រដ្ឋមន្រ្តីការបរទេស​កម្ពុជា នឹង​ទៅចូលរួម​មហាសន្និបាត UN នៅក្រុង​ញ៊ូវយ៉ក

  • 2019-09-23 02:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​របស់​សម្តេច​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចពិភាក្សាទូទៅ នៃ​​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ លើកទី៧៤ ក្រោម​មូលបទ «ជំរុញកិច្ច​ប្រឹងប្រែង​ពហុភាគី​ សម្រាប់​ការ​លុប​បំបាត់​ភាព​ក្រីក្រ ការអប់រំ​ប្រកបដោយ​គុណភាព សកម្មភាព​អាកាសធាតុ និង​បរិយាប័ន្ន» និងកិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ​ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៨ ខែ​កញ្ញា ឆ្នាំ ២០១៩ ​នៅ​ទីក្រុង​ញ៊ូវយ៉ក។

​លោក​ឧបនាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ ​ផ្ដោត​លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សមិទ្ធិផលសំខាន់ៗ​ឆ្ពោះទៅគោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ និងកិច្ច​ប្រឹងប្រែង​​ឆ្ពោះ​ទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពរបស់កម្ពុជា និងសារៈ​សំខាន់​នៃ​កិច្ច​ប្រឹង​ប្រែង​រួម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាការ​ប្រែប្រួល​អាកាសធាតុ ភេរវកម្ម អំពើ​ជ្រុលនិយម​ និង​អចន្តិនិយម និងការ​គំរាមកំហែងសន្តិសុខមិនប្រពៃណី។ លោក​ក៏នឹង​រំលេច​បញ្ហា​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ពហុភាគី​និយម តួនាទី​ច្បាប់​អន្តរជាតិ ផលប៉ះពាល់​ជាអវិជ្ជមាន​នៃព័ត៌មាន​ក្លែងបន្លំ និង​បញ្ហា​តំបន់និង​អន្តរជាតិ​ដែល​មានផលប្រយោជន៍និង​ការ​ព្រួយ​បារម្ភ​រួម ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ផង​​ដែរ។ ​

ក្រៅពីអញ្ជើញចូលរួមមហា​សន្និបាតនេះ​ លោក​ឧបនាយករដ្ឋមន្ត្រី ​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ដាច់ដោយឡែកពីគ្នាជាមួយលោក ថូម៉ាស ភេទ្រីសេក (Tomas Petricek) ​រដ្ឋមន្ត្រី​ការបរទេស​នៃសាធារណរដ្ឋឆែក និង​លោក សឺរហ្គេយ ឡាវរ៉ូវ (Sergey V. Lavrov) ​រដ្ឋមន្ត្រី​ការបរទេស​នៃសហព័ន្ធរុស្ស៊ី។ លោក ប្រាក់ សុខុន​ក៏រំពឹងថានឹងមាន​ជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេស​នៃប្រទេសមួយចំនួនផ្សេងទៀត រួមទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ ​ ស្របពេល​ជាមួយមហា​សន្និបាតនេះ គណៈ​ប្រតិភូ​កម្ពុជា ក៏នឹង​ចូលរួម​៖

-កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រៅ​ផ្លូវការ​នៃ​សន្និសីទ​ស្ដីពី​អន្តរកម្ម​ និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅតំបន់​អាស៊ី (CICA)

-កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) -កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃបណ្តាប្រទេសអភិវឌ្ឍតិចតួច (LDCs)

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសដៃគូសហប្រតិបត្តិការអាស៊ី (ACD)

-កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM)

-និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (IUMM) ព្រមទាំងកិច្ចប្រជុំជាច្រើនទៀត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;