អ្នក​ស្រាវ​ជ្រាវ​ជប៉ុន​ចំណាយ​ពេល​ជាង​២០ឆ្នាំ រក​ឃើញ​ថា ប្រាសាទ​ខ្មែរ​មាន​លក្ខណៈ​អស្ចារ្យ​ច្រើន

  • 2019-08-22 07:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ស្រាវ​ជ្រាវ​ជនជាតិ​ជប៉ុន​បាន​ចូល​រួម​ជួយ​ជួសជុល និង​ស្ដារ​ឡើង​វិញ នៅ​ប្រាសាទ​ជាច្រើន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ អំឡុង​ពេល​ នៃ​ការ​មក​ស្រាវជ្រាវ​ និង​ជួសជុល​ ២៥ឆ្នាំ​មក​នេះ អ្នក​ស្រាវជ្រាវ​ជប៉ុន​រក​ឃើញ​ភាព​អស្ចារ្យ​ជាច្រើន​របស់​ប្រាសាទ​ខ្មែរ? ភាព​អស្ចារ្យ​ទាំង​នោះ​មាន​អ្វីខ្លះ?

លោក​បណ្ឌិត​ តាកេស៊ី ណាកាហ្គាវ៉ា សហប្រធាន​ នៃ​គម្រោង​ជប៉ុន-អប្សរា​ការពារ​ប្រាសាទ​អង្គរ និង​ជា​សាស្ត្រាចារ្យ​កិត្តិយស​នៃ សាកល​វិទ្យាល័យ​វ៉ាសេដា​ នៃ​ប្រទេស​ជប៉ុន បាន​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ខ្មែរ នៅ​ស្ថានទូត​ជប៉ុន​កាល​ពី​ព្រឹកថ្ងៃទី ២២ សីហា ២០១៩​ថា ប្រាសាទ​ខ្មែរ​ភាគ​ច្រើន​បាន​កសាង​ប្រាសាទ​ដោយ​ប្រើប្រាស់​គ្រឹះ​​ផ្អែក​លើ​ការ​ចាក់​ខ្សាច់​ជា​ទម្រ​សំខាន់ ដោយ​ផ្ទុយ​ពី​សំណង់​សម័យ​ថ្មី​ ផ្អែក​លើ​ស៊ីម៉ងត៍ និង​សរសៃ​ដែក។ បុព្វបុរស​ខ្មែរ​ប្រើប្រាស់​ខ្សាច់ និង​រចនា​សម្ព័ន្ធ​មួយ​ចំនួន ធ្វើ​ឲ្យ​​ប្រាសាទ​អាច​លំនឹង​រាប់​ពាន់​ឆ្នាំ ហើយ​បើ​មាន​ការ​ថែទាំ​ថែម​ទៀត​កាន់តែ​មាន​អាយុកាល​យូរ ដូចជា​ប្រាសាទ​បាយ័ន​ បាន​សាងសង់​ខ្ពស់​ជាដើម

លោកបណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា នៅ​អំឡុង​សន្និសីទ​សារព័ត៌មាន​ នៅស្ថានទូតជប៉ុន​ប្រចាំកម្ពុជា ព្រឹកថ្ងៃទី ២២ សីហា ២០១៩

ក្រៅ​ពី​ភាព​រឹងមាំ​នៃ​ការ​ចាក់​គ្រឹះ​ប្រាសាទ ការ​រៀប​ប្រាសាទ​ដោយ​បន្តុប​គ្មាន​ស៊ីម៉ងត៍ គឺ​បុព្វបុរស​ខ្មែរ បាន​រៀប​ចំ​ប្រាសាទ​គិតគូរ​ស៊ីជម្រៅ អំពី​អាកាសធាតុ (រដូវ​ក្ដៅ​៦ខែ រដូវ​វស្សា​៦ខែ) ច្បាស់​លាស់ ស្រប​តាម​ជីវភាព​រស់​នៅ ជំនឿ​សាសនា និង​តំបន់​ផងដែរ។

