អាមេរិក ប្រកាស​ផ្អាក​​លែង​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​​ក្រសួង​ការបរទេស​កម្ពុជា

  • 2017-09-13 10:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ ​បាន​ប្រកាស​​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាមេរិក​​នឹង​​ផ្អាក​​ លែង​​​ចេញ​​​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​​មន្ត្រី​នៃ​​ក្រសួង​​ការបរទេស​​កម្ពុជា ​ដែល​​មាន​តួនាទី​​​ចាប់​​ពី​ថ្នាក់​អគ្គនាយក​​ រហូត​​ដល់​​ថ្នាក់​​ដឹកនាំ​​កំពូល​​នៃ​ក្រសួង​​នេះ និង​​សមាជិក​​ក្រុម​​គ្រួសារ​​របស់​​ពួកគេ ដោយ​​មាន​​ករណី​លើក​លែង​​តិច​តួច​​ប៉ុណ្ណោះ​។

ស្ថានទូតសហរដ្ឋ​​អាមេរិក​​ បាន​​បញ្ជាក់​ថា យោង​តាម​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​សហរដ្ឋ​អាមេរិក នៅពេល​ទទួល​បាន​សំណើ​ពីរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ថា មាន​ប្រទេស​មួយ​ចំនួន​បាន​បដិសេធ​មិន​ទទួល​យក ឬប្រើប្រាស់​ហេតុផល​ដែល​មិន​សមស្រប ដើម្បី​ពន្យារពេល​ទទួល​​យក​​ពលរដ្ឋ​​នៃ​ប្រទេស​​របស់​​ពួកគេ​​វិញ​នោះ រដ្ឋមន្រ្តី​​ការបរទេស​អាមេរិក ​ត្រូវ​​បញ្ជា​ឲ្យ​​​​មន្ត្រី​​​កុងស៊ុល​​​បញ្ឈប់​​​លែង​​​ផ្តល់​​ទិដ្ឋាការ​​​​រហូត​​ទាល់​តែ​​រដ្ឋមន្រ្តី​​សន្តិសុខ​​មាតុភូមិ​​ទទួល​​បាន​ព័ត៌មាន​ថា ប្រទេស​​ដែល​​ពាក់ព័ន្ធ​​ទាំងនោះ​​បាន​​យល់​ព្រម​​ទទួល​​យក​​ពលរដ្ឋ​​របស់​​គេ​វិញ​​ហើយ​។

ស្ថានទូតសហរដ្ឋ​​អាមេរិក បាន​បញ្ជាក់បន្ថែម​ថា "ប្រសិន​បើអ្នក​ស្ថិត​នៅក្នុង​ក្រុម​ដែល​ត្រូវ​បាន​គេផ្អាក​ការចេញ​ទិដ្ឋាការ ហើយ​អ្នក​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំទិដ្ឋាការ​នោះ មន្ត្រី​កុងស៊ុល​នឹង​សម្ភាស​អ្នក ប៉ុន្តែ​មិន​អាច​ផ្តល់​ទិដ្ឋាការ​ជូន​បាន​ទេ រហូត​ទាល់​តែការ​ផ្អាក​នោះ​ត្រូវ​បាន​លើក​លែង។ សូម​ពិចារណា​ឲ្យ​បាន​ដិតដល់​មុន​ពេល​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ"។

លោកផៃ សុីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា នេះជា​អំពើ​ជាក់ស្តែង​ដែល​បង្ហាញ​ថាអាមេរិក​មិន​គោរព​សិទ្ធិ​មនុស្ស។ លោក​បាន​បន្តថា​ កម្ពុជា​នៅតែ​សហការ​ជាមួយ​អាមេរិក ក្នុង​ការ​ពិភាក្សា​បន្ថែម​ផ្នែក​សិទ្ធិមនុស្ស​លើ​កិច្ចព្រមព្រាង​បញ្ជូន​ជនជាតិ​កម្ពុជា​មកវិញ។

លោក ផៃ ស៊ីផាន

ចំណែក​លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​និយាយ​​យ៉ាង​ខ្លីថា ​ក្រសួង​ការបរទេស កំពុង​ពិនិត្យ​មើល​ករណី​នេះ​៕

អត្ថបទ៖​​ ជ័យ ​ជំនោរ

អត្ថបទថ្មី
;