ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​វៀតណាម-កូរ៉េខាងត្បូង កើន​ឡើង ២០%

  • 2017-09-08 04:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Moon Byung Chul មន្រ្តី​កុងស៊ុល​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង ប្រចាំ​ប្រទេស​វៀតណាម បាន​លើកឡើង​ថា ទំហំ​ពាណិជ្ជកម្ម​វៀតណាម-កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ៤៥,១​ពាន់​លាន​ដុល្លារ កើន​ឡើង ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ ការ​លើក​ឡើង​របស់​មន្រ្តី​កុងស៊ុល​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​រូប​នោះ បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​វិធី​បង្កើន​មូលធន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នៅ​ក្នុង​ប្រទេស​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ។

លោក​បញ្ជាក់​ទៀត​ថា រយៈពេល ៧​ខែ នៅ​ដើម​ឆ្នាំ​២០១៧​នេះ ទំហំ​ពាណិជ្ជកម្ម​វៀតណាម-កូរ៉េខាងត្បូង មាន​ទឹកប្រាក់ ៣៥,៥​ពាន់​លាន​ដុល្លារ កើន​ឡើង ៣០% បើ​ធៀប​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៦។

ចំណែក​លោក Yoon Joo Young អគ្គនាយក​ទីភ្នាក់ងារ​លើក​កម្ពស់​ពាណិជ្ជកម្ម-វិនិយោគ​កូរ៉េខាងត្បូង បាន​បញ្ជាក់​ថា វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ដៃគូ​វិនិយោគ​ទី​៣ របស់​កូរ៉េខាងត្បូង ប្រចាំ​នៅ​តំបន់​អាស៊ាន ដែល​មាន​រោងចក្រ​កូរ៉េខាងត្បូង​ចំនួន​ប្រមាណ ៤ ៥០០​រោងចក្រ​កំពុង​ដំណើរការ។

សូម​បញ្ជាក់​ថា កំណើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​វៀតណាម និង​កូរ៉េខាងត្បូង គឺ​ក្រោយ​ប្រទេស​ទាំង​ពីរ បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;