តាមរយៈ​អ្នក​បក​ប្រែ លោក​បណ្ឌិត បាន​រៀបរាប់​ថា ប្រាសាទ​និមួយៗ មាន​ចំណុច​ពិសេស​ត្រង់​មាន​អង្កត់​ផ្ចិត​ច្បាស់​លាស់ ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ ហើយ​មាន​រឿងរ៉ាវ​ត​គ្នា​ ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​​មួយ ដែល​អាច​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​បាន។

«​រាប់​ពី​ប្រាសាទ​បឹងមាលា មក​ប្រាសាទ​ព្រះខណ្ឌ​ អ័ក្ខ​ត្រង់។ អង្គរ​វត្ត​ ទៅ​កោះកែរ ស្ថិត​នៅ​ខេត្ត​ព្រះវិហារ ហើយ​ភ្ជាប់​មក​តំបន់​សំបូរ​ព្រៃគុក រក​ឃើញ​ថា​មាន​បន្ទាត់​កែង​ ៩០ដឺក្រេ​តែម្ដង។ អ្វី​ដែល​ចម្លែក​នោះ​នៅ​ត្រង់​ថា សម័យ​ឥលូវ​គេ​ពឹង​ផ្អែក​លើ​ ជីភីអេស (GPS) ប៉ុន្តែ​សម័យ​មុន​គេ​ផ្អែក​លើ​តារា​សាស្ត្រ ដូចជា​នៅ​អេស៊ីប​ជាដើម។ តើ​កម្ពុជា​បាន​គិត​ដូចម្ដេច​អំពី​ទីតាំង»? នេះជា​អ្វី​ដែល​អ្នក​បកប្រែ​ដក​ស្រង់​សម្ដី របស់​លោក​បណ្ឌិត តាកេស៊ី ណាកាហ្គាវ៉ា។

ប្រាសាទកោះកែរ ស្ថិត​នៅ​ខេត្ត​ព្រះវិហារ
ប្រាសាទ​បេងមាលា

សូម​ជម្រាប​ជូន​ថា លោក​បណ្ឌិត ណាកាហ្គាវ៉ា បាន​ចូលរួម​ចំណែក​ជំរុញ​ការ​ផ្លាស់ប្ដូរ​ក្នុង​ផ្នែក​អប់រំ​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​តាមរយៈ​ការ​ជួសជុល​ និង​ស្ដារ​ឡើង​វិញ​នៃ​អង្គរ ជា​ពិសេស​ប្រាសាទ​បាយ័ន​ ក្នុង​នាម​លោក​ជា​ប្រធាន​ក្រុម​ រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការ​ថែ​រក្សា​ការពារ​ប្រាសាទ​អង្គរ (JSA) ចាប់​តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៤ និង​ក្នុង​នាម​ជា​ប្រធាន ​នៃ​គម្រោង​ជប៉ុន-អប្សរា​ការពារ​ប្រាសាទ​អង្គរ ចាប់​ពី​ឆ្នាំ​ ២០០៥ ព្រមទាំង​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​បច្ចេកទេស​កម្ពុជា​ជាច្រើន​រូប​សម្រាប់​គម្រោង​អង្គរ​ជាង ២៥ឆ្នាំ​មក​នេះ។

លោក​បណ្ឌិត​ ណាកាហ្គាវ៉ា ក៏​បាន​ចូលរួម​ចំណែក​លើ​ការ​ថែរក្សា​ការ​ស្ដារ​ឡើង​វិញ និង​សកម្មភាព​ស្រាវជ្រាវ​ប្រាសាទ​ព្រះវិហារ​ និង​សំបូរ​ព្រៃគុក ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ នៃ​អង្គការ​យូណេស្កូ របស់​កម្ពុជា​​ក្នុង​នាម​លោក​ជា​ប្រធាន​ក្រុម ​នៃ​សាកល​វិទ្យាល័យ​វ៉ាសេដា។

