សម្តេច ស ខេង៖ ការសួរ​សុខទុក្ខ​អ្នក​ជាប់ឃុំ នឹង​ត្រូវផ្អាក

  • 2020-03-21 01:35:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19) បានដឹកនាំកិច្ចប្រជុំត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្ន២០២០ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ មកដល់ពេលនេះបានរីករាលដាលពេញពិភពលោក ហើយសម្រាប់កម្ពុជា ក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុកជំងឺនេះដែរ។

សម្ដេចបន្តថាក្រសួងមហាផ្ទៃ បានបន្តអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងជំនាញគឺក្រសួងសុខាភិបាល ដោយបានយកចិត្តទុកដាក់ទប់ស្កាត់ការពារជំងឺនេះតាំងពីដើមទីមក តាមរយៈការណែនាំឱ្យមន្ត្រីទាំងអស់ក្នុងក្រសួងត្រូវមានអនាម័យ មានការវាស់កំដៅ ពោលគឺបើមានកំដៅមិនធម្មតាមិនអនុញាតឱ្យចូលរួមកិច្ចប្រជុំនានានោះឡើយ។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ថា នៅក្នុងផ្ទៃក្នុងក្រសួង ក៏បានណែនាំជាលាយលក្ខណ៍អក្សរ ប្រុងប្រយ័ត្នការពារ អនាម័យតាមការិយាល័យធ្វើការដែរ ហើយសម្រាប់អង្គភាពដោយឡែកៗ ដូចជាអង្គភាពខាងពន្ធនាគារ ដើម្បីការពារកុំឱ្យឆ្លងដល់អ្នកជាប់ឃុំក៏ក្រសួងបានគិតគូរដែរ។ សម្ដេចបានបន្ថែមថា នឹងផ្អាកជាបណ្ដោះអាសន្នការសួរសុខទុក្ខអ្នកជាប់ឃុំ ហើយអ្នកដែលទើបឃាត់ខ្លួនថ្មីៗក៏ត្រូវបានគិតសម្រាប់ការរៀបចំទុកដាក់ពួកគាត់ ដើម្បីកុំឱ្យឆ្លងដល់អ្នកជាប់ឃុំផ្សេងទៀតដែរ។

សម្ដេចក្រឡហោម ស ខេង បានបន្តថា កងអន្តរាគមន៍ដែលជាកន្លែងប្រមូលផ្ដុំកងកម្លាំងក៏ត្រូវបានណែនាំឱ្យអនុវត្តវិធានការការពារជំងឺកូវីដ១៩។ បន្ថែមពីនេះក្រសួងក៏បានណែនាំឱ្យបិទសាលាចំណុះទាំងអស់ ទាំងសាលាបណ្ដុះបណ្ដាលនគរបាលតាមភូមិភាគទាំង៦ និងបណ្ឌិត្យសភានគរបាល។

សម្ដេចបានបន្តថាក្រសួងមហាផ្ទៃក៏បានបង្កើតគណៈកម្មការដោយឡែកសម្រាប់ក្រសួង និងមានក្រុមការងារតាមអគ្គនានា ព្រមទាំងផ្សព្វផ្សាយដល់មន្ត្រីបុគ្គលិកទាំងអស់ក្នុងក្រសួងមហាផ្ទៃ។ដោយឡែក​សាលាផ្នែកស៊ីវិលបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលមូលដ្ឋានក៏ត្រូវបានសម្រេចឱ្យផ្អាកដូចគ្នា។

ចំណែកការគាំទ្ររដ្ឋបាលមូលដ្ឋាន សម្ដេចក៏បានចេញគោលការណ៍ណែនាំឱ្យមានការរៀបចំផ្ទាំងផ្សព្វផ្សាយនានា ដើម្បីចែកយកទៅបិទនៅតាមសាលាឃុំសង្កាត់ និងទីប្រជុំជននៅមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ពីការយកចិត្តទុកដាក់ចំពោះច្រកផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ សម្ដេចបានមានប្រសាសន៍ជំងឺនេះភាគច្រើនចូលកម្ពុជាតាមច្រកអាកាស និងច្រកទឹក ដូចជាតាមកាប៉ាល់ពីវៀតណាម។

សម្ដេចក្រឡាហោមបានលើកឡើងថា កន្លងមកអាចមានការចោទសួរថា ម្ដេចបានជានគរបាលអន្តោប្រវេសន៍ឱ្យជនទាំងនោះចូលតាមច្រកទឹក ឬអាកាសស្រួលម្លេះ? សម្ដេចផ្ដល់ការពន្យល់ជូនសាធារណៈមតិថា ជាការពិត ព្រោះកន្លងមកមន្ត្រីអន្តោប្រវេសន៍មិនបានទទួលការណែនាំណាមួយពីខាងក្រសួងសុខាភិបាល ដូចជាគោលការដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃនោះទេ។ សម្ដេចបានមានប្រសាសន៍ថាអ្នកដែលបានរកឃើញថាមានឆ្លងជំងឺពីម៉ាឡេ គឺបានឆ្លងចូលប្រទេសកម្ពុជាតាំងពីដើមខែមីនា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;