កម្ពុជា ហាមឃាត់ការប្រើប្រាស់បសុឱសថ​មួយប្រភេទ ដើម្បីជួយដល់ការអភិរក្សសត្វត្មាត

  • 2019-07-29 09:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាលកម្ពុជាបានហាមឃាត់ជាបន្ទាន់ក្នុងការលក់ និងការប្រើប្រាស់បសុឱសថឌីក្លហ្វេណាក់(Diclofenac)នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលបានចាត់វិធានការនេះដើម្បីការពារសត្វត្មាតមានសេសសល់នៅកម្ពុជាហើយស្ថិតក្នុងស្ថានភាពកំពុងតែថយចុះ និងមានការគំរាមកំហែងឈានទៅរកការផុតពូជ។

រូបថត៖ អង្គការ WCS
លោកស្រីវេជ្ជបណ្ឌិត Julia Stenkat បសុពេទ្យ​ប្រចាំអង្គការ ACCB បានបញ្ជាក់ថា “ថ្នាំព្យាបាលសត្វឌីក្រូហូក់ (Diclofenac) មិនបង្កគ្រោះថ្នាក់ចំពោះសត្វពាហនៈ និងសត្វចិញ្ចឹម​ដទៃទៀតនោះទេ ប៉ុន្តែជាមូលហេតុធ្វើឱ្យសត្វត្មាតស្លាប់បានប្រសិនបើពួកគេទៅស៊ីសាកសពសត្វពាហនៈដែលមុនពេលស្លាប់បានព្យាបាលដោយប្រើថ្នាំប្រភេទនេះ"។

ប្រភេទសត្វត្មាតទាំងអស់ដែលមាន វត្តមាននៅក្នុងប្រទេសកម្ពុជាត្រូវបានការពារដោយច្បាប់កម្ពុជា ហេតុនេះវិធានការដែលចែងក្នុងសេចក្តីប្រកាសចេញដោយរាជរដ្ឋាភិបាលកម្ពុជានេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការពុលដោយសារធាតុឌីក្រូហូណាក់ (Diclofenac) ទៅលើពួកវា ខណៈដែលសារធាតុពុលនៃថ្នាំគីមីកសិកម្មដទៃទៀតដូចជាប្រភេទថ្នាំកាបូហ្គន (carbofuran) នៅតែបង្កហានិភ័យខ្ពស់ធ្វើឱ្យថយចុះនូវចំនួនសត្វត្មាតក្នុងប្រទេសកម្ពុជា។

ឥណ្ឌា កាលពីអតីតកាលគឺជាប្រទេសដែលមានចំនួនសត្វត្មាតច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺមានរហូតទៅដល់រាប់លានក្បាល តែចំនួនសត្វត្មាតដែលមានក្នុងប្រទេសនេះប្រមាណជា99% ត្រូវបានបាត់បង់ដោយសារតែការប្រើប្រាស់ថ្នាំឌីក្លហ្វេណាក់_(Diclofenac ក្នុងការព្យាបាលសត្វពាហនៈ។ ការបាត់បង់ស្ទើរតែគ្មានវត្តមានរបស់ពពួកសត្វស៊ីសាកសពជាអាហារនេះពីក្នុងប្រព័ន្ធអេកូឡូស៊ី បានបង្កឲ្យឥណ្ឌាកើតមានវិបត្តិសុខភាពសាធារណៈដ៏ធំមួយ ពោលគឺសាកសពសត្វពាហនៈរាប់លានក្បាលត្រូវបានគរចោលដោយគ្មានអ្នកស៊ីសំអាត។

ទន្ទឹមនឹងនោះ ជំនួសវិញដោយចំនួនឆ្កែអនាថាមានការកើនឡើង ដែលនេះគឺជាមូលហេតុបណ្តាលឱ្យមានកំណើនមនុស្សស្លាប់ដោយសាជំងឺឆ្កែឆ្កួត។ ហេតុដូច្នេះហើយទើបរដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានធ្វើការហាមឃាត់ ការនាំចូល និងការប្រើប្រាស់ថ្នាំព្យាបាលឪក្លហ្វេណាក់ (Diclofenac) នេះដោយលើកកំពស់ក្នុងការប្រើប្រាស់បសុឪសថប្រភេទមេលុកស៊ីខេម_(meloxicam) ជំនួសវិញ ព្រោះវាជាប្រភេទបសុឱសថដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលសត្វដូចគ្នា ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់សត្វឆ្មាត។ ក្រោយដាក់ចេញនូវបម្រាម បច្ចុប្បន្ននេះមានភស្តុតាងបង្ហាញអំពីការកើនឡើងវិញនៃចំនួនសត្វត្មាតនៅក្នុងប្រទេសឥណ្ឌា។

