អ្នកវិទ្យាសាស្រ្តជប៉ុន រកឃើញភស្តុតាងដ៏សំខាន់ដែលបញ្ជាក់ថា លើភពអង្គារធ្លាប់មានជីវិតរស់នៅ
- 2019-10-28 06:39:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្រ្តជប៉ុន រកឃើញភស្តុតាងដ៏សំខាន់ដែលបញ្ជាក់ថា លើភពអង្គារធ្លាប់មានជីវិតរស់នៅ
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវជប៉ុនមកពីសាកលវិទ្យាល័យ Kanazawa បានអះអាងថា ទឹកដែលមាននៅលើភពអង្គារ កាលពី ៣,៥ពាន់លានឆ្នាំមុន គឺមានផ្ទុកអំបិល និងជាតិរ៉ែ ដែលផ្តល់នូវលក្ខខណ្ឌសមស្របសម្រាប់ជីវិតរស់នៅ។ នេះបើតាមការចុះផ្សាយរបស់ Japan Times នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។
ការអះអាងខាងលើ បន្ទាប់ពីអ្នកវិទ្យាសាស្រ្តបានវិភាគទិន្ន័យលើរូបសំណាកដែលប្រមូលដោយយាន Curiosity របស់អាមេរិក នៅលើភពអង្គារ។ គេបានរកឃើញភស្តុតាងថា ធ្លាប់មានទឹកនៅតំបន់រណ្តៅ Gale Crater លើភពក្រហមនេះ។
តាមការវិភាគបង្ហាញថា ទឹកនៅលើភពអង្គារ មានចំណុះអំបិល ប្រហែល១ភាគ៣ នៃកម្រិតទឹកសមុទ្រលើផែនដី។ វាក៏មានផ្ទុកជាតិរ៉ែច្រើនផងដែរ ដូចជា ម៉ាញេស្យូមជាដើម។
សូមជម្រាបថា យាន Curiosity របស់អង្គការ NASA បានចុះចតដំបូងគេបង្អស់លើផ្ទៃដីភពអង្គារ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២។ ក្នុងរយៈពេលជាង ៧ឆ្នាំមកនេះ យាន Curiosity បានធ្វើដំណើរលើផ្ទៃដីភពអង្គារ ២១គីឡូម៉ែត្រហើយ (ឡើងទួល ៣២៨ម៉ែត្រ) ពីកន្លែងដែលបានចុះចត។ ក្នុងនោះវាបានរកឃើញថា ភពអង្គារមានលក្ខខណ្ឌដែលអាចទ្រទ្រង់ដល់ជីវិតអតិសុខុមប្រាណ កាលពីអតីតកាល។
ទន្ទឹមនឹងនេះដែរ Curiosity កំពុងស្ថិតក្នុងដំណើរទៅតំបន់មួយដែលអ្នកវិទ្យាសាស្រ្តហៅថា «The clay-bearing unit» ពោលគឺតំបន់នេះគឺជាអូរ និងបឹង កាលពីរាប់ពាន់លានឆ្នាំមុន។ តំបន់នេះ ត្រូវបានអ្នកវិទ្យាសាស្រ្តអង្គការណាសាអង្កេតឃើញតាមរយៈយានអវកាស Mars Reconnaissance Orbiter (MRO) ជាងពីរបីឆ្នាំមុនការបាញ់បង្ហោះយាន Curiosity៕