ទេសចរ​បរទេស ចង់​ឃើញ​ក្រុង​បាត់ដំបង​ត្រូវ​ដាក់​ចូល​បេតិកភណ្ឌ​ពិភពលោក

  • 2017-06-14 12:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​ទេសចរ​មកពី ២៦​ប្រទេស​លើ​ពិភពលោក អម​ដោយ​មន្ត្រី​តំណាង​ក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កាលពី​ថ្ងៃ​ទី១៣​មិថុនា ទេសចរ​ជាង ១០០​នាក់​បាន​ទស្សនា​អគារ​ចាស់ៗ និង​រមណីយដ្ឋាន​សំខាន់ៗ​នៅ​ខេត្ត​បាត់ដំបង។ អភិបាល​ក្រុង បាន​អះអាង​ថា ក្រុម​អ្នក​ទេសចរ​នេះ​មក​ពិនិត្យ​មើល​តំបន់​ទេសចរណ៍ និង​ជួយ​ផ្ដល់​ជា​គំនិត ដើម្បី​ដាក់​ទីក្រុង​មួយ​នេះ សម្រាប់​ប្រកួត​ប្រជែង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ពេល​ខាង​មុខ។

លោក សៀងឯម វូនស្ហី មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្ដល់​ចំណេះ​ដឹង​បន្ថែម​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ត្រៀម​ខ្លួន​រៀបចំ​ដាក់​ទីក្រុង​បាត់ដំបង សម្រាប់​ដាក់​បញ្ចូល​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​៖ «កន្លង​មក​នេះ​យើង​បាន​ដាក់​សំណើ​ក្រុង​បាត់ដំបង សុំ​ចូល​ជា​បេក្ខភាព​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ។ អ៊ីចឹង​ទេ ថ្ងៃ​នេះ​ក្រុង​បាត់ដំបង បាន​រៀបចំ​ដោយ​មាន​សមត្ថកិច្ច​ចម្រុះ ដើម្បី​រក្សា​សន្តិសុខ​ជូន​ភ្ញៀវ​អន្តរជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ»

ភ្ញៀវ​ទេសចរ​ខាងលើ​ភាគច្រើន ជា​ភ្ញៀវ​ចូល​រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​អន្តរជាតិ សម្រាប់​ប្រទេស​អាស៊ាន នៅ​ខេត្ត​សៀមរាប។ អ្នក​ទាំងនោះ​មកពី​ប្រទេស​អាស៊ាន​ទាំង១០ ប្រទេស​បារាំង សហគមន៍​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត​លើ​ពិភពលោក។

អភិបាល​ក្រុង​ដដែល​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ទៅ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​អភិរក្ស​ក្រុង​បាត់ដំបង នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៤​មិថុនា។ ប្រទេស​កម្ពុជា បាន​លើក​យក​ទីក្រុង​បី​ដាក់​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក រួម​មាន​ក្រុង​ក្រចេះ ក្រុង​កំពត និង​ក្រុង​បាត់ដំបង៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;