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា (CvWG) ដែលជាក្រុមការងារដែលមានការរួមផ្ដុំដោយអង្គការមិនមែនរដ្ឋាភិបាលអភិរក្សមួយចំនួនដើម្បីធ្វើការអភិរក្សសត្វត្មាតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។ សត្វត្មាតនៅកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យឈានទៅរកការវិនាសផុតពូជយ៉ាងខ្ពស់ ដោយផ្អែកលើកលទ្ធផលនៃការអង្កេតតាមដានចាប់ពីផ្តើមគម្រោងរហូតដល់បច្ចុប្បន្នយើងឃើញថាសត្វត្មាតនៅប្រទេសកម្ពុជាមានធ្លាក់ចុះប្រមាណជា ៥០%។ ការបំពុល និងការបាត់បង់ទីជម្រក គឺជាមូលហេតុចម្បង ដែលបណ្តាលឱ្យសត្វត្មាតនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ។ យោងតាមលទ្ធផលជំរឿនថ្នាក់ជាតិក្នុងឆ្នាំ២០១៩នេះបានបង្ហាញថា សត្វត្មាតតែ ១២០ក្បាលប៉ុណ្ណោះត្រូវបានកត់ត្រាក្នុងតំបន់សំខាន់ៗទាំងអស់ដែលមាននៅកម្ពុជា។

នៅឆ្នាំ ២០១៨ បសុឱសថឌីក្លូហ្វណាក់ (diclofenac) ត្រូវបានរកឃើញដាក់លក់ជាលើកដំបូងនៅលើទីផ្សារ​ក្នុងប្រទេសកម្ពុជាដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា និងក្រោយមកក្រុមកាងារនេះ បានស្នើទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យមានការហាមឃាត់បសុឱសថប្រភេទនេះ ។ មួយឆ្នាំក្រោយមក នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាស ហាមឃាត់ការនាំចូល ការចែកចាយ ផ្គត់ផ្គង់ (រួមទាំងការប្រមូលយកវិញពីទីផ្សា)និងការប្រើប្រាស់បឱសថ​ប្រភេទនេះ ក្នុងគោលបំណងដើម្បីជៀសវាងការកើតមាននូវគ្រោះមហន្តរាយដូចដែលបានកើតឡើងរួចហើយនៅប្រទេសឥណ្ឌា។

"ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានយល់យ៉ាងច្បាស់អំពីកត្តាអវិជ្ជមាននៃបសុឱសថឌីក្លហ្វេណាក់ (Diclofenac) ចំពោះសត្វត្មាតនៅកម្ពុជា ក៏ដូចជាផលវិបាកដែលអាចកើតមានចំពោះសុខភាពមនុស្សផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយដែលក្រមការងារអភិរក្សសត្វត្មាតកម្ពុជាបានធ្វើកិច្ចសហការក្នុងការចេញជាសេចក្តីប្រកាសនេះ"។ ប្រសាសន៍លោកបណ្ឌិត នូ វរនីកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

"យើងសូមអបអរសាទរចំពោះសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះគឺជា ជំហានដ៏សំខាន់មួយក្នុងការជួយសង្គ្រោះ និងការពារសត្វត្មាតរបស់កម្ពុជាពីការផុតពូជដោយរងផលប៉ះពាល់ពីការប្រើប្រាស់បសុឱសថឌីក្លហ្វេណាក់ (diclofenac) ក្នុងគោលបំណងព្យាបាលសត្វពាហណៈ។ សេចក្តីសម្រេចនេះចាំបាច់ត្រូវតែធ្វើការផ្សព្វផ្សាយ អនុវត្តន៍ច្បាប់ និងត្រួតពិនិត្យតាមដានទៅលើដំណើរការនៃការអនុវត្ត"។ ប្រសាសន៍លោក សេង ទៀក នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF)។

កញ្ញា នី ណែគឺ អ្នកសម្របសម្រួលក្រុមការងារអភិរក្សសត្វត្មាតកម្ពុជានិងជាមន្ត្រីជាន់ខ្ពស់របស់អង្គការជីវិត សត្វស្លាបអន្តរជាតិបានមានប្រសាសន៍ថា "កិច្ចបន្តចាប់ពីពេលនេះ គឺត្រូវធានាថាអាជ្ញាធរខេត្តដែលពាក់ព័ន្ធ មានការយល់ជ្រួលជ្រាបអំពីសេចក្តីប្រកាសហាមឃាត់នេះ និងដោយមានការគាំទ្រពីក្រមការងារអភិរក្សត្នោត កម្ពុជា អនុវត្តតាមវិធានដែលមានចែងក្នុងសេចក្តីប្រកាសនេះឱ្យមានប្រសិទ្ធភាព"។

កញ្ញាបានបន្តថា "សេចក្តីប្រកាសដែលចេញដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះគឺជាវិធានការដែលមានសារៈសំខាន់ណាស់ក្នុងការអភិរក្សសត្វត្មាត ប៉ុន្តែយើងក៏នៅតែបន្តធ្វើការយ៉ាងសកម្មថែមទៀតដើម្បីទប់ស្កាត់ការបំពុល សត្វត្មាតដោយថ្នាំគីមីកសិកម្មផ្សេងទៀត ដែលក្នុងនោះរួមមានៈ កាបូហូរាន(carbofuran) និងថ្នាំសម្លាប់សត្វល្អិតកាបូម៉ែត(carbomate) ព្រោះវាជាបញ្ហាប្រឈមដ៏ធំផងដែរ"៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;