កាណាដា គ្រោង​ទិញ​សម្លៀក​បំពាក់ពី​កម្ពុជា​ក្នុង​តម្លៃ​ជាង៩១លាន​ដុល្លារ ដែល​ខ្ពស់​ជាងការ​បញ្ជាទិញ​ពីចិន

  • 2019-07-19 02:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កាណាដា មាន​គម្រោង​ទិញ​ផលិតផល​សម្លៀកបំពាក់​ពី​កម្ពុជា ក្នុងតម្លៃ​ទឹកប្រាក់​ជាង ៩១លាន​ដុល្លារអាមេរិក សម្រាប់ឆ្នាំ​២០១៩ និង​២០២០ ដែលខ្ពស់​ជាងការ​បញ្ជាទិញ​ពីប្រទេសចិន។ នេះបើតាម​ការឱ្យដឹង​ពីតំណាង​ក្រុមហ៊ុន Reitman's Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្ម​ដ៏សំខាន់​មួយ​របស់​កម្ពុជា។

នៅក្នុងជំនួប​ជាមួយ លោក ឱក ប៊ុង រដ្ឋមន្រ្តី​ស្ដីទី​ក្រសួង​ពាណិជ្ជកម្ម កាលពីព្រឹក​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស​ (Gary Ross) ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញ​សុទិដ្ឋិនិយម ចំពោះវឌ្ឍនភា​ពនៃឧស្សាហកម្មកាត់ដេរ​នៅកម្ពុជា និងបាន​កោតសរសើរ​ចំពោះ​កំណែទម្រង់​មុតស្រួច ព្រមទាំង​វិធានការថ្មីៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​ភាពប្រកួតប្រជែង​របស់​កម្ពុជា តាមរយៈ​ការធ្វើឱ្យប្រសើរទ្បើង​នូវបរិយាកាស​ធុរកិច្ច និង​វិនិយោគ។

លោកប្រធាន​ក្រុមហ៊ុនរូប​នេះ ក៏បាន​ថ្លែងអំណរគុណ​ក្រសួង​ពាណិជ្ជកម្ម ដែលជានិច្ចជាកាល​តែងផ្តល់​កិច្ចសហការ សម្រប​សម្រួល​ការបញ្ជាទិញ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន និង​តែងឆ្លើយតប​យ៉ាងវិជ្ជមាន​ចំពោះ​ក្តីកង្វល់ និង​សំណូមពរ​នានា​របស់​ភាគី​កាណាដា។

ជាការ​ឆ្លើយតប លោក ឱក ប៊ុង បានជម្រាបភាគី​កាណាដា អំពីវឌ្ឍនភាព​សេដ្ឋកិច្ច និងកំណើននាំចេញ​របស់​កម្ពុជា​ក្នុងរយៈពេល​ ២ទសវត្សរ៍​ចុងក្រោយ ដែលបាន​កើនចាប់ពី​ទឹកប្រាក់ ១ពាន់​លានដុល្លារ​អាមេរិក (២០០១) ដល់ ១៣ពាន់​លានដុល្លារ​អាមេរិក (២០១៨) ព្រមទាំង​ការប្តេជ្ញាចិត្តរបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បន្ត​គាំទ្រ​គម្រោង​រោងចក្រ​កាន់តែប្រសើរឡើង​នៅ​កម្ពុជា (BFC) របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដើម្បីលើកស្ទួយ​លក្ខខណ្ឌ​ការងារ​នៅក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ និង​កាត់ដេរ​សម្លៀក​បំពាក់។

សូមជម្រាបថា Reitman គឺជា​ក្រុមហ៊ុនបញ្ជា​ទិញ​សម្លៀកបំពាក់​ដ៏ធំរបស់​កាណាដា ដែលបាន​ធ្វើប្រតិបត្តិការ​ពាណិជ្ជកម្ម​ ជាមួយ​ឧស្សាហកម្មកាត់ដេរ​សម្លៀកបំពាក់​កម្ពុជា ចាប់តាំងពី​ឆ្នាំ២០០២-២០០៣ ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុន​មួយនេះ បានបញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ពីរោងចក្រ​ចំនួន ១៤ នៅ​កម្ពុជា ក្នុង​តម្លៃជា​ទឹកប្រាក់ ៦៦លាន​ដុល្លារ​អាមេរិក​ ផងដែរ៕

អត្ថបទ និងរូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទថ្មី
;