របរ​ដាំ​ស្មៅ​លក់​របស់​ប្រជាកសិករ​ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស បាន​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​មួយ​កម្រិត

  • 2017-05-29 02:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ប្រជាកសិករ​មួយ​ចំនួន​នៅក្នុង​ឃុំ​ព្រៃផ្ដៅ ស្រុក​ព្រៃកប្បាស បាន​នាំគ្នា​ងាក​មក​ដាំ​ស្មៅ​លក់​នៅ​រដូវ​ប្រាំង ខណៈ​ពេល​ដែល​​ការ​ដាំ​ស្មៅ​លក់​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ជីវភាព របស់​ពួកគាត់​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

រូបតំណាង
លោក មុត តូ មេ​ឃុំ​ព្រៃផ្ដៅ បាន​ថ្លែង​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព្រៃផ្ដៅ ប្រមាណ​ជាង​៩០% ប្រកប​របប​កសិកម្ម។ កន្លង​មក បងប្អូន​ប្រជាកសិករ​បាន​នាំ​គ្នា​ធ្វើ​ស្រូវធ្ងន់ ក៏​ប៉ុន្តែ​តាមរយៈ​ការ​ចុះ​ពន្យល់​មន្ត្រី​ជំនាញ​កសិកម្ម​ពួកគាត់​បាន​ងាក​មក​ធ្វើ​ស្រូវស្រាល​ជំនួស​​វិញ។ បច្ចុប្បន្ន​នេះ ប្រជាកសិករ​ក្នុង​ឃុំ​បាន​ចាប់​ផ្ដើម​ដាំ​ស្មៅ​លក់​បន្ថែម​ពី​ការ​ដាំ​ដំណាំ​ស្រូវ​ក្នុង​រដូវប្រាំង​។ ការ​ដាំ​ស្មៅ​លក់​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រក​ចំណូល​បាន​ខ្ពស់​គួរសម ពោល​គឺ​ក្នុង​មួយ ហិកតា​ពួកគាត់​អាច​ប្រមូល​ចំណូល​ពី ៣​លាន​រៀល​ទៅ ៤​លាន​រៀល​។​

លោក ស៊ីម ម៉េត ប្រជាកសិករ​នៅ​ក្នុង​ភូមិ​ព្រៃភ្ញី ឃុំ​ព្រៃផ្ដៅ ដែល​ប្រកប​របប​ដាំ​ស្មៅ​លក់ ជា​ប្រភេទ​ស្មៅ​បារាំង បាន​ប្រាប់​អោយ​ដឹង​ថា ប្រជាកសិករ​ក្នុង​ភូមិ​ភាគច្រើន​បាន​នាំ​គ្នា​ដាំ​ស្មៅ លក់​នៅ​ក្នុង​រដូវប្រាំង។ ការ​ដាំ​ស្មៅ​លក់ វា​មាន​ភាព​ងាយស្រួល​ជាង​ការ​ដាំ​ដំណាំ​ស្រូវ ព្រោះ​វា​ប្រើ​ពេល ១​ខែ​កន្លះ​ប៉ុណ្ណោះ យើង​អាច​កាត់​យក​លក់​បាន​ប្រមាណ ២​ដង ហើយ​ការ​ប្រើប្រាស់​ជី​គឺ​អស់​​ប្រមាណ ៤០​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​១​ហិកតា រីឯ​ការ​ប្រមូល​ផល​វិញ​បាន​កម្រៃ ប្រមាណ ៣​ទៅ ៤​លាន​រៀល។

លោក បាន​បន្ត​ថា តែ​ទោះជា​យ៉ាងណា​ការ​ដាំ​ស្មៅ​លក់​នេះ អាច​ដាំ​តែ​រដូវប្រាំង​ប៉ុណ្ណោះ រីឯ​ទីផ្សារ​វិញ មិន​ខ្វះ​នោះ​ទេ គឺ​មាន​ក្រុម​ឈ្មួញ​មកពី​ខេត្ត​កំពត ដែល​ដើរ​ប្រមូល​ទិញ​យក ទៅ​លក់​បន្ត​នៅ​ខេត្ត​កំពត​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;