មេគយ លើកឡើងពីករណីសំរាម ៨៣កុងទឺន័រដែលដឹកមកទម្លាក់ចោលនៅខេត្តព្រះសីហនុ
- 2019-07-17 01:52:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេគយ លើកឡើងពីករណីសំរាម ៨៣កុងទឺន័រដែលដឹកមកទម្លាក់ចោលនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានថ្លែងប្រាប់ [ខ្លីៗ] កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ថា ចំពោះករណីកាកសំណល់ និងកាកសំណល់ប្លាស្ទិកទាំង៨៣ទូរកុងទឺន័រ ដែលយកមកទម្លាក់ចោលនៅខេត្តព្រះសីហនុ គឺនឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ ក្រោយពេលស្រាវជ្រាវដឹងប្រភពរួច។
លោកបានឱ្យដឹងយ៉ាងដូច្នេះថា៖ «ពេលដែលគេនាំចូលមក គឺគេដាក់ជាមុខទំនិញផ្សេង ហើយមិនទាន់បានឆ្លងកាត់គយទេ គឺដាក់ពីកប៉ាល់មកនៅទីលានកំពង់ផែនៅឡើយទេ ហើយមិនទាន់ប្រកាសគយនៅឡើយទេ កាលណាមកប្រកាសគយបាន អាចយកចេញ ព្រោះនៅទីលានកំពង់ផែ គឺស្ថិតនៅក្រោមការគ្រប់គ្រងនៅឡើយទេ មិនទាន់ប្រកាសគយទេ។ ព្រោះក្នុងរយៈពេលចុងក្រោយនេះ បញ្ហាកាកសំណល់នេះ វាច្រាលនៅហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហេតុនេះ យើងមានការប្រុងប្រយ័ត្ន ស្រាវជ្រាវ និងមានការផ្លាស់ប្តូរព័ត៌មានគ្នា បានយើងអាចរកឃើញករណីហ្នឹង។ ហើយយើងកំពុងស្រាវជ្រាវរកក្រុមហ៊ុនដែលនាំចូលមក និងឯកសារពាក់ព័ន្ធទាំងអស់ ជាគោលការណ៍នៅពេលដែលរកឃើញថា មកពីប្រទេសណា គឺត្រូវបញ្ជូនត្រឡប់ទៅប្រទេសនោះវិញ»។
សូមជម្រាបថា កាលពីម្សិលមិញនេះ សមត្ថកិច្ចដឹកនាំដោយ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តព្រះសីហនុ បានបើកប្រតិបត្តិការ និងសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ កុងទឺន័រចំនួន៨៣ទូរ រកឃើញសំរាមចំនួនជា១៦០០តោន។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សមត្ថកិច្ចនឹងកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។ លើសពីនេះ ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំណល់សំរាមនេះមកកាន់ប្រទេសកម្ពុជា។
គួររំលឹកថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ជាច្រើនលើករួចមកហើយថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជាឡើយ។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