សម្តេច ហ៊ុន សែន៖ ផ្លូវភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅឧត្តរមានជ័យ ជាផ្លូវយុទ្ធសាស្រ្តការពារជាតិ
- 2020-02-27 03:13:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ ផ្លូវភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅឧត្តរមានជ័យ ជាផ្លូវយុទ្ធសាស្រ្តការពារជាតិ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៨ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពីព្រោះផ្លូវនេះបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅនឹងខេត្តឧត្តរមានជ័យ ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយឆ្លងកាត់ទីក្រុងប៉ោយប៉ែត ដែលជាទីក្រុងដ៏មានសក្តានុពល និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏សំខាន់។ សម្តេចថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចបន្តថា ផ្លូវជាតិនេះ អាចសម្រួលដល់ការផ្លាស់ប្តូរផលិតផល សកម្មភាពពាណិជ្ជកម្ម និងសុខាភិបាល រវាងប្រជាពលរដ្ឋថៃ និងកម្ពុជា ហើយក៏អាចសម្រួលដល់វិស័យទេសចរណ៍ពីប្រទេសថៃមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះមានប្រវែងសរុបចំនួន ១៧៤,១៦គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែត ផ្លូវជាតិលេខ៥ ត្រង់គ.ម ៣៩៩+៩០០ (ខេត្តបន្ទាយមានជ័យ) ដល់ឃុំផ្អុង ផ្លូវជាតិលេខ៦៨ ត្រង់គ.ម១០១+៥០០(ខេត្តឧត្តរមានជ័យ )។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុបខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ចំនួន ១២២,៩៨លានដុល្លាសហរដ្ឋអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងចំណាយរយៈពេលសាងសង់ចំនួន៤៣ខែ៕
រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន