា៖ "Neymar Jr មិន​បាន​បង្ហាញខ្លួន​ពេល​ហ្វឹកហាត់ តាម​ពេលវេលា និងទីកន្លែង ដែលបាន​ព្រមព្រៀង​នោះទេ។ នេះ​ជា​អវត្តមាន​ ដែល​ក្លឹប​មិន​បាន​ដឹង​មុន។ ក្លឹប​មាន​ការ​សោកស្ដាយ​ណាស់ ចំពោះ​ហេតុការណ៍​នេះ"។

យ៉ាងណាក្ដី កាសែត​ Fox Sports Brazil បាន​ដកស្រង់​សម្ដី​លោក Neymar Sr ដែលជា​ឪពុក​របស់​ Neymar ថា ខ្សែប្រយុទ្ធ​វ័យ ២៧ឆ្នាំ​រូបនេះ កំពុង​ជាប់​ភារកិច្ច​សប្បុរសធម៌ ហើយ​ក្លឹប PSG ក៏បាន​ដឹង​រឿង​នេះដែរ។ លោកថា កូន​របស់​លោក​ បាន​រៀបចំ​ផែនការ​សប្បុរសធម៌នៅវិទ្យាស្ថាន Neymar Institute មួយឆ្នាំមកហើយ ហើយក្លឹប​ក៏បានដឹងដែរ។ លោក​បញ្ជាក់ថា កម្មវិធី​សប្បុរសធម៌នោះ មិន​អាច​លុបចោលបានទេ ហើយ Neymar នឹងទៅ PSG នាថ្ងៃទី១៥ ខែកក្កដា។

សូមបញ្ជាក់ថា Neymar ត្រូវ​បានគេរំពឹងថា នឹង​វិល​ទៅកាន់ទ្រនំ​ចាស់ Barcelona វិញ ក្រោយ​ចូល PSG កាលពីខែសីហា ឆ្នាំ២០១៧។ កីឡាករ​រូបនេះ ស៊ុត​ចូល ៣៤គ្រាប់ ក្នុង​ការបង្ហាញខ្លួន ៣៧ប្រកួត​នៅ​លីគ​កំពូល​បារាំង៕

ប្រភព៖ BBC អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;