អនុក្រឹត្យថ្មី៖ កំហុសទាំងនេះ ធ្វើឱ្យអ្នកបើកឡានរងពិន័យពី ៧ម៉ឺន៥ពាន់ ទៅ ២២ម៉ឺន៥ពាន់រៀល
- 2020-03-20 07:25:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុក្រឹត្យថ្មី៖ កំហុសទាំងនេះ ធ្វើឱ្យអ្នកបើកឡានរងពិន័យពី ៧ម៉ឺន៥ពាន់ ទៅ ២២ម៉ឺន៥ពាន់រៀល
ចន្លោះមិនឃើញ
យោងតាមអនុក្រឹត្យ ស្តីពី ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ត្រង់មាត្រា៧ថ្មី បានសរសេរថា៖
I. ត្រូវពិន័យអ្នកបើកបរយានយន្តធុនស្រាលនូវទឹកប្រាក់ចំនួន ៧៥០០០រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល ចំពោះអំពើល្មើសដូចខាងក្រោម៖
១. បើកបរមិនបានយកភ្ជាប់តាមខ្លួននូវឯកសារដើមរួមមាន បណ្ណបើកបរយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូន។
២. បើកបរដោយមិនពាក់ខ្សែក្រវាត់សុវត្ថិភាព។
៣. ឈប់ ឬចតល្មើសនឹងមាត្រា២៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៤. បើកបរដោយកុងទ័រល្បឿនមិនដំណើរការ។
៥. បើកបរដឹកអ្នកដំណើរលើសចំណុះល្មើសនឹងចំណុចទី៨ មាត្រា៨ថ្មី និងចំណុចទី៦ នៃមាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៦. អ្នកបើកបរយានយន្តធុនធ្ងន់យានយន្តុបករណ៍យានយន្តសណ្តោងរឺម៉ក់ ឬសីមីរឺម៉ក់បិទស្លាកសញ្ញាចាំងពន្លឺខុសបទដ្ឋានកំណត់ ឬមិនមានបិទស្លាកសញ្ញាចាំងពន្លឺ។
II.ត្រូវពិន័យអ្នកបើកបរយានយន្តធុនស្រាលទឹកប្រាក់ចំនួន ១២ម៉ឺនរៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ទឹកប្រាក់ចំនួន ២២ម៉ឺន ៥ពាន់រៀល ចំពោះអំពើល្មើសដូចខាងក្រោម៖
១. បើកបរប្រើទូរសព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
២. បើកបរប្រើសញ្ញាសូរស័ព្ទមិនត្រឹមត្រូវតាមប្បញ្ញត្តិច្បាប់។
៣. បើកបរដោយដាក់តាំងភ្លើង និងភ្លើងសញ្ញានៃយាន មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៤. បើកបរដោយគ្មានផ្លិតទឹកជូតកញ្ចក់មុខ ឬផ្លិតទឹកជូតកញ្ចក់មុខមិនដំណើរការ ឬកញ្ចក់មុខ ឬកញ្ចក់ក្រោយមានប្រេះស្រាំ ដែលលំបាកមើលផ្លូវ ឬគ្មានកញ្ចក់មើលក្រោយ។
៥. បើកបរមានប៊ូឡង់កង់ ឬអេគ្រូកង់មិនគ្រប់តាមចំនួនកំណត់នៃប្រភេទរថយន្តនីមួយៗ។
៦.បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
៧. បើកបររថយន្តធ្វើអាជីវកម្មផ្ទាល់ខ្លួនដឹកអ្នកដំណើរ ឬដឹកទំនិញ គ្មានសញ្ញាសម្គាល់បញ្ជាក់អំពីទំហំទម្ងន់រថយន្ត ទម្ងន់ផ្ទុក ចំណុះផ្ទុក ចំនួនភ្លៅ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ។
៨. បើកបរល្មើសនឹងបែបបទនៃការសណ្តោងយានដូចមានចែងក្នុងមាត្រា១៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
៩. បើកបរដោយមិនបានប្រើភ្លើងសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណជាដំណឹង ក្នុងករណីដែលយានយន្តខូចមិនអាចរំកិលចេញពីទ្រូងផ្លូវបាន។
១០. បើកបររថយន្តដឹកទំនិញមានគ្រោះថ្នាក់គ្មានសញ្ញាសម្គាល់ ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ៕