ប៉ូលិស​បង្ក្រាប​ទីតាំង​នាំចូល-ចែកចាយ​មេតាណុល​បន្លំ​ជាអាកុល​ជាង៤ពាន់​លីត្រ

  • 2020-03-23 00:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ច​បានធ្វើការបង្ក្រាបទីតាំងនាំចូល និងចែកចាយមេតាណុល (ផលិតជាអាកុល) គ្មានច្បាប់អនុញ្ញាតដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ នៅក្នុងការការបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញមេតាណុលប្រមាណជាង ៤ពាន់លីត្រ។ ទីតាំងនាំចូល និងចែកចាយមេតាណុល ស្ថិតផ្ទះលេខ ២៤បេ ផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ដោយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលពីមន្ដ្រីក្រសួងសុខាភិបាលនិងមន្ដ្រីស្ដង់ដាជាតិកម្ពុជានៃក្រសួងឧស្សាហ៍កម្មនិងសិប្បកម្ម និងមន្ដ្រីអាជ្ញាធមូលដ្ឋាននិងមានការសម្របសម្រួលដោយលោកសាយ ណារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានថ្លែងប្រាប់ [ខ្លីៗ] ថា ដោយមានការដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច គឺកម្លាំងរបស់យើងបានចុះទៅផ្ទះលេខ ២៤បេ ផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ដែលបាននាំចូលនិងស្តុកមេតាណុល និងបូមលាយចែកចាយដោយគ្មានច្បាប់អនុញ្ញាត។ ហើយការចែកចាយនេះ នៅពេលដែលប្រជាពលរដ្ឋយកទៅប្រើប្រាស់ បច្ចុប្បន្នដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែជួបបញ្ហាមេរោគកូវីដ១៩ (Covid-19) យកទៅធ្វើការលាងសម្អាតដៃវាអាចមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋ ពីព្រោះវាជាមេតាណុល មិនមែនជាអាកុល ហើយប្រជាពលរដ្ឋមិនបានដឹង។

លោកបានបញ្ជាក់ថា ការលាងដៃដោយមេតាណុល ទី១. មេរោគមិនងាប់ ទី២. មានហានិភ័យចំពោះសុខភាព ពីព្រោះមេតាណុលវាជាថ្នាំពុល ជាគីមី មិនមែនជាអេតាណុលសម្រាប់បម្រើឲ្យវិស័យសុខាភិបាលទេ ពីព្រោះមេតាណុលនេះ វាបម្រើឲ្យវិស័យឧស្សាហកម្ម។ ហើយការបង្ក្រាបនេះ បានចំនួនប្រមាណ ៤២០០លីត្រ។ ហើយមិនមានការឃាត់ខ្លួនមនុស្សទេ ដោយរង់ចាំឲ្យម្ចាស់ទីតាំងទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីសាកសួរ។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា មិននឹងទិញអាកុលយកទៅប្រើប្រាស់ឲ្យចេះពិនិត្យមើល ព្រោះអាកុលមានក្លិន មេតាណុលមិនមានក្លិនទេ ពោលគឺនៅពេលបាញ់មេតាណុលលើដៃ គឺមេតាណុលនឹងស្ងួតភ្លាម រីឯអាកុលនៅពេលបាញ់លើដៃ គឺនៅសើមប្រមាណ៣វិនាទីទៅ៥វិនាទីបានស្ងួត និងសូមឲ្យមានការប្រុងប្រយ័ត្ន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;