ឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរបរទេសមកលេងកម្ពុជាមានចំនួនជាង ៦លាន

  • 2020-02-04 02:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសមានចំនួន ៦លាន ៦សែន ១ម៉ឺន ៥៩២ នាក់។ នេះបើយោងតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោក​បាន​បញ្ជាក់​ថា ទោះបីស្ថានភាព សេដ្ឋកិច្ចពិភពលោក បានជួបបញ្ហាប្រឈមមួយចំនួនយ៉ាងណាក្តី ក៏​កម្ពុជា​នៅ​​រក្សា​បាន​កំណើន​ភ្ញៀវទេសចរ ដោយសារតែមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ធានាបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងថាក្នុងឆ្នាំ២០១៩ នោះផងដែរ ទេសចរណ៍​កម្ពុជា​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស ចំនួន ២លាន ១ម៉ឺននាក់ ក្នុងកំណើន ២,០១% បើប្រៀបធៀបឆ្នាំ២០១៨។ លោក​បន្ត​ថា តំបន់អាទិភាព គោលដៅទេសចរណ៍អន្តរជាតិក្នុងឆ្នាំ២០១៩ គឺនៅរាជធានីភ្នំពេញ ទទួល​បាន​ទេសចរ​អន្ដរជាតិច្រើនជាងគេ បន្ទាប់មកគឺខេត្តសៀមរាប និងលំដាប់ទី៣គឺតំបន់ឆ្នេរ។

ក្នុង​ចំណោម​ទេសចរ​ជាង ៦លាន ៦សែននាក់នោះ ទេសចរជាតិចិន មាន ២លាន ៣សែន ៦ម៉ឺន ១ពាន់ ៨៤៩នាក់, ទេសចរ​វៀតណាម ៩សែន៨ពាន់៨០៣នាក់, ទេសចរថៃ ៤សែន ៦ម៉ឺន ៦ពាន់ ៤៩៣នាក់, ទេសចរឡាវ ៣សែន ៦ម៉ឺន ៣ពាន់ ៩៥១នាក់, កូរ៉េខាងត្បូង ២សែន ៥ម៉ឺន ៤ពាន់ ៨៧៤នាក់, ទេសចរអាមេរិក ២សែន ៤ម៉ឺន ៨ពាន់ ៨៦៣នាក់, ទេសចរជប៉ុន ២សែន ៧ពាន់ ៦៣៦នាក់, ទេសចរម៉ាឡេស៊ី ២សែន ៣ពាន់ ៨នាក់, ទេសចរជាតិបារាំង ១សែន ៦ម៉ឺន ៤ពាន់ ១១៧នាក់ និងទេសចរពីចក្រភពអង់គ្លេស ១សែន ៦ម៉ឺន ៣ពាន់ ១៧៧នាក់។

វិស័យទេសចរណ៍គឺជាវិស័យមួយដែលបានរួមចំណែកប្រមាណ ១២,៣% នៃ​ផលិតផលក្នុងស្រុក សរុប​របស់កម្ពុជា។ កម្ពុជានៅក្នុងឆ្នាំ២០២០ មានគម្រោងរកទេសចរឲ្យ​បាន ៧លាននាក់ ក្នុង​នោះ​ទេសចរ​ចិន នឹងរំពឹងមាន ៣លាននាក់។ រហូតនៅក្នុងឆ្នាំ២០២៥ កម្ពុជា​នឹង​រំពឹង​រក​ទេសចរ​ឲ្យបាន ១១លាន​នាក់ និងរហូត ដល់ឆ្នាំ២០៣០ នឹងរំពឹងរកទេសចរសរុប ១៥លាននាក់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;