បណ្ឌិត ណាកាហ្គាវ៉ា ដែល​រួមចំណែក​ស្រាវជ្រាវ​បុរាណ​ប្រាសាទខ្មែរ បាន​ទទួល​គ្រឿង​ឥស្សរិយយស​បុគ្គល​ឆ្នើម​ពី​ព្រះចៅអធិរាជ​ជប៉ុន​ កាល​ពីពេល​ថ្មីៗកន្លង​ទៅ

អស់រយៈពេល​ ២៥ឆ្នាំ​ ដែល​លោក​បណ្ឌិត​បាន​សិក្សាស្រាវជ្រាវ​ និង​ការ​ចូលរួម​ជួសជុល​ប្រាសាទ​ខ្មែរ បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​មាន​ឥទ្ធិពល​ពី​ឥណ្ឌា​ ប៉ុន្ដែ​កម្ពុជា​មិន​បាន​ចម្លង​ផ្ទាល់​នោះទេ​ ប៉ុន្ដែ​កម្ពុជា​ចម្លង​ត្រឹម​តែ​ទស្សនៈ ហើយ​ច្នៃ​ធ្វើ​ជា​របស់​ខ្លួន​ឯង ដែល​ទៅ​ប្រទេស​ដើម​មិន​មាន​នោះទេ។ «ឥណ្ឌា​មាន​ឥទ្ធិពល​មក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ចិន​ផ្សព្វផ្សាយ​អរិយធម៌​ទៅ​តំបន់​ភាគ​ខាង​កើត។ ប្រាសាទ​ខ្មែរ​បាន​ធ្វើ​ឲ្យ​ស៊ី​គ្នា​តាមរយៈ​តំបន់​ផង និង​មាន​ភាព​ជា​ម្ចាស់​ខ្លួន​ឯងផង»។

ក្រុម​រដ្ឋាភិបាល​ជប៉ុន​ សម្រាប់​ការ​ថែរក្សា​ការពារ​ប្រាសាទ​ (JSA) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៤ ដោយ​រដ្ឋាភិបាល​ជប៉ុន​ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ UNESCO និង​មូលនិធិ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក។ ចាប់​ពី​ដំណាក់​កាល​ទី​៣ គម្រោង JSA បាន​អនុវត្តន៍​ការងារ​រួម​គ្នា​​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​បាន​ផ្ទេរ​សកម្មភាព​ដឹកនាំ​ការងារ​ដល់​បុគ្គលិក​កម្ពុជា​ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា​គម្រោង​ជប៉ុន​-អប្សរា​ការពារ​ប្រាសាទ​អង្គរ (JASA)។

ការ​ជួសជុល​ឡើង​វិញ​ត្រូវ​បាន​អនុវត្តន៍​នៅ​ប្រាសាទ​បាយ័ន​ប្រាសាទ​អង្គរ​វត្ត​ និង​ប្រាសាទ​សួព្រ័ត្រ។ អ្នក​ឯក​ទេស​ជនជាតិ​ជប៉ុន​ច្រើន​ជាង​ ១ ១០០ នាក់ មក​ពី​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នានា ត្រូវ​បាន​បញ្ជូន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​អភិរក្ស​ប្រាសាទ​មួយ​អ្នក​ជំនាញ​ និង​សិប្បករ​កម្ពុជា​ជាង ៣៥០នាក់។ ការ​គាំទ្រ​របស់​ជប៉ុន​ចំពោះ​ប្រាសាទ​អង្គរ​ គឺជា​ទស្សន​មួយ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ដឹកនាំ​សកម្មភាព​ការងារ​ជួសជុល​ប្រាសាទ​ដោយ​ខ្លួន​ឯង។ រាល់​កំណត់​ត្រា​ទាំង​ឡាយ​ស្ដីពី​សកម្មភាព​ការងារ​អភិរក្ស​ និង​ជួសជុល​ប្រាសាទ​បាន​បើក​ចំហ​ជា​សាធារណៈ​សម្រាប់​ការ​ស្រាវជ្រាវ​ដើម្បី​ផ្លាស់ប្ដូរ នូវ​គំនិត​យោបល់​ និង​ព័ត៌មាន​ផ្សេងៗ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី
;