ជ្រូក ៣៣៧​ក្បាល​ហើយ​ដែលងាប់​ដោយ​ជំងឺ​ប៉េស្ត​ជ្រូក​​នៅ​ខេត្តត្បូងឃ្មុំ

  • 2019-07-11 01:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុល្យការ​ចុងក្រោយ​នៃមហន្តរាយ​ដោយសារ​តែ​ការផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​នៅក្នុងស្រុក​អូររាំងឪ ខេត្តត្បូងឃ្មុំ បណ្តាលឱ្យ​សត្វជ្រូក​ដែលប្រជាកសិករ​ចិញ្ចឹម​ចំនួន ៣៣៧​ក្បាល​បានងាប់ ក្នុង​ចំណោម​ជ្រូក​ជាង ៩០០០​ក្បាល ដែល​ចិញ្ចឹមក្នុងស្រុកគិត​មកត្រឹម​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។ នេះបើ យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្តត្បូងឃ្មុំ។

ស្ថានភាព​នៃការផ្ទុះ​ជំងឺប៉េស្តជ្រូកអាហ្វ្រិក​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​បង្ហាញក្តី​ព្រួយបារម្ភ​កាន់តែខ្លាំង ខណៈ​របាយការណ៍​នៃជ្រូក​ងាប់​បាន​រីករាលដាល​ចេញពី​ឃុំមៀន ដែលមានជ្រូក​ងាប់​ចំនួន ១៨៣ ក្បាល ដល់ឃុំអំពិលតាពក ដែលមាន​ជ្រូកងាប់​ចំនួន ៥៨ ក្បាល ឃុំព្រះធាតុ​មានជ្រូកងាប់​ចំនួន ៦២ក្បាល។ ចំណែក​ឃុំ ៤ ទៀតរបស់ស្រុកនេះក៏មានជ្រូកងាប់​ផងដែរ។

ជាថ្មីម្តងទៀត ប្រជាពលរដ្ឋ​នៅក្នុង​ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុង​ទទួលរង​នូវការផ្ទុះ​ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវ​យ៉ាង​ទទូច​ដល់មន្ត្រី​ជំនាញ​នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចាត់វិធានការ​បន្ទាន់​ដើម្បីទប់ស្កាត់​ការរីករាលដាល​នៃជំងឺប៉េស្តជ្រូក​អាហ្វ្រិក​ដ៏សាហាវនេះ ដែលអាច​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផង និងអាច​ធ្វើឱ្យ​ប៉ះពាល់​ជីវភាព​របស់ប្រជាពលរដ្ឋ ដោយសារតែ​អាចធ្វើឱ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខនឹងការ​ខាតបង់​ដើមទុន​កាន់តែខ្លាំង។ នៅក្នុងនោះ ប្រជាពលរដ្ឋ​ចំនួន ៤៦​គ្រួសារ​បានស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ពលរដ្ឋ​កំពុង​មាន​ឱ្យ​បានឆាប់រហ័ស និងបាន​លើកឡើងថា​ស្ថានភាព​ផ្ទុះជំងឺនេះ​ មិនមែន​មិនធ្ងន់ធ្ងរ​ឡើយ ព្រោះបាន​ធ្វើឱ្យជ្រូក​ពួកគាត់ងាប់​ជាច្រើនក្បាល និងបាន​ខាតបង់ប្រាក់​យ៉ាងច្រើន​រួចស្រេច​ទៅហើយ។

នៅក្នុង​អំឡុងពេល​នៃការផ្ទុះ​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​នេះ ក្រុមការងារ​ចុះជួយ​ស្រុក​អូររាំងឪ ដឹកនាំដោយ​លោក អ៊ាង សុផល្លែត និងក្រុម​ការងារ​ដោយ​សហការ​ជាមួយ​នឹង​មន្ត្រី​ជំនាញ​កសិកម្ម បានចុះអប់រំ​ប្រជាពលរដ្ឋ និងណែនាំ​ពីវិធានការការពារ និងទប់ស្កាត់ការ​រីករាលដាល​នៃជំងឺនេះ ក្នុងគោលបំណង​លុបបំបាត់​មេរោគក្នុង​តំបន់ ដើម្បីដំណើរការ​អាជីវកម្ម​ឡើងវិញ។

​ ឆ្លើយតប​ចំពោះ​កង្វល់របស់​អាជីវករ​ចិញ្ចឹមជ្រូក លោកបាន​សំណូមពរឱ្យ​មានកិច្ច​សហការល្អ​ប្រសើរ​ក្នុងការ​ចាត់វិធាន​បសុពេទ្យក្នុងការ​រំងាប់មេរោគ​ទូទាំងឃុំ និងចូលរួម​អនុវត្តនូវវិធានការ​នានាតាម​ការណែនាំ​របស់​ជំនាញ ព្រមទាំង​រាយការណ៍​ជាបន្ទាន់ពី​ករណី​សត្វឈឺ និង​ស្លាប់ ដើម្បីធ្វើយ៉ាងណា​ឱ្យ​តំបន់នេះ ឆាប់បាន​ប្រកាស​រំសាយពីជំងឺ​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;