Fox Sports Asia៖ ចាន់ វឌ្ឍនាកា គួរ​តែ​ចាកចេញ​ពី​ជប៉ុន ទៅ​លេង​នៅ​ថៃ

  • 2017-09-11 03:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន Fox Sports Asia បាន​ចុះផ្សាយ​ពី​តារា​បាល់​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​បាន​ស៊ុត​បញ្ចូល​ទី ១គ្រាប់​ទៅ​លើ​ក្រុម​វៀតណាម ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ជម្រុះ​ពានរង្វាន់​ AFC Asian Cup 2019 កាលពី​សប្ដាហ៍​មុន។ ប្រភព​ដដែល បាន​ជំរុញ​ឲ្យ​កីឡាករ​ដែល​មាន​ប្រភព​ពី​ខេត្ត​កំពត បោះបង់​ប្រទេស​ជប៉ុន ដើម្បី​ឈោង​ចាប់​យក​អាជីព​ថ្មី​នៅ​ជាមួយ​ក្លឹប​ណា​មួយ​នៅ​ប្រទេស​ថៃ។

ឆ្លងកាត់​ជំនួប​ទល់​នឹង​ក្រុម​វៀតណាម ដែល​កម្ពុជា​ចាញ់​ដោយ​លទ្ធផល ២-១ នោះ ចាន់ វឌ្ឍនាកា ការ​បង្ហាញ​ឲ្យ​ឃើញ​ថា រូបគេ​មាន​សមត្ថភាព​អាច​ធ្វើ​បាន​ល្អ​ដដែល។ ប៉ុន្តែ Fox Sports Asia បាន​លើកឡើង​ថា ប្រសិនបើ កីឡាករ​រហស្សនាម CV11 មិន​អាច​បង្ហាញ​ខ្លួន​ជាប់ ជា​ជម្រើស​១១​នាក់​ដំបូង​ជាមួយ​ក្រុម Fujieda MYFC នៃ​លីគ​លំដាប់​ទី​បី​ជប៉ុន​បាន​ទេ​នោះ គេ​ក៏​មិន​អាច​មាន​ឱកាស​ក្នុង​ការ​ឡើង​ទៅ​លេង​ឲ្យ​ក្រុម​ផ្សេង​ៗ ដែល​ស្ថិតនៅ​លីគ​លំដាប់​ខ្ពស់​ជាង​នេះ​បាន​ដែរ។

ប្រភព​ដដែល​បាន​បន្ត​ថា ម៉ាឡេស៊ី និង​សិង្ហបុរី កំពុង​តាម​ដាន​លើ CV11 ហើយ​រូបគេ​នឹង​លេចធ្លោ​នៅ​លីគ​ទាំង​នេះ តែ​តាម​រយៈ​សមត្ថភាព​របស់​គេ​ គួរ​តែ​សម្លឹង​មើល​ខ្ពស់​ជាង​នេះ ពោល​គឺ​ប្រទេស​ថៃ ដែល​ស្ថិតនៅ​កម្រិត​ល្អ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​រដូវ​កាល​ក្រោយ សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ នឹង​អនុញ្ញាត​ឲ្យ​ក្លឹប​នីមួយៗ ទិញ​កីឡាករ​​ម្នាក់​ពី​តំបន់​អាស៊ាន។ ដូច្នេះ វឌ្ឍនាកា ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ក្លឹប​ទាំង​នោះ ដោយ​មិន​ធ្វើ​ឲ្យ​ពួកគេ​ខក​បំណង​ឡើយ។ នៅ​ទី​នោះ រូបគេ​ក៏​អាច​ទទួល​បាន​ការ​ផ្ដល់​ឱកាស​​លេង​គ្រប់គ្រាន់ ដើម្បី​ទទួល​យក​បទពិសោធន៍​សម្រាប់​ខ្លួន​ឯង​ផង​ដែរ៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;