គ.ជ.ប រៀបចំកំណែទម្រង់ការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវប្រសិទ្ធភាព

  • 2020-03-10 02:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ដើម្បី​ឱ្យប្រព័ន្ធនៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា កាន់តែទទួលបានភាពជឿជាក់ និង​មាន​ការ​គាំទ្រ​មកលើស្ថាប័ន គ.ជ.ប កាន់តែខ្លាំងថែមទៀត គ.ជ.ប បាន​រៀបចំ​ផែនការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពបញ្ជីបោះឆ្នោត ការ​ចុះបញ្ជីគណបក្សនយោបាយ និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។ ការថ្លែងបញ្ជាក់នេះ ក្នុង​ពិធី​បិទ​វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប នៅវិទ្យាស្ថានជាតិអប់រំ កាល​ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

លោកបានបន្តថា ការកែទម្រង់ទាំងនោះមានគោលដៅ និងចក្ខុវិស័យ ដូចខាងក្រោម៖

១. អំពីការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រៈ ចាប់ពីឆ្នាំ២០១៦ មក គ.ជ.ប បានដាក់ឱ្យអនុវត្តការចុះឈ្មោះបោះឆ្នោត និង​រៀបចំ​បញ្ជី​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ជា​ប្រព័ន្ធទំនើប ហើយកម្មវិធីនេះទទួលបានតម្លាភាព ប្រសិទ្ធភាព និង​មាន​ផលវិជ្ជមាន​ដូច​ជា៖ ការធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែល​មាន​តែមួយ​គត់​ក្នុង​បញ្ជីបោះ​ឆ្នោត តាម​រយៈការរក្សាទុកស្នាមខ្ចៅដៃ រូបថត លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង​អត្តលេខ​របស់​សាមីខ្លួន ក្នុងប្រព័ន្ធកុំព្យូទ័រ និងបញ្ជីបោះឆ្នោត។ ធានាថា អ្នក​បោះឆ្នោត​ម្នាក់ៗ​មាន​ឈ្មោះ​តែ​មួយគត់​នៅ​ក្នុងបញ្ជីបោះឆ្នោត។ ធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព។ ងាយ​ក្នុង​ការ​ស្វែង​រក​ឈ្មោះ ទិន្នន័យ និង​ទីតាំង​ការិយាល័យ​របស់​អ្នក​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ គេហទំព័រ គ.ជ.ប ឬទូរស័ព្ទដៃ (Mobile App)។ ធ្វើ​ឱ្យកាន់​តែ​មាន​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​បោះ​ឆ្នោត និងលើ គ.ជ.ប។

២. ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតៈ តាមការអនុវត្តកងន្លងមក ការ​ចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតបានចុះដោយដៃ គ្មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ត្រឹម​ត្រូវ ធ្វើឱ្យ គ.ជ.ប ជួបប្រទះបញ្ហាប្រឈមជាច្រើន ហេតុ​ដូច្នេះ​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេលខាងមុខ គ.ជ.ប នឹង​រៀបចំ​ឱ្យមាន​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​អន​ឡាញ។

កម្មវិធីនឹងទទួលបានផលវិជ្ជមានដូចជា៖ ចំណេញពេលវេលាទាំងគណបក្សនបាយ និងមន្ត្រីរៀបចំការបោះឆ្នោត។ ងាយស្រួលក្នុងការពិនិត្យ ផ្ទៀង​ផ្ទាត់ និងការគ្រប់គ្រងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ។ ធានាថា ឈ្មោះ​និង​ទិន្នន័យ​របស់​បេក្ខជន​ពិត​ជាត្រឹមត្រូវ ដោយសារឈ្មោះ និង​ទិន្នន័យ​ទាំង​នោះ​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ផ្លូវការ​របស់ គ.ជ.ប។ ធានាថា បេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះលើសពីមួយមណ្ឌលបោះឆ្នោត។ ធានាថា បេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះជាបេក្ខជនឱ្យគណបក្សនយោបាយលើសពីមួយ។ ធានា​ថា បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​កំណត់​សម្រាប់​ឈរ​ឈ្មោះ​បោះ​ឆ្នោត ជាដើម។

៣. ការបោះឆ្នោត ការរាប់ការសន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតៈ ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​នៃដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប នឹងពង្រឹងវិសាលភាពមុខងារនៃ កម្មវិធីបញ្ចូល បញ្ជូន ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត​បឋមតាម​ប្រព័ន្ធកុំព្យូទ័រ​ទៅ​ជា​កម្មវិធី​ត្រួត​ពិនិត្យ ផ្ទៀង​ផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធតែមួយ ដោយ​ក្តោប​យក​ទាំង​លទ្ធផល​បឋម​ដែលត្រូវប្រកាសផ្សាយនៅថ្ងៃបោះឆ្នោត ទាំង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត។ គោលការខាងលើនេះ នឹងទទួលបានផលវិជ្ជមានជាអាទិ៍៖

ការចេញឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជូនដល់អ្នកបោះឆ្នោតដែលបានបាត់ ឬ​ខូច​ហើយ​មិន​ទាន់​បានទទួលធ្វើថ្មីជំនួស ដោយ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​ប្រភេទថ្មី​ដែល​បាន​ប្រើ​នា​ពេលចុះឈ្មោះបោះឆ្នោត ហើយបានរក្សាទុកក្នុងទិន្នន័យ គ.ជ.ប ស្រាប់។ រាល់​ការ​កែតម្រូវ​ទិន្នន័យ​មាន​រក្សាទុកជាឯកសារកាលប្បវត្តិដោយស្វ័យប្រវត្តិ។ ការ​ផ្សព្វផ្សាយ​លទ្ធផល​បោះឆ្នោត​មាន​ភាព​ទូលំទូលាយ ទាន់ពេលវេលា នៅលើគេហទំព័រផ្លូវការ គ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និង​បណ្តាញ​សង្គមនានាដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប ។ កាត់​បន្ថយ​បណ្តឹង​ច្រើន​ដែល​អាច​កើត​មាន​ឡើង ជាដើម៕

អត្ថបទ៖ កុសល

;