លោក ថោង ខុន៖ បុណ្យទន្លេ ត្រូវផ្ដល់ឱកាសឱ្យពលរដ្ឋលក់ដូរទំនិញ និងចំណីអាហារឱ្យបានច្រើន

  • 2020-03-13 01:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករ​ចូលរួម​លក់ដូរទំនិញ ចំណីអាហារ ផលិតផលសិប្បកម្មក្នុងខេត្តឱ្យបានច្រើន ដែល​ប្រការ​នេះ​អាជ្ញាធរ​មិន​ត្រូវ​មាន​ការហាមឃាត់ចំពោះពួកគាត់នោះឡើយ ប៉ុន្តែ​ក៏ត្រូវ​រៀចំ​ឱ្យ​មាន​សណ្ដាប់ធ្លាប់​ល្អ​ក្នុង​ការ​លក់​ដូរ​របស់​ពួកគាត់ផងដែរ។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ត្រៀមរៀប​ចំពិធី​បុណ្យ​ទន្លេ​លើកទី៦ កាល​ពីថ្ងៃទី១២ ខែមីនា នៅសាលាខេត្តបាត់ដំបង។

រូបភាព៖ ក្រសួងទេសចរណ៍
នាឱកាសនោះ លោក​រដ្ឋមន្ត្រី​បាន​ដាក់​ទិស​ដៅ​គ្រប់​មុខ​ព្រួយ​ដែល​ត្រូវ​ចូល​រួម​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ​នេះ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ទេសចរណ៍នេះប្រព្រឹត្តទៅដោយរលូន ក្នុង​នោះ​មាន​ការ​ងារ​ត្រៀម​ព្រឹត្តិការណ៍កីឡា ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ ការពង្រឹងផ្នែកសន្តិសុខ សណ្ដាប់​ធ្លាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ការអញ្ជើញចូលរួមរបស់សម្ដេច ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាក់ដឹកនាំ និងគណៈប្រតិភូនានា។

ជាមួយគ្នានោះ រដ្ឋមន្ត្រីបានបញ្ជាក់ទៅកាន់ក្រុមការងាររៀបចំថា មិន​ត្រូវ​ហាម​ឃាត់​ប្រជាពលរដ្ឋ​ដែល​មក​លក់​ដូរទំនិញ ចំណីចំណុក ម្ហូបអាហារ ផលិតផល​សិប្បកម្ម​ដែល​ធ្វើ​បាន​ក្នុង​ខេត្ត​នោះ​ឡើយ ប៉ុន្តែ​ក៏ត្រូវរៀបចំការលក់ដូររបស់ពួកគាត់ឱ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវផងដែរ។ លោក​បាន​បន្តថា ការរៀបចំពិធីបុណ្យទន្លេ ឬពិធីបុណ្យសមុទ្រ គឺមិនត្រឹមតែចង់ឱ្យប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចូល​រួមទស្សនាកម្សាន្តប៉ុណ្ណោះទេ តែក៏​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូល​រួម​លក់​ដូរ​ផលិតផល​របស់​ខ្លួនជាអាទិភាពផងដែរ។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣-១៥ ខែ​មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិ ទន្លេនៃវិបុលភាព»៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;