ពីថ្ងៃនេះ អាចទិញផ្លាកលេខពិសេស ដែលក្រសួងបញ្ចុះតម្លៃរហូតដល់ ១០០%

  • 2019-08-26 02:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​​ចេញ​នូវ​ប្រកាស​អន្តរក្រសួង ស្ដី​ពី​ការ​លក់​លេខ​ចុះ​បញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុនស្រាល ដោយ​ចាប់​ពី​ថ្ងៃ​ទី ២៦ សីហា​នេះ ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​លើ​ការ​ទិញ​ផ្លាក​លេខ​ស៊េរី​ចាស់​មួយ​ចំនួន ដែល​មាន​ការ​ចុះ​ថ្លៃ​​មាន​ចាប់​ពី ៥០% ដល់ ១០០% ឯណោះ។

​​​​ចំពោះ​ការ​បញ្ចុះ​តម្លៃ​លើ​ផ្លាក​លេខ​ពិសេស​មាន​ចែក​ចេញ​ជា​ ៥ ករណី​ដូច​ខាង​ក្រោម ៖

  • ថយ​ចាប់​ពី ១ ស៊េរី ៖ បញ្ចុះ​ថ្លៃ ៥០%

  • ថយចាប់ពី ២ ស៊េរី៖ បញ្ចុះថ្លៃ ៧៥%

  • ថយចាប់ពី ៣ ស៊េរី៖ បញ្ចុះថ្លៃ ៩០%

  • ថយចាប់ពី ៤ ស៊េរី៖ បញ្ចុះថ្លៃ ៩៥%

  • ថយចាប់ពី ៥ ស៊េរីទៅ៖ បញ្ចុះថ្លៃ ១០០% (មិនគិតថ្លៃ)

ការ​ថយ​ស៊េរី​នេះ​គឺ​មាន​ន័យ​ថា​ ស្លាក​លេខ​ដែល​មាន​ស៊េរី​ទាប​ជាង​ផ្លាក​លេខ​​ដែល​ក្រសួង​កំពុង​លក់​នា​ពេល​បច្ចុប្បន្ន។ ឧទាហរណ៍​ថា​ផ្លាក​លេខ​ដែល​ក្រសួង​លក់​បច្ចុប្បន្ន​គឺ​ 2BC ហេតុ​នេះ​ បើ​ថយ​មួយ​ស៊េរី​គឺ 2BB។ ប្រសិន​បើ​ពលរដ្ឋ​សម្រេច​ទិញ​យក​ផ្លាក​លេខ​ពិសេស​នៃ​ស៊េរី 2BA ណា​មួយ នឹង​ទទួល​បាន​បញ្ចុះ​តម្លៃ ៥០% នៃ​តម្លៃ​ដើម។

ចំពោះ​ផ្លាក​លេខ​ពិសេស​នេះ​ដែរ​ គឺ​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ រួម​មាន​ លេខ​ទាំង​បួន​ខ្ទង់​ជា​លេខ​ដូច​គ្នា (លេខ​ការ៉េ), លេខ​ទាំង​បួន​ខ្ទង់​ជា​លេខ​រៀង​គ្នា​តាម​លំដាប់​ឡើង, មាន​លេខ 168 ស្ថិត​នៅ​បី​ខ្ទង់​ខាង​ចុង ឬ លេខ​ពីរ​ខ្ទង់​ខាង​ដើម និង​លេខ​ពីរ​ខ្ទង់​ខាង​ចុង​ជា​លេខ​គូ​ជា​ដើម។ តម្លៃ​ផ្លាក​លេខ​ពិសេស​មាន​កំណត់​តម្លៃ​​លក់​ខុសៗ​គ្នា​ទៅ​តាម​តំបន់។ ចង់​ដឹង​អំពី​តម្លៃ​ផ្លាក​លេខ​​ពិសេស​ អាច​ចូល​ឆែក​មើល​នៅ​លើ​គេហទំព័រ​ទិញលេខ និងចុះបញ្ជី​របស់​ក្រសួង https://vehicle.mpwt.gov.kh/​​​

ចុចអាន ៖ បើទិញលេខពិសេសថយពី ៥ ស៊េរីទៅ ក្រសួងលក់មិនគិតថ្លៃ

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;