សម្តេច ហ៊ុន សែន៖ កិច្ចការសំខាន់៣ ដែលត្រូវធ្វើក្នុងដំណាក់កាលទី២ នៃកូវីដ១៩

  • 2020-03-25 07:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈការវិវត្តនៃជំងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី ២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចបានជំរុញអោយអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវប្រមូលការខិតខំចុះមូលដ្ឋានដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះ នៅតាមស្រុកភូមិឲ្យប្រជាពលរដ្ឋយើងបានដឹង ជាពិសេសអ្នកដែលទើបមកពីក្រៅប្រទេស។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុងពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០ នេះ។

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន
សម្តេចបន្តថា ក្នុងដំណាក់កាលទី ២នេះយើងមានកិច្ចការសំខាន់៣ គឺ៖

កិច្ចការទី១) គឺត្រូវទប់ស្កាត់ការរីករាលដាលអ្នកមកពីក្រៅប្រទេស។ សម្តេចបានបញ្ជាក់ថា ជនជាតិបរទេសទាំងអស់ដែលកើតជម្ងឺនេះនៅកម្ពុជាត្រូវបានទទួលការព្យាបាលដោយមិនគិតថ្លៃនោះទេ។ ជាមួយគ្នានេះផងដែរ កម្ពុជាមិនត្រូវការជម្លៀសនិស្សិតដែលកំពុងសិក្សានៅក្រៅប្រទេសឡើយ។ ត្រូវមានការគ្រប់គ្រង់ពលករដែលមកពីប្រទេសថៃ ត្រូវដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃសិន។ កម្ពុជាក៏ មិនឲ្យមានមន្ត្រីកម្ពុជាទៅប្រជុំនៅខាងក្រៅប្រទេសឡើយ ។ ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រីក៏បានឲ្យអាជ្ញាធរកម្ពុជាត្រូវសហការជាមួយអាជ្ញាធរថៃក្នុងការធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្តិភាពនៃពលករខ្មែរ។

កិច្ចការទី២) គឺការពារអ្នកឆ្លងកុំឲ្យឆ្លងទៅអ្នកដ៏ទៃ និងបន្តរកអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ ត្រូវយកគាត់មកដាក់ដោយឡែក មុនពេលដឹងលទ្ធផលនៃការធ្វើតេស្ត។ ត្រូវខិតខំផ្សព្វផ្សាយគ្រប់មធ្យោបាយពីវិធីបង្កាការពារជម្ងឺកូវីដ១៩។ សម្តេចតេជោបន្តថា រហូតមកដល់ពេលនេះ កន្លែងដែលអាចប្រឈមយើងបានបិទមួយចំនួនហើយ តែយើងមិនអាចបិទបានទេនៅកន្លែងសំខាន់ៗមួយចំនួនដូចជាផ្សារ រោងចក្រ ភោជនីយដ្ឋាន ហាងកាហ្វេ ពិធីបុណ្យចូលឆ្នាំនៅប្រារព្ធធ្វើដដែល តែហាមជួបជុំគ្នាច្រើន គឺឆ្នាំនេះកម្ពុជាមិនបានធ្វើព្រឹត្តិការណ៍សង្ក្រាន្តទេ តែសូមឲ្យបងប្អូនប្រជាពលរដ្ឋសប្បាយជាមួយក្រុមគ្រួសារនៅតាមផ្ទះ។ សម្តេចក៏សូមកុំឲ្យប្រជាពលរដ្ឋកុំប្រើអបីយជំនឿបណ្តេញជម្ងឺកូវីដ ដូចជាការអុចភ្លើងជាដើម ពីព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។ សម្តេច អំពាវនាវឲ្យអាជ្ញាធរចុះចែកម៉ាស់ ឬក្រមារឲ្យប្រជាពលរដ្ឋតាមបណ្តាខេត្ត បើអាចធ្វើបាន។ សម្តេចក៏បានប្រកាសថា អាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវមិនឲ្យមានការរើសអើង អ្នកជម្ងឺកូវីដនោះ ជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។

កិច្ចការទី៣) ត្រូវខិតខំព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ។ ត្រូវរៀបចំបញ្ជើឈ្មោះអ្នកជម្ងឺ ឲ្យបានត្រឹមត្រូវ ទាំងអ្នកជំងឺបរទេស និងខ្មែរ។ ការបែងចែកទីតាំងសំរាប់ព្យាបាលអ្នកដែលបានឆ្លង ជំងឺ និងទីតាំងសម្រាប់អ្នកដែលសង្ស័យ ដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែក គឺយើងត្រូវយកចិត្តទុកដាក់សម្រាប់ពួកគាត់ ដោយមានរៀបចំជាគ្រែ កន្ទេល ម៉ុង ភួយ ខ្នើយ ត្រឹមត្រូវ និងរៀបចំអាហារ ៣ពេលឲ្យគាត់។ ចំពោះគ្រូពេទ្យដែលចេញប្រតិបត្តិការទាំងអស់ ត្រូវបំពាក់សម្ភារឲ្យបានគ្រប់គ្រាន់ មុននឹងចេញប្រយុទ្ធ ហ្វឹកហាត់ឲ្យបានច្បាស់លាស់ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវគិតពីសុខភាពខ្លួនឯង។ ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយដៃគ្រូអន្តរជាតិដូចជាអង្គការសុខភាពពិភពលោក ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសចិន និងក្រុមប្រទេសផ្តល់ជំនួយមកយើង។

សម្តេច ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមក្នុងប្រតិបត្តិការប្រឆាំងកូវីដនេះទាំងអស់គ្នា និងយកចិត្តទុកដាក់ថែទាំសុខភាពរបស់ប្រជាពលរដ្ឋយើងម្នាក់ៗ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;