ស្រ្តីជាប់ឃុំដែលមានកូននៅជាមួយហើយស្លាប់នៅអាយុ៥ខែ ត្រូវបានដោះលែង

  • 2020-02-28 04:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោមកិច្ចអន្តរាគមន៍ជំនួយផ្នែកច្បាប់របស់ក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្រ្តីជាប់ឃុំដែលមានកូននៅជាមួយហើយស្លាប់នៅអាយុ៥ខែ ត្រូវបានដោះលែងឱ្យមានសេរីភាពចេញពីពន្ធនាគារហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ចំណែកឯទោសដែលនៅសល់ត្រូវព្យួរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានស្ដីពីការស្លាប់របស់ទាយិកាអាយុ ៥ខែ ដែលរស់នៅជាមួយម្ដាយនៅមណ្ឌលអប់រំកែប្រែទី២ នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានចាត់ក្រុមការងារស៊ើបអង្កេតចុះធ្វើការស៊ើបអង្កេតដោយផ្ទាល់នៅនឹងកន្លែងនិងសម្រេចផ្ដល់មេធាវីការពារក្តីតាមការស្នើសុំរបស់ស្ត្រីជាប់ឃុំដែលជាម្ដាយទាយិកាដោយឥតគិតថ្លៃកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។

ក្រោមកិច្ចអន្តរាគមន៍ជំនួយផ្នែកច្បាប់របស់ក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជា តុលាការបានបើកសវនាការលើសំណុំរឿងនេះ នឹងប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៨ខែ ១០ថ្ងៃ ហើយទោសដែលនៅសល់ត្រូវអនុវត្តទោសព្យួរធម្មតាពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។។

ប្រភពដដែលបានបន្តថា ក្រោមកិច្ចអន្តរាគមន៍និងសម្របសម្រួលពីក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជាជាមួយតំណាងអយ្យការ និងពន្ធនាគារនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះស្ត្រីជាប់ឃុំត្រូវបានដោះលែងឲ្យមានសេរីភាពដោយទោសក្នុងពន្ធនាគាររយៈពេល ៨ខែ ១០ថ្ងៃត្រូវបានអនុវត្តចប់ដោយគិតចាប់ពីថ្ងៃដែលឃុំខ្លួនហើយទោសនៅសល់ត្រូវព្យួរ។

គណៈកម្មការសិទ្ធិមនុស្សកម្ពុជាស្វាគមន៍នូវការសម្រេចរបស់តុលាការនិងសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធរួមមាន ពន្ធនាគារ ស្ថាប័នអយ្យការ និងតុលាការដែលបានផ្ដល់នូវកិច្ចសហការតាមការស្នើសុំរបស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ក្នុងដំណើរការនៃការស៊ើបអង្កេតនិងការពន្លឿនដំណើរការនៃក្នុងរឿងតាមនីតិវិធីច្បាប់។

គណៈកម្មការសិទ្ធិមនុស្សកម្ពុជាសង្ឃឹមថា ស្ត្រីជាប់ឃុំដែលត្រូវបានដោះលែងឲ្យមានសេរីភាពនឹងខិតខំកែប្រែកសាងខ្លួនឈប់ពាក់ព័ន្ធជាមួយគ្រឿងញៀននឹងក្លាយជាពលរដ្ឋល្អក្នុងសង្គម។

គណៈកម្មការសិទ្ធិមនុស្សកម្ពុជានឹងបន្តតាមដាននិងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើករណីផ្សេងៗទៀតពាក់ព័ន្ធនឹងស្ត្រីជាប់ឃុំដែលមានកូនចៅនៅជាមួយក្នុងពន្ធនាគារដើម្បីធានាថាសិទ្ធិរបស់ពួកគេរួមទាំងកុមារដែលនៅជាមួយត្រូវបានធានានិងការពារស្របតាមបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិនិងគោលការណ៍មនុស្សធម៌។

ទាក់ទងករណីខាងលើនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតទៅលើករណីទារកអាយុ ៥ខែម្នាក់ រស់នៅជាមួយម្ដាយដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ប្រាប់ [ខ្លីៗ] នៅក្រៅពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ថា ៖ «ករណីនឹងយើងត្រូវតែធ្វើការស៊ើបអង្កេតហើយ មិនចាំបាច់គាត់ (អង្គការលីកាដូ) អំពាវនាវ ក៏យើងត្រូវតែស៊ើបអង្កេតដែរ»។

សូមជម្រាបថា ទារកអាយុ៥ខែម្នាក់រស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។

ការស្លាប់ដ៏ខ្លោចផ្សារនេះបង្ហាញពី តម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។ ស្រ្តីជាម្ដាយក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ បន្ទាប់ពីរងការចោទប្រកាន់ពីអាជ្ញាធរថាបានកាន់កាប់កញ្ចប់ថ្នាំញៀនប្រភេទមេតាហ្វេតាមីនដែលមានតម្លៃត្រឹមតែមួយម៉ឺនរៀលឬ ២,៥ដុល្លារ។ អ្នកស្រីមិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំផងដែរ។ អ្នកស្រីមានផ្ទៃពោះ ៨ខែ នៅពេលត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;