រាជរដ្ឋាភិបាលកម្ពុជា សម្រេចទិញអគ្គិសនីផលិតដោយធ្យូងថ្ម ពីប្រទេសឡាវ
- 2019-09-11 04:08:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាលកម្ពុជា សម្រេចទិញអគ្គិសនីផលិតដោយធ្យូងថ្ម ពីប្រទេសឡាវ
ចន្លោះមិនឃើញ
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានសម្រេចអនុម័តលើ «ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០មេហ្គាវ៉ាត់ ពីប្រទេសឡាវ»។
ផែនការបន្ថែមប្រភពអគ្គិសនីដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការឲ្យបានគ្រប់គ្រាន់ ស្ថិរភាពនយោបាយ និងសន្តិភាពនៅកម្ពុជា បាននាំមកនូវការវិនិយោគផ្នែកសេដ្ឋកិច្ចដ៏ច្រើនលើគ្រប់វិស័យជាបន្ទាប់ រួចស្ថានភាពកាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ ២០១៨ បានធ្វើឲ្យសកម្មភាពវិនិយោគនេះកើនលើពេលមុនៗ ជះឥទ្ធិពលឲ្យសេចក្តីត្រូវការប្រើបា្រស់អគ្គិសនីកើនឡើងច្រើនលើសពីការគ្រោងទុក។
ដោយកំណើនសេចក្តីត្រូវការអគ្គិសនីច្រើនខុសពីការគ្រោងដូចេ្នះ ដើម្បីឲ្យការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំបន្តទៀតនៅកម្ពុជាមានសុវត្ថិភាពនិងសន្តិសុខ ក្រសួងរ៉ែ និងថាមពល បានរៀបចំការសិក្សាផែនការមេអភវិឌ្ឍវិស័យអគ្គិសនីឡើងវិញចំនួន ២ គឺ៖
១. ការសិក្សាផែនការមេបន្ទាន់សម្រាប់រយៈពេលមធ្យមពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ដែលបច្ចុប្បន្នកំពុងតែសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាឈ្មោះ Chugoku Electric Power Co., Inc មកពីប្រទេសជប៉ុន ក្នុងក្របខណ្ឌនៃថវិការបស់អគ្គិសនីកម្ពុជា។
២. ការសិក្សាផែនការមេសម្រាប់រយៈពេលវែងពីឆ្នាំ ២០២០ ដល់ឆ្នាំ២០៤០ ដែលសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាឈ្មោះ Intelligent Energy System Pty, Ltd. (IES) មកពីប្រទេសអូស្រ្តាលី ក្នុងក្រខណ្ឌជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
ក្នុងការបន្ថែមការនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាង ដោយសារតែប្រទេសវៀតណាម និងប្រទេសថៃ គឺជាប្រទេសអ្នកប្រើអគ្គិសនីច្រើន ដែលការនាំចូលអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសទាំង ២ នេះ គឺជាការរំលែងប្រភពអគ្គិសនីពីការប្រើប្រាប់របស់ប្រទេសគេ ដែលឆ្នាំខ្លះសល់ ឆ្នាំខ្លះខ្វះ ដូច្នេះចំពោះការនាំចូលអគ្គិសនី កម្ពុជាតម្រង់ទិសជាអាទិភាពទៅរកប្រទេសឡាវ ដែលជាប្រទេសអ្នកផលិតអគ្គិសនីដើម្បីលក់ចេញយកចំណូលវិញ ពីព្រោះការនាំចូលប្រភពអគ្គិសនីពីប្រទេសឡាវ ជាការនាំចូលប្រភពអគ្គិសនីមួយដែលមានលក្ខណៈអនុគ្រោះជាង ទាំងថ្លៃទាំងទំហំ និងទាំងលក្ខខណ្ឌទិញ ព្រមទាំងមានសុត្ថិវភាពយូរអង្វែងជាងផង ។
ពិតមែនតែដូចនេះក៏ដោយសារតែប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសយើងនៅមានទំហំតូចនៅឡើយ យើងនៅត្រូវការតភ្ជាប់ជាមួយប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីធំ ដូចជាប្រព័ន្ធផ្តត់ផ្គង់ប្រទេសវៀតណាម ឬប្រព័ន្ធផ្គត់ផ្គង់ប្រទេសថៃ ក្នុងកម្រិតមួយសមស្រប ដើម្បីពង្រឹងលំនឹងនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសកម្ពុជាផងដែរ៕