ក្រសួងព្រមានដកហូតអំបិលដែលមិនបញ្ចូលជាតិអ៊ីយ៉ូត

  • 2020-01-22 03:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិក្ខាសាលា​ពិគ្រោះយោបល់​ ស្តី​ពី​ការ​រៀប​ចំ​ផែន​ការ​ផលិត​កម្ម​អំបិល​ និង​ការ​បញ្ចូល​ជាតិ​អ៊ីយ៉ូត​ក្នុង​អំបិល​សម្រាប់​ឆ្នាំ​២០២០​ ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ​ ទេសរដ្ឋមន្រី្ត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែ​មករា​ ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួង​ ។

លោក​បណ្ឌិត ចម​ ប្រសិទ្​ បានបញ្ជាក់ថា អំបិល​មានសារ:ប្រយោជន៍​សម្រាប់​មនុស្ស​ សត្វ​ និង​រុក្ខជាតិ​ទាំង​អស់​ដើម្បី​ទ្រទ្រង់រីកលូតលាស់នៃសរីរាង្គ​ ដោយ​គ្រាន់​តែ​សេចក្តី​ត្រូវ​ការ​នោះ​អាស្រ័យ​ទៅតាមសភាវ:រៀងៗ​ខ្លួន​ ។ បើយោងតាមស្តង់ដារ​ CS 548:2017 បរិមាណ​សារធាតុ​អ៊ីយ៉ូត​ មាន​ប្រមាណពី​៣០​ ទៅ​ ៤០​ មីក្រូ​ក្រាម​ ក្នុង​មួយ​គីឡូ​ក្រាម​អំបិល​ និង​មនុស្ស​ម្នាក់​ត្រូវ​បរិភោគ​ក្នុង​រង្វង់​ប្រមាណជា​១០​ ក្រាម​ ដើម្បី​ទ្រ​ទ្រង់​ដល់រាងកាយដូចជា ជួយបង្កើន​ការចងចាំ​ និងឆ្លាតវៃ ជួយ​ការពារជំងឺពកករ​ ការ​ពារ​ជំងឺ​ក្រិន​ក្រេះ​ និងជំងឺស្លេកស្លាំងរបស់មាតា​ និងទារក​ជាដើម។

លោក បានសង្កត់ធ្ងន់ថា អំបិល​ជាស្បៀងអាហារមានលក្ខណ:យុទ្ធសាស្ត្រ​ ដូច្នេះ​ការ​ថែរក្សា​ផ្ទៃ​ក្រឡាធ្វើស្រែអំបិល​ជាការចាំបាច់មួយត្រូវគិតគូ។ ក្នុងនោះ ការផលិត​ ការកែច្នៃ​និងការវេចខ្ចប់​អំបិលត្រូវគោរពតាមស្តង់ដារ​គុណភាព​ អនាម័យត្រឹមត្រូវ​ និយាយដោយខ្លី​អំបិលទាំងអស់​ មិន​ថា​អំបិល​សម្រាប់បរិភោគ​ ឬ​ អំបិល​សម្រាប់ឧស្សាហកម្ម​ សិប្បកម្ម​ ត្រូវចាប់បង្ខំឲ្យបញ្ចូលជាតិអ៊ីយ៉ូត​ចាប់ពីចុងខែមិថុនា​ឆ្នាំនេះតទៅ។

ក្នុងនោះការនាំចូលអំបិល​និងការចរាចរអំបិលលើទីផ្សារ​ ត្រូវមានការត្រួតពិនិត្យតឹងរឹង​ ហើយ​បើ​ពិនិត្យ​ឃើញថា អំបិល​មិនមានបញ្ចូលជាតិអ៊ីយ៉ូត​ បញ្ចូលមិនគ្រប់តាមស្តង់ដារ​ ឬ អំបិល​មិន​មាន​ស្លាក​សញ្ញា​បញ្ចូលជាតិ​អ៊ីយ៉ូត​ដែលទទួលស្គាល់ដោយ​ក្រសួងឧស្សាហកម្ម​និងសិប្បកម្ម ​ត្រូវ​ណែនាំ​ ដកហូត​ រឺពិន័យតាមច្បាប់​និងអនុក្រឹត្យ​ ដែលបានកំណត់រួចហើយ​។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ​ ក៏​មាន​ការ​ពិភាក្សា​លើកឡើងពីភាព​ប្រឈម​នៃ​ការ​ផលិត​អំបិល​ផង​ដែរ​ បើ​ទោះបីតាមរយ:ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ រាជរដ្ឋាភិបាល​បាន​ចេញ​គោល​នយោបាយ​លក​ទឹកចិត្ត​លើវិស័យ​ផលិតអំបិលនេះជាច្រើន​យ៉ាងណាក៏ដោយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;