មុនរកឃើញ! ឪពុក​សព​នារីអង់គ្លេស បាន​និយាយបែបនេះរួចហើយ

  • 2019-10-31 22:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាកសព​នារីជនជាតិអង់គ្លេស​ដែលបាន​បាត់ខ្លួន​នៅកោះរ៉ុង ឈ្មោះ Amelia Bambridge បានរកឃើញ​ហើយកាល​ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៩ នៅ​ព្រំដែន​កម្ពុជា-ថៃ ក្នុងខេត្ត​កោះកុង (ចំណុច​ថ្មអណ្តែត)។ តែយ៉ាងណា​ក៏ដោយ មុនការ​រកឃើញ​នេះ លោក Phil Bambridge ឪពុក​របស់សព បាន​និយាយ​ត្រៀមចិត្តរួចមក​ហើយថា លោកមិន​សង្ឃឹម​ថា កូនស្រីលោក​នៅរស់មាន​ជីវិតឡើយ ប៉ុន្តែយ៉ាងហោច​ក៏អាចរកឃើញ​សាកសពដែរ។

រូបថត៖ Sky News
លោក Phil Bambridge បាន​ថ្លែងក្រោយ​ពេលមក​ដល់កម្ពុជា​កាលពីថ្ងៃយប់ថ្ងៃ​អាទិត្យ​ថា៖ «**ខ្ញុំ​គ្រាន់តែសង្ឃឹម​ថា យើង​អាចរក​ឃើញ​នាង ប៉ុន្តែ​វាហាក់ដូចជាពិបាកណាស់។ ខ្ញុំមិន​មាន​សុទិដ្ឋិនិយម​សោះឡើយ លុះត្រាតែមាន​អភិនិហាកើតឡើង។ ខ្ញុំសង្ឃឹម​ថា អាភិនិហាពិតជាអាចកើតមានឡើង ប៉ុន្តែ​ខ្ញុំ​មិនគិតថា យើងនឹង​ឃើញ​នាង​ឡើយ**»។

ពាក់ព័ន្ធនឹង​ករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ បានថ្លែងប្រាប់ [ខ្លីៗ] កាលពីព្រលប់ថ្ងៃទី៣១ ខែតុលាថា លោក​មិន​ទាន់​អាចកំណត់បានថា ជាករណី​អ្វី​បាននៅឡើយទេ ដោយរង់ចាំ​ការធ្វើកោសល្យវិច័យសិន ហើយ​ឪពុកម្តាយ​ជនរងគ្រោះ នៅរង់ចាំទទួលសាកសព​ក្នុងខេត្ត​ព្រះសីហនុ។

សូម​ជម្រាប​ថា នារីដែល​បាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE (ឬ Amelia Bambridge) កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិ​អង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុង​កោះរ៉ុង នៅម៉ោង​៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់​កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបាន​ចូលស្នាក់​នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទី​យប់ ថ្ងៃខែឆ្នាំ​ដដែលក្នុងគោលបំណង​ទេសចរណ៍។

មុនបាត់ខ្លួនគេបានប្រទះឃើញ​នារីនោះលើកចុងក្រោយ​នៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀង​មួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់​ដំណឹងតែម្តង។ សមត្ថកិច្ចមូលដ្ឋាន​បានរកឃើញ​កាបូប និងសម្ភារៈមួយចំនួន​របស់នាង​នៅលើផ្ទាំងថ្ម​ជាប់ឆ្នេរ​ក្បែរកន្លែង​ធ្វើពិធីជប់លៀង​នោះផងដែរ។ ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាម​ស្វែងរកនារីរងគ្រោះ​ក្រោយទទួលដំណឹងភ្លាមៗពី​ការបាត់ខ្លួននេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;