Apple ចេញ​មុខ​បកស្រាយ​រឿង​នៅ​ពីក្រោយ​បញ្ហា​គាំង Face ID ពេល​ធ្វើ Demo

  • 2017-09-14 06:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​ក្រុមហ៊ុន​គូ​ប្រជែង​របស់ Apple បាន​នាំ​គ្នា​រិះគន់​លើ​ការ​ធ្វើ Demo បង្ហាញ​ពី​មុខងារ Face ID លើ iPhone X កាលពី​ម្សិលមិញ ដោយ​លើក​ឡើង​ថា មុខងារ​នេះ​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ចំណាំ​មុខ​របស់​លោក Craig Federighi ដែល​ជា​អ្នក​ឡើង​បង្ហាញ​នៅ​លើ​ឆាក និង​តម្រូវ​ឲ្យ​លោក​វាយ​បញ្ចូល Passcode ដើម្បី​ដោះ​សោ។ ទាក់ទង​នឹង​បញ្ហា​នេះ Apple បាន​ចេញ​មក​បកស្រាយ​ភ្លាមៗ​ ដោយ​អះអាង​ថា បញ្ហា​គឺ​បណ្ដាល​មក​ពី​មនុស្ស​ច្រើន​នាក់ បាន​ព្យាយាម​ចាប់​កាន់​វា ឬ​ចុច​លេង មុន​ការ​ធ្វើ Demo របស់​លោក Federighi ។

Apple បាន​ប្រាប់​ដល់ Yahoo ថា ដោយសារ​មនុស្ស​ទាំងនោះ មិនមែន​ជា​លោក Federighi ទើប iPhone X នោះ​តម្រូវ​ឲ្យ​វាយ Passcode ជំនួស​វិញ ពោល​គឺ​ក្រោយ​ពេល​ដែល​ស្កេន​ខុស​ចំនួន ២ដង។ នៅ​លើ​វេទិកា លោក Federighi បាន​វាយ Passcode ដើម្បី​ចូល​ទៅ​កាន់ Home Screen បន្ទាប់មក​លោក​ក៏​បាន​ Lock រួច​ព្យាយាម​ដោះ​សោ ដោយ Face ID ជា​លើក​ទី​ពីរ ហើយ​ទទួល​បាន​ជោគជ័យ។

សូម​បញ្ជាក់​ថា ចំពោះ​មុខងារ Touch ID វិញ​គឺ​ផ្ទុយ​ពី Face ID ។ ប្រសិនបើ​គេ​ស្កេន​ម្រាម​ដៃ មិន​ទទួល​បាន​ជោគជ័យ ៥​លើក ទើប iPhone តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​វាយ​បញ្ចូល Passcode ជំនួស​វិញ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;