បក្ស​ប្រឆាំង​សន្យា​បំពាក់​អាវុធ​ទំនើបៗ​ឲ្យ​យោធា​នៅ​ពេល​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច

  • 2017-05-29 03:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ថា នឹង​សន្សំ​សំចៃ​ថវិកា​ជាតិ​បន្ថែម ដើម្បី​ចាយ​លើ​វិស័យ​យោធា​តាម​រយៈ​បំពាក់​ឲ្យ​មាន​អាវុធ​សឹក​ទំនើបៗ​ជាង​ពេល​បច្ចុប្បន្ន​នេះ ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត និង​ឡើង​ដឹកនាំ​ប្រទេស​ជំនួស​បក្ស​កាន់​អំណាច។ ការ​សន្យា​នេះ បន្ទាប់​ពី​បក្ស​ប្រឆាំង​អះអាង​ថា នឹង​ផ្លាស់ប្ដូរ​តែ​តំណែង​អនុរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ក្រៅ​ពី​នេះ មន្ត្រី​ប៉ូលិស និង​ទាហាន​ទាំងអស់​ដែល​ជា​កង​កម្លាំង​ការពារ​ជាតិ គឺ​មិន​ប៉ះពាល់​ឡើយ។

នៅ​មុន​ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ដ៏​ធំ​ជា​លើក​ទី​ពីរ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ចូលរួម នៅ​ថ្ងៃ​ទី​២៨ ឧសភា និង​បន្ទាប់​ពី​ថ្លែង​រិះគន់​ទាក់ទង​នឹង​អំពើ​អយុត្តិធម៌​ជាច្រើន​នៅ​ក្នុង​សង្គម ដូចជា​ការ​អភិវឌ្ឍ​រឹត​តែ​ធ្វើ​ឲ្យ​រាស្ដ្រ​រង​ទុក្ខ​វេទនា​កាន់​តែ​ខ្លាំង ការ​វាយ​ដំ​តំណាងរាស្ត្រ​នៅ​ខាង​មុខ​រដ្ឋសភា និង​ការ​សម្លាប់​អ្នក​ដែល​មាន​មតិ​ជំទាស់ ហើយ​តុលាការ​មិន​រក​យុត្តិធម៌​នោះ។ គណបក្ស​ប្រឆាំង​ក៏​បាន​ក្រើន​រំឭក​ជា​ថ្មី​ទៀត​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​សារ​គំរាម​សង្គ្រាម​ឡើយ ព្រោះ​ព្រះមហាក្សត្រ​បាន​ធានា​ចំពោះ​សន្តិភាព​ដែល​កំពុង​មាន​សព្វថ្ងៃ​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ (កាន់​ក្បាល​មេក្រូ) ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខាង​មុខ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុន​នឹង​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​គោល​នយោបាយ​ទម្លាក់​លុយ ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឃុំ-សង្កាត់​នៅ​ពេល​ឈ្នះ គណបក្ស​ក៏​នឹង​សន្សំ​ថវិកា​ផ្សេង​ទៀត​ដើម្បី​បំពាក់​អាវុធ​ទំនើបៗ​ឲ្យ​យោធា​ដែរ៖ «គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ទាហាន​ទេ កង​យោធពល​ខេមរភូមិន្ទ​យើង គឺ​កងទ័ព​របស់​ជាតិ ជា​កងទ័ព​បម្រើ​ជាតិ។ យើង​នឹង​ហ្វឹកហ្វឺន​ទាហាន​យើង​ឲ្យ​ខ្លាំង។ យើង​នឹង​សន្សំ​លុយ​ទិញ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ឲ្យ​ទាហាន​យើង ដើម្បី​ការពារ​ប្រទេស​ជាតិ»។

ការ​ប្រកាស​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ បាន​កើត​ឡើង​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ព្រមាន​នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថា នឹង​ប្រើប្រាស់​កង​កម្លាំង​ទ័ព​ទាហាន ចេញ​បង្ក្រាប​ក្រុម​ណា​ដែល​ហ៊ាន​ងើប​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត និង​ព្រមាន​សារ​សង្គ្រាម​ផ្ទុះ​ឡើង​វិញ​នៅ​កម្ពុជា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​របស់​លោក ដែល​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ ចាញ់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

ពាក់ព័ន្ធ​នឹង​ការ​សន្យា​រក​លុយ​ជួយ​ពង្រឹង​វិស័យ​យោធា​ពី​មន្ត្រី​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា ប្រសិន​បើ​គណបក្ស​របស់​លោក​ហ៊ាន​សន្យា​ដូច​គ្នា​នេះ ប្រហែល​ជា​ត្រូវ​រង​ការ​រិះគន់​ថា​គំរាម​កំហែង។ ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​នោះ​គ្រាន់​តែ​ជា​សារ​ស្រមើស្រមៃ​ខុស​ពី​ការពិត​ប៉ុណ្ណោះ ព្រោះ​បក្ស​ប្រឆាំង​នឹង​មិន​អាច​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ឡើយ៖ «គាត់​គ្មាន​ប្រាកដ​និយម​គួរ​ឲ្យ​ជឿជាក់​ទេ ព្រោះ​ម្ដង​ថា​អ៊ីចេះ​អ៊ីចុះ ម្ដង​ឆ្វេង ម្ដង​ស្ដាំ»៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;