កម្ពុជា ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ១ ក្នុងការ​អភិវឌ្ឍ​ប្រេង​នៅប្លុក A

  • 2017-08-23 04:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល បានចុះ​កិច្ច​ព្រមព្រៀង​ជាមួយ លោក Kelvin Tang ប្រធាន​ក្រុមហ៊ុន KrisEnergy ក្នុងការ​អភិវឌ្ឍ​ប្រេង​នៅប្លុក A។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នៅព្រឹក​ថ្ងៃទី២៣ ខែសីហា ២០១៧។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ បាន​ឲ្យដឹង​ថា គម្រោង​ប្រេង​កាត​ប្លុក A នេះ គឺជា​គម្រោង​ប្រេងកាត​ទី១ ដែល​បើក​សករាជ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​ផលិត​ប្រេង និង​ឈាន​ទៅ​ធ្វើការ​ស្វែង​រុករក​ដ៏​ខ្លាំងក្លា​ថែមទៀត លើប្លុក​ប្រេង​កាត ដែលនៅ​ទំនេរ ចំនួន ៥ប្លុក​ទៀត ក្នុង​ចំណោម​ប្លុក​ប្រេងកាត​ចំនួន ៦ នៅដែន​សមុទ្រ និង ១៨​ប្លុក នៅដែន​គោក។

ទីតាំងបូមប្រេង១ របស់ក្រុមហ៊ុន KrisEnergy

កិច្ចព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផលិតកម្ម​លើកទី១​របស់​ខ្លួន គឺ​ជំហាន 1A និង 1B នៃ​ដំណាក់កាល​ទី១ នៃ​ប្លុក A មាន​ផ្ទៃក្រឡា ១៩៨​គីឡូម៉ែត្រ​ក្រឡា។ យោងតាម​ផែនការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន តំណក់​ប្រេង​ដំបូង​របស់​ជំហាន 1A នឹង​ផលិត​ប្រេង​ដំបូង ក្នុង​រយៈពេល ២ឆ្នាំទៀត គឺ​នៅចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ​២០២០៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;