ក្រ​សួង​កំពុង​ពិនិត្យ​លើ​យោបល់ថា​សំណួរក្នុង​វិញ្ញាសារូបវិទ្យាមាន​បញ្ហា

  • 2019-08-20 09:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំ​ពាក្យក្រ​សួង​អប់​រំ​ឲ្យ​ដឹងថា​ក្រុម​ការងារ​ក្រ​សួង​កំពុង​ពនិត្យ​យោបល់​របស់​អ្នក​ចូល​​ផ្ដល់​យោបល់​ក្នុង​ផេក​របស់​ក្រ​សួង​ដែល​ថា​សំណួរ​ទី​បី​វិញ្ញាសារូប​វិទ្យា​មាន​បញ្ហា។

កាល​ពី​ថ្ងៃ​មិញ​ផេក​ក្រ​សួង​អប់រំ យុវជន និង​កីឡា បាន​ផ្សាយ​ផ្ទាល់​កិច្ច​សម្ភាសន៍​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ ហង់​ ជួន ណារ៉ុន ជាមួយ​ស្ថានីយ៍ទូរទស្សន៍​BTV អំពីការ​បំពេញ​ការ​ងារ​គណៈមេប្រយោគ​ទូទាំង​ប្រ​ទេស។ ក្នុង​ពេល​ផ្សាយ​ផ្ទាល់​នោះ​មាន​អ្នកប្រើប្រាស់បណ្តាញ​សង្គម​មួយចំនួន​បាន​ចូល​ផ្ដល់ជា​យោបល់​ថា​សំណួរទី៣​នៃវិញ្ញាសារូប​វិទ្យា​មាន​បញ្ហា។​

ឆ្លើយ​តប​ករណី​នេះ ឯកឧត្តម រស់ សុវាចា​ អ្នកនាំពាក្យ​ក្រ​សួង​អប់រំ យុវជន និង​កីឡា ថ្លែង​ប្រាប់​Sabay តាម​ទូរសព្ទ​នារសៀល​នេះថា​ក្រុម​ការងារ​កំពុង​ពិនិត្យ​លើ​យោបល់ទាំងនេះ និង​ថា​អាច​ដឹង​លទ្ធផល​ក្រោយ​បញ្ចប់​សំណេរ​ប្រ​ឡង​នៅ​រសៀល​នេះ។​

ឯកឧត្តម​បញ្ជាក់ថា៖ «ក្រុម​ការងារ​កំពុង​ត្រួត​ពិនិត្យ​លើ​យោបល់​ដែល​បងប្អូន​បាន​ដាក់...​កំពុង​តែ​បន្ត​ការងារនេះដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យោបល់​របស់​បងប្អូន​ក្រោយ​ការ​បញ្ចប់​ដំណើរការ​សំណេរ​របស់​ការ​ប្រ​ឡង​នេះ​ផ្ទាល់...មក​ដល់​ពេលនេះខ្ញុំ​អាច​បញ្ជាក់​ជូន​សាធារណជនបាន​ថាមិនមាន​ភាព​មិន​ប្រ​ក្រ​តី​ទៅលើ​វិញ្ញាសា​នៅឡើយ​ទេ...​ក្រ​សួង​នឹង​ពិនិត្យ​លើ​យោ​បល់​ប្រិយមិត្ត​»។

ឯកឧត្តមក៏​បាន​ផ្ដាំ​ផ្ញើទៅ​កាន់​សាធារណជន​ឲ្យ​មានការ​ប្រុង​ប្រ​យ័ត្ន​មុន​នឹង​ជ្រើស​រើស​ប្រ​ភព​ព័ត៌មាន​មុន​សម្រេចចិត្ត​ជឿឬ​មិនជឿ ដោយ​លើក​ជា​ឧទាហរណ៍​ករណី​បង្ហោះ​រូបភាពភាព​សំណៅ​ឯកសារ​រូបមន្តគីមីវិទ្យា​នៅ​លើ​ជើង​របស់​សិស្ស​ស្រីម្នាក់។ ឯកឧត្តម​បញ្ជាក់នោះជា​រូបចាស់ ព្រោះ​ពេល​រូប​នោះ​លេច​ឡើងនៅ​ព្រឹក​ថ្ងៃទី​មួយ​​មិនមែន​ការ​ប្រ​ឡង​មុខវិទ្យា​គីមីវិទ្យានោះទេ៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;