ផ្លូវជាតិ​លេខ៥ ដែល​ពង្រីក​ដល់ ៤គន្លង ពី​បាត់ដំបង-សិរីសោភ័ណ សម្រេច​បាន ៥១ភាគរយ​ហើយ

  • 2019-07-23 02:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា គម្រោង​ធ្វើឱ្យប្រសើរឡើងវិញ​កំណាត់​ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ប្រវែង៨៤,៧៤គីឡូម៉ែត្រ សម្រេច​ការ​សាងសង់បាន​ប្រមាណ ៥១​ភាគរយហើយ។ គម្រោងសាងសង់នេះ​ ចំណាយ​ថវិកា​ប្រមាណ ១៤៣,០៤លានដុល្លារ។

សូមជម្រាប​ថា កាលពីថ្ងៃទី២២ ខែកក្កដា ​ឆ្នាំ​២០១៩​ម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​ អញ្ជើញ​ចុះពិនិត្យ​គម្រោង​ធ្វើឱ្យប្រសើរឡើងវិញ​កំណាត់ផ្លូវជាតិ​លេខ៥ ភាគ​ខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដោយមាន​ការចូលរួម​ពីប្រតិភូ​តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន ទីប្រឹក្សា​បច្ចេកទេស​ផងដែរ។

គម្រោង​ស្ថាបនា​កំណាត់ផ្លូវនេះ​ត្រូវបាន​បែងចែក​ជាពីរកញ្ចប់​ក្នុងនោះ៖ កញ្ចប់ទី១​សាងសង់ដោយ ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន Tekken-Taiyo JV មាន​ប្រវែង ៤៦,២៧​គម (ផ្លូវវាងក្រុងបាត់ដំបង​ប្រវែង ២៣,៩២គម) ហើយ​កញ្ចប់ទី២ សាងសង់​ដោយក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន Daiho-Asanuma JV មាន​ប្រវែង​៣៨,៤៧​គម (ផ្លូវវាង​ក្រុងសិរីសោភ័ណប្រវែង ៩.៣៤គម) និងត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS។ ​កំណាត់ផ្លូវនេះ ត្រូវបានបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី២៦ ខែមីនា ​ឆ្នាំ​២០១៩ ​ក្រោមអធិបតីភាព​សម្តេច ហ៊ុន សែន។

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ៥ មាន​ប្រវែង​សរុប​ចំនួន ៣៦៦​គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ជា​គម្រោង​ក្រោម​កម្ចី​ឥណទាន សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិ​ជប៉ុនប្រចាំកម្ពុជា​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០០​លាន​ដុល្លារ។

ការងារ​ស្ថាបនា​ត្រូវបាន​បែងចែក​ជាបីផ្នែក​ធំៗរួម​មាន៖ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុងនោះ៖ មានការ​ពង្រីក​កំណាត់ផ្លូវ​ជាតិមាន​ស្រាប់ពី​២គន្លង ទៅ៤​គន្លង ទទឹង២៣ម៉ែត្រ មានប្រវែង​សរុប​៣ ០៤គីឡូម៉ែត្រ ក្រាល​ជំនួស ដោយ​កៅស៊ូAC និងមាន​សួរច្បារកណ្តាល។ ការសាងសង់​ផ្លូវវាង​ក្រុង​សរុប​មាន​ចំនួន​៥ខ្សែ មាន​ប្រវែង​សរុប ៦២​គីឡូម៉ែត្រ មាន​៤គន្លង ទទឹង​២៣ម៉ែត្រ និងសួរច្បារ​កណ្តាល មានការ​ពង្រីក​ស្ពានចាស់ និង​សាងសង់​ស្ពានថ្មី ដែលស្ថិត​នៅក្នុង​កំណាត់ផ្លូវ​ជាតិ​លេខ​៥ មានចំនួន​សរុប ៨០​កន្លែង៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;