បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប រកឃើញមានវីរុស កូវីដ-១៩

  • 2020-03-07 11:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាជំងឺ Covid-19 នៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល។ នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបង្ហាញអំពីលទ្ធផលដែលរកឃើញអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនដែលមានមេរោគ Covid-19 គឺក្នុងចំណោមអ្នកប៉ះពាល់ផ្ទាល់ចំនួន៤នាក់ បានរកឃើញម្នាក់មានវិជ្ជមាន Covid-19។

លោក ម៉ម ប៊ុនហេង ថ្លែងក្នុងសន្និសីទកាសែត
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសជនជាតិជប៉ុន គឺជាធុរជនធ្វើដំណើរច្រើនប្រទេសដូចជា ប្រទេសហ្វីលីពីន ឆ្លងកាត់ប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាមផងដែរ។ ភា្លមៗនោះក្រសួងសុខាភិបាលបានចាត់វិធានការតាមរយៈមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយ​មានការសហការពីអាជ្ញាធរខេត្ត ធ្វើការស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ដែលជាលទ្ធផលគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ បានរកឃើញដូចតទៅ៖

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនមានវិជ្ជមានកូវីដ Covid-19 មានចំនួន០៤នាក់ (ស្រី២នាក់ ប្រុស២នាក់) មានអាយុចន្លោះពី ១៩ឆ្នាំទៅ៣៨ឆ្នាំ។ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន មានវិជ្ជមាន Covid-19 ជាស្ត្រីជនជាតិជប៉ុនចំនួន១នាក់ និងបីនាក់ដែលជាក្រុមគ្រួសាររបស់បុរសអាយុ៣៨ឆ្នាំ ដែលបច្ចុប្បន្ននេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បាននាំពួកគាត់ឲ្យមកកាន់បន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោករដ្ឋមន្ត្រីបន្តថា អ្នកប៉ះពាល់ដោយប្រយោលមានចំនួន ៤០នាក់ (ស្រី២៥នាក់ និងប្រុស១៥នាក់) ដែលមានអាយុចន្លោះពី១៩ឆ្នាំដល់៤០ឆ្នាំ។ អ្នកដែលប៉ះពាល់ផ្ទាល់ទាំង៤នាក់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាច់ឲ្យនៅបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យខេត្តសៀមរាប។ ទោះជាពួកគាត់មិនមានចេញរោគសញ្ញាក៏ពិតមែន ក្រសួងសុខាភិបាល នៅល្ងាចម៉ោងថ្ងៃដដែល (៦មីនា) បានណែនាំឲ្យយកសំណាកវត្ថុវិភាគពីបុគ្គលទាំង៤នាក់នេះ មកធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ រហូតដល់ម៉ោង១២:៥០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ក្រសួងទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាវិញថា បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុន អាយុ៤០ឆ្នាំ មានវិរុស Covid-19 នោះ មានលទ្ធផលវិជ្ជមាន Covid-19។ រីឯបីនាក់ទៀត (ស្រី២នាក់ ប្រុស១នាក់) មានលទ្ធផកលអវិជ្ជមាន Covid-19 នៅត្រឹមថ្ងៃដែលធ្វើតេស្ត។ ហើយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើសុខភាពរបស់អ្នកទាំងបីនាក់នេះ នៅក្នុងរយៈពេល១៤ថ្ងៃទៀត។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា “ដោយឡែកបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលមានវិជ្ជមាន Covid-19 នេះ ត្រូវបានដាក់ដោយឡែកពីគេ ហើយបន្តការព្យាបាលដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត។ អ្នកដែលប៉ះពាល់ផ្ទាល់រកឃើញចំនួន៤នាក់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ បន្ថែមទៀតនោះ ក៏ស្ថិតនៅក្រោមការតាមដានដោយម៉ត់ចត់ពីក្រុមគ្រូពេទ្យនៅខេត្តសៀមរាបនោះដែរ”។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកំពុងបន្តតានដានស្ថានភាពនៃជំងឺនេះនៅក្នុងប្រទេស ដោយមានការប្រឹក្សាសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទថ្មី
;