រំកិល​លិង្គ​ព្រះ​ឥសូរ យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ​ជាតិ

  • 2017-09-14 06:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ជណ្ដើរ​ខាង​ជើង​ប្រាសាទ​ព្រះ​វិហារ​មាន​រៀបចំ​ពិធី​ក្រុង​ពាលី​រំកិល​លិង្គ​ព្រះ​ឥសូរ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​សារមន្ទីរជាតិ ស្ថិត​ក្នុង​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ កាល​ពី​រសៀល​ថ្ងៃ​ទី​១៣​កញ្ញា​ម្សិលមិញ។

លោក គឹម សេតតារា អគ្គនាយក​អាជ្ញាធរ​ជាតិ​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា លិង្គ​ព្រះ​ឥសូរ​នេះ​បាន​ប្រទះ​ឃើញ​នៅ​លើ​ថ្ម​កម្រាល​ខឿន​ខាង​ក្រោម នៃ​ជណ្ដើរ​បុរាណ​ខាង​ជើង​ប្រាសាទ​ព្រះ​វិហារ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។ ក្រោយ​ប្រទះ​ឃើញ ក៏​មាន​ការ​សម្រេច​ធ្វើ​កំណាយ​បុរាណ​វិទ្យា​នៅ​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ ដើម្បី​សិក្សា​លម្អិត​អំពី​ប្រភព និង​មូលហេតុ​ដេល​មាន​លិង្គ​ព្រះ​ឥសូរ​នៅ​ទីតាំង​នោះ។

ប្រភព​ដដែល បញ្ជាក់​ទៀត​ថា លិង្គ​ព្រះ​ឥសូរ​សាង​អំពី​ថ្ម​ភក់ ប្រវែង​២,១៥​ម៉ែត្រ ផ្នែក​ខាង​ក្រោម ឬ​ខាង​គល់​ឆ្លាក់​រាង​បួន​ជ្រុង​មាន​ប្រវែង ១,២២​ម៉ែត្រ និង​កម្រាស់ ០,៣១​ម៉ែត្រ។ ផ្នែក​កណ្ដាល​រាង​ប្រាំបី​ជ្រុង​មាន​ប្រវែង ០,៤៦​ម៉ែត្រ និង​ផ្នែក​ខាង​លើ ឬ​ខាង​ចុង ឆ្លាក់​រាង​មូល​ប្រវែង ០,៤៦​ម៉ែត្រ និង​មាន​អង្កត់​ផ្ចិត ០,២៥​ម៉ែត្រ។ នៅ​ក្នុង​រណ្ដៅ​កំណាយ​ជាមួយ​លិង្គ​ព្រះ​ឥសូរ​នេះ ក៏​បាន​ប្រទះ​ឃើញ​ផង​ដែរ​នូវ​បំបែក​ឧបករណ៍​ថ្ម​កិន​ថ្នាំ​បុរាណ​ចំនួន​១ដុំ បំណែក​កុលាលភាជន៍​ដុត​ក្នុង​សីតុណ្ហភាព​មធ្យម បំណែក​ភាជន៍​ដុត​ក្នុង​សីតុណ្ហភាព​ទាប បំណែក​ភាជន៍​ព័រសឺឡែន និង​បំណែក​ក្បឿង​ដែល​ជា​ផលិតផល​នៅ​សម័យ​អង្គរ។

លោក គឹម សេតតារា បន្ត​ថា តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ឲ្យ​ដឹង​ថា លិង្គ​ព្រះ​ឥសូរ​នេះ​គឺ​ឆ្លាក់​នៅ​ដំណាក់កាល​ណា​មួយ​នៃ​ពេល​សាងសង់​ប្រាសាទ​ព្រះ​វិហារ​អំឡុង​សតវត្ស​ទី​១១ និង​ទី​១២ ពោល​គឺ​ក្រោយ​ពេល​សង់​ជណ្ដើរ​ខាង​ជើង​រួចរាល់។ លិង្គ​ព្រះ​ឥសូរ​នេះ​មិនមែន​ដាក់​តម្កល់​នៅ​ទីតាំង​ប្រទះ​ឃើញ​នេះ​ទេ គឺ​ប្រហែល​គេ​ឆ្លាក់​នៅ​កន្លែង​នេះ​មុន​យក​ទៅ​តម្កល់​នៅ​កន្លែង​ណា​មួយ​ក្នុង​ប្រាសាទ ឬ​ក៏​លិង្គ​ព្រះ​ឥសូរ​នេះ​ប្រហែល​យក​ចេញ​ពី​ក្នុង​ប្រាសាទ​ដោយ​ចេតនា​បំផ្លាញ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;