ប្រធានាធិបតីបារាំង៖ សម្ព័ន្ធមិត្តណាតូងាប់ខួរក្បាលហើយ ដោយសារតែអាមេរិក
- 2019-11-08 04:39:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីបារាំង៖ សម្ព័ន្ធមិត្តណាតូងាប់ខួរក្បាលហើយ ដោយសារតែអាមេរិក
ចន្លោះមិនឃើញ
លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងដ៏គួរឱ្យភ្ញាក់ផ្អើលថា សម្ព័ន្ធមិត្តណាតូ បានងាប់ខួរក្បាលហើយ ដោយសារតែការខ្វះការសម្របសម្រួលយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក។ លោកថ្លែងដូច្នេះ ទៅកាន់ទស្សនាវដ្តី Economist ដែលកិច្ចសម្ភាសន៍នេះ ទើបតែចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកលើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែលយើងកំពុងជួបប្រទះ គឺការងាប់ខួរក្បាលណាតូ»។ ក្នុងនោះលោកបានសំដៅទៅលើការដកកងទ័ពរបស់អាមេរិកចេញពីភាគឦសានប្រទេសស៊ីរី កាលពីពេលថ្មីៗនេះ ហើយបានជំរុញឱ្យប្រទេសអឺរ៉ុប ពង្រឹងស្វ័យការពារឱ្យកាន់តែខ្លាំងជាងមុន។
យ៉ាងណាមិញ ការរិះគន់ពីសំណាកប្រធានាធិបតីបារាំងខាងលើនេះ ធ្វើឱ្យមានប្រតិកម្មពីមេដឹកនាំអាល្លឺម៉ង់ និងណាតូ។
លោកស្រីអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានហៅការលើកឡើងរបស់លោក Macron ជាការប្រើពាក្យធ្ងន់ពេកហើយ។ «ខ្ញុំមិនគិតថា វាចាំបាច់ត្រូវធ្វើការវិនិច្ឆ័យបែបនេះឡើយ បើទោះជាយើងមានបញ្ហា គឺត្រូវតែចូលរួមដោះស្រាយទាំងអស់គ្នា»។
លោកស្រីអះអាងថា «ណាតូ នៅតែមានសារៈសំខាន់ចំពោះសន្តិសុខរបស់យើង»។
ចំណែកអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែងព្រមានថា សហភាពអឺរ៉ុប មិនអាចការពារខ្លួន ដោយគ្មានជំនួយពីខាងក្រៅ (អាមេរិក) បានឡើយ។ លោកថា នៅពេលអង់គ្លេស ចាកចេញពី EU ការចំណាយប្រហែល ៨០% របស់ណាតូ គឺនឹងត្រូវទទួលពីប្រទេសដែលមិនមែនជាសមាជិក EU៕