សមត្ថកិច្ចចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងកសិកម្មនៃរដ្ឋាភិបាលនិរទេសរបស់លោក សម សេរី

  • 2019-10-31 01:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជន​សង្ស័យ ឈ្មោះធុយ វី ហៅ ធុយ ឬទ្ធី រដ្ឋមន្ត្រី​ក្រសួងកសិកម្មនៃរដ្ឋាភិបាលនិរទេសរបស់លោកសម សេរី ត្រូវបានប៉េអឹមក្រុងចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។ ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ធុយ វី ហៅ ធុយ ឬទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ស្រាវជ្រាវករណីខាងលើ រហូតឈានដល់ការបង្ក្រាបបានជាក់ស្តែង។

ជនសង្ស័យអាយុ៣០ឆ្នាំ​រូបនេះ មានស្រុកកំណើតនៅភូមិព្រៃទទឹង ឃុំភ្នំតូចស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធុយ វី ឬ ធុយ ឬទ្ធី នេះ បានចាកចេញទៅប្រទេសថៃ ដោយមានការផ្តូចផ្តើមពីឈ្មោះសម សេរី ជាមេចលនា រណសិរ្សរំដោះជាតិខ្មែរ និង ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសជាតិខ្មែរខុសច្បាប់ ហើយឈ្មោះ ធុយ វី ធ្លាប់ត្រូវបានតែងតាំង ជាអ្នកនាំពាក្យរបស់រណសិរ្សរំដោះជាតិខ្មែរ និងជារដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងរដ្ឋាភិបាលនិរទេសខុសច្បាប់របស់ សម សេរី ផងដែរ ។ .នៅក្នុងឆ្នាំ២០១៩ ឈ្មោះធុយ វី ត្រូវបាន សម សេរី តែងតាំងទៅជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសាសនា វិញ។

ឈ្មោះ ធុយ វី បានបញ្ជាក់ថា រូបគេពិតជាបានចូលរួមក្នុងសកម្មភាពរួមគំនិតក្បត់ជាមួយ ក្រុមឧទ្ទាម សម សេរី និងក្រុម អតីត CNRP ពិតប្រាកដមែន ក្នុងនោះរូបគេបានចូលរួមក្នុងការប្រជុំទទួលផែនការនានា, រៀបចំឯកសារនិងសៀវភៅដែលមានខ្លឹមសារញុះញង់បង្កឲ្យមានចលាចលក្នុងសង្គម និងបានធ្វើការផ្សព្វផ្សាយខ្លឹមសារ នយោបាយ និង ស្ថានភាពនៅក្នុងស្រុកខ្មែរ ដោយផ្តោតលើ ការរិះគន់វាយប្រហារដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តាមរយៈប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។

នៅប្រទេសថៃ ឈ្មោះ ធុយ វី និងសកម្មជននៃរណសិរ្សរំដោះជាតិខ្មែរចំនួន ៦៦នាក់ រួមនិងសកម្មជនអតីត CNRP ប្រមាណ៥០០នាក់ មានទាំងមេដឹកនាំអតីត CNRP ប្រចាំនៅខេត្តសមុទ្រប្រាកានប្រទេសថៃបានជួបជុំគ្នាដើម្បីរៀបចំផែនការ និងចាត់តាំងធ្វើសកមម្មភាព ដោយរួមទាំងការប្រមូលមូលនិធិរួមគ្នាជួយដល់ការធ្វេីដំណេីរវិលចូលស្រុករបស់ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការធ្វើរដ្ឋប្រហារ។ ឈ្មោះ ធុយ វី បានឆ្លើយបន្ថែមថា ចំពោះគូកននិងបក្ខពួករបស់ខ្លួន គឺនៅប្រទេសថៃទាំងអស់ មិនមាននៅកម្ពុជានោះទេ ហើយរូបគេតែងលួចចេញចូលមកប្រទេសកម្ពុជា តាមស្ថានភាពជាក់ស្តែងដែលអាចចូលបាន នៅពេលដែលមានកិច្ចការត្រូវធ្វេី ដេីម្បីយកទៅរាយការឱ្យ សម សេរី មុនពេលបង្ហោះតាមបណ្តាញសង្គម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;