គណៈកម្មការអឺរ៉ុប សម្រេចដកផ្នែកខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA

  • 2020-02-12 12:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មការអឺរ៉ុប នៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២០ បានសម្រេចដក​​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ "គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA)'' ពី​កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណកម្មការអឺរ៉ុប។

ការសម្រេចចិត្តនេះ នឹងប៉ះពាល់ដល់ផលិតផលមួយចំនួនដែលកម្ពុជាបាននាំចូលទៅកាន់ទីផ្សារនៅសហភាពអឺរ៉ុប ដែលរួមមានផ្នែកខ្លះនៃសម្លៀកបំពាក់និងស្បែកជើង ព្រមទាំងផលិតផលនៅក្នុងការធ្វើដំណើរ និងផលិតផលស្ករស។

ប្រភពដដែលបានបន្តទៀតថា ការសម្រេចដកនេះមានទំហំប្រហែលមួយភាគប្រាំឬ មានតម្លៃប្រមាណជា១ ពាន់លានអឺរ៉ូ នៃតម្លៃ នាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ ការសម្រេចចិត្តដកនេះនឹងចូលជាធរមាន នៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ខាងមុខ។

លោក ចូសេព្វ ប័វែល (Josep Borrell) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និងក៏ជា អនុប្រធានគណៈកម្មការអឺរ៉ុប បានមានប្រសាសន៍ថា រយៈពេល ទំហំនិងផលប៉ះពាល់នៃការបំពានសិទ្ធិរបស់កម្ពុជាទៅលើសិទ្ធិនៃការចូលរួមនយោបាយ និងសេរីភាពនៃការបញ្ចេញមតិ បានធ្វើឱ្យសហភាពអឺរ៉ុបមិនមានជម្រើសផ្សេងទៀតជាជាងការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធលើវិស័យពាណិជ្ជកម្មមកលើកម្ពុជា។

លោកបានបន្តថា ការសម្រេចចិត្តថ្ងៃនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់សហភាពអឺរ៉ុបចំពោះប្រជាជនកម្ពុជា សិទ្ធិ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ លោកបានបន្តទៀតថា ដើម្បីទទួលបានអនុគ្រោះពាណិជ្ជកម្មឡើងវិញអាជ្ញាធរកម្ពុជាចាំបាច់ត្រូវចាត់វិធានការកែសម្រួល។

ដោយឡែកលោក ហ្វីល ហូហ្គាន (Phil Hogan) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានមានប្រសាសន៍ថា “សហភាពអឺរ៉ុបប្តេជ្ញាជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាតាមរយៈការអនុគ្រោះពាណិជ្ជកម្ម។ ទោះយ៉ាងណាការគោរពសិទ្ធិមនុស្ស គឺមិនអាចចរចារបានសម្រាប់យើងទេ។ យើងទទួលស្គាល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ប៉ុន្តែការព្រួយបារម្ភដ៏ធ្ងន់ធ្ងរនៅតែមាន។ គោលបំណងរបស់យើងគឺថាអាជ្ញាធរកម្ពុជាបញ្ចប់ការរំលោភសិទ្ធិមនុស្សហើយយើងនឹងបន្តធ្វើការជាមួយពួកគេដើម្បីទទួលបាននូវលទ្ធផលនោះ"។

សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជាដែលស្មើនឹង ៤៥ ភាគរយនៃការនាំចេញរបស់កម្ពុជា ។ នេះបើតាមតួរលេខដែលគណកម្មការអឺរ៉ុបបានអះអាងនៅដោយផ្អែកលើតួរលេខកាលពីក្នុងឆ្នាំ ២០១៨។ ការនាំចេញទៅកាន់សហភាពអឺរ៉ុបពីប្រទេសកម្ពុជាបានកើនឡើងដល់ ៥,៤ ពាន់លានអឺរ៉ូនៅឆ្នាំ ២០១៨ ពោលគឺច្រើនជាងទ្វេដងនៃទឹកប្រាក់ ២,៥ ពាន់លានអឺរ៉ូដែលបានកត់ត្រាក្នុងឆ្នាំ ២០១៣។ ទំនិញកម្ពុជា ប្រមាណជា ៩៥,៧ ភាគរយនៃការនាំចេញ បានចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយសារតែការអនុគ្រោះពន្ធ ដែលមានតម្លៃសរុប ៥,២ ពាន់លានអឺរ៉ូ ក្នុងចំណោមទំនិញកម្ពុជានាំចូលមានតម្លៃសរុប ៥,៤ ពាន់លានអឺរ៉ូ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;