សមាជិក​ក្រុម​ចម្រៀង Smallworld Smallband នាំ​មេដាយ​ស៊ីហ្គេម ជូន​ជាតិ​ជាថ្មី

  • 2017-08-18 10:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្តមួយ​ចំនួន ប្រហែល​ជា​ដឹង​ត្រឹម​ថា រៀម សុខភីរម្យ ជា​សមាជិកក្រុម​ចម្រៀង​ Smallworld Smallband (SWSB) ប៉ុន្តែ​មិន​បាន​ដឹង​ទេ​ថា ភីរម្យ គឺជា​អត្តពលិក​​ជម្រើសជាតិ​កម្ពុជា​នោះទេ។

រៀម សុខភីរម្យ ជាសមាជិក​មួយ​រូប នៃ​ក្រុម​សីប៉ាក់តាក្រ (សីដក់) ជម្រើសជាតិ​កម្ពុជា ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​ឈ្នះមេដាយ​សំរឹទ្ធ ចំនួន ២។

ភីរម្យ បាន​បញ្ជាក់​ប្រាប់ ខ្លីៗ ពី​ម៉ាឡេស៊ី ថា៖ "ឆ្នាំនេះ​យើង​ធ្វើ​មិន​សូវ​បាន​ល្អ ដោយ​សារ​យើង​មិន​អាច​ការពារ​តំណែង​ជើងឯក (មេដាយ​មាស) បាន ប៉ុន្តែ​យើង​បាន​ព្យាយាម​អស់​ពី​សមត្ថភាព។ វិញ្ញាសា​ដែល​យើង​ធ្លាប់​ឈ្នះ​មេដាយ​មាស​កាល​ពី​ឆ្នាំ​២០១៥ ត្រូវ​បាន​គណៈ​កម្មាធិការ​រៀបចំ​ការ​ប្រកួត​ផ្លាស់ប្ដូរ ឲ្យ​យើង​ប្រកួត​វិញ្ញាសា​ផ្សេងវិញ ប៉ុន្តែ​យើង​បាន​ប្រឹងប្រែង​ហ្វឹកហាត់ រហូត​ទទួល​បាន​មេដាយ​សំរឹទ្ធ ២"។

រៀម សុខភីរម្យ (ជួរមុខ ទី២ រាប់ពីឆ្វេង) ពេល​ទទួល​មេដាយ​ជាមួយ​មិត្ត​រួម​ក្រុម
ដូចគ្នា​នេះដែរ លោក ទូច សុភៈ ​ប្រធាន​ក្រុម​ដឹក​នាំ​កីឡាករ ​និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូន​កម្ពុជា​ ក៏បាន​លើកឡើង​ដូចគ្នា​នេះដែរ។ លោកថា ​ដំបូង​ឡើយ ​ក្រុម​របស់​លោក​ព្យាយាម​ហ្វឹកហាត់​លើ​វិញ្ញាសា​ដែល​ត្រូវ​ការពារ​តំណែង​មេដាយ​មាស ​ប៉ុន្តែ​ក្រោយ​មក​ទៀត​គេ​បញ្ជាក់​ថា​ឆ្នាំ​នេះ​មិន​មាន​វិញ្ញាសានោះ​ទេ ទើប​តម្រូវ​ឱ្យ​ក្រុម​លោក​ហាត់​ផ្សេង​វិញ។

គួរ​បញ្ជាក់ថា វិញ្ញាសា ដែល​រៀម សុខភីរម្យ និង​ក្រុម​សីដក់​កម្ពុជា បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ២ គឺ​វិញ្ញាសា​សីឈិនឡូន។ ក្រុម​សីប៉ាក់តាក្រ​កម្ពុជា មិន​ទាន់​អស់​ភារកិច្ច​នៅ​ស៊ីហ្គេម​នោះ​ទេ ពោល​គឺ​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ផ្សេង​ទៀត (សីដក់ ២នាក់ ទល់ ២នាក់ និង ៣នាក់ ទល់ ៣នាក់) ចាប់​ពី​ថ្ងៃ​ទី២៥ ដល់ ២៧ ខែ​សីហា។

រៀម សុខភិរម្យ ធ្លាប់​ចូលរួម​ប្រកួត​ស៊ីហ្គេមនៅ​ឆ្នាំ ២០០៧, ២០០៩, ២០១៣, ២០១៥ ដែល​ក្នុង​នោះ ឆ្នាំ​២០១៣ នៅ​មីយ៉ាន់ម៉ា បាន​មេដាយ​ប្រាក់ ២ សំរឹទ្ធ២, ឆ្នាំ២០១៥ នៅ​សិង្ហបុរី បាន​មេដាយ​មាស ១ សំរឹទ្ធ ១។ ក្រៅ​ពី​នៅ​ស៊ីហ្គេម ភីរម្យ និង​ក្រុម​សីប៉ាក់តាក្រ​កម្ពុជា ក៏​បាន​ទទួល​មេដាយ​ជា​រៀងរាល់​ឆ្នាំ​ផងដែរ ក្នុង​ពាន​រង្វាន់ King's Cup Sepaktakraw World Championship នៅ​​ប្រទេស​ថៃ៕

ក្រុម Smallworld Smallband (ភីរម្យ ជាមេក្រុម ឈរ​ទី២ រាប់ពីឆ្វេង)
សកម្មភាពប្រកួត​នៅស៊ីហ្គេម

ចុចអាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ពី​ស៊ីហ្គេម

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;