រឿង​ផ្លូវជាតិលេខ៣ ហុយខ្លាំង! រដ្ឋមន្រ្តី​សាធារណការ បញ្ជាក់​បែបនេះ

  • 2019-10-28 03:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា ចំពោះ​ផ្លូវជាតិលេខ៣ ដែលកំពុងមានការហុយដី​ខ្លាំង គឺ​លោក​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុនសាងសង់​ ស្រោចទឹកឱ្យបាន​ញឹកញាប់ ដើម្បីកាត់បន្ថយការហ៊ុយ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពេល​លោកចុះ​ត្រួតពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៩។

លោក​ទេសរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ទៅកាន់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖ «ធម្មតាតែធ្វើផ្លូវ វាត្រូវហុយហើយ ប៉ុន្តែយើងឱ្យក្រុមហ៊ុនស្រោចទឹកឱ្យបាន​ញឹកញាប់​ទៅ វាកាត់​បន្ថយ​ការហុយ​របស់យើង​ដែរ»។

កំណាត់ផ្លូវជាតិ​លេខ៣ (ភ្នំពេញ-កំពត) មាន​ប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ​ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពី​ចោមចៅ ដល់​បែកគុស ត្រូវសាងសង់ជា​ផ្លូវ ៤គន្លង និងចាប់ពី​បែកគុស ដល់ទីរួម​ខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់​ជាផ្លូវ ២គន្លង។

គម្រោងនេះ​គ្រោងចំណាយ​ថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារ​សហអាមេរិក ជាហិរញ្ញប្បទាន​សម្បទាន​ពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ​នឹងថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន ត្រួតពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាងចូវ វ៉ានអាន និង​ប្រើរយៈពេល​៤៨ខែ៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;