ចង់​ទៅ​លេង​ប្រាសាទ​ព្រះវិហារ​ឲ្យ​សប្បាយ គួរ​ដឹង​ ៤​ចំណុច​នេះ

  • 2017-09-20 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាសាទ​ព្រះវិហារ ​ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត ​ខេត្ត​ព្រះ​វិហារ ​នៅ​លើ​ខ្នងភ្នំ​ដងរែក មាន​ចម្ងាយ ​៤០៥​គី​ទ្បូ​មែ​ត្រ ​ពី​​រាជធានី​​ភ្នំពេញ។ ភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។

មួយ​វិញ​ទៀត ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ ​ដែល​មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០។ ដោយ​មាន​ព្រះមហាក្សត្រ​៤​អង្គជា​អ្នក​សាងសង់ ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​ (សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។

ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ ដើម្បី​ឱ្យ​ប្រិយមិត្ត​ដែល​ចង់​ទៅ​លេង​ប្រាសាទ​ព្រះ​វិហារ​ អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់៖

១. មធ្យោបាយ​ធ្វើ​ដំណើរ

បើ​តាម​លោក ចាន់ ឆន ​អាជ្ញាធរ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​បញ្ជាក់​ថា​ ចំពោះ​អ្នក​ទេសចរ​ទាំង​អស់​អាច​មក​លេង​នៅ​លើ​ប្រាសាទ​ព្រះ​វិហារ​នេះ​បាន ដោយ​មិន​ចាំ​បាច់​ខ្លាច​អ្វី​នោះ​ទេ។ ដោយ​ការ​ធ្វើ​ដំណើរ​ឡើង​ប្រាសាទ ​គឺ​មាន​ឡាន​សម្រាប់​ជួល​រួច​ជា​ស្រេច។

​នៅ​ជើង​ប្រាសាទ​មាន​កន្លែង​លក់​សំបុត្រ​មួយ (សំបុត្រ​លក់​មិន​យក​ប្រាក់​ទេ) ​ហើយ​បន្ទាប់​ពី​ទិញ​សំបុត្រ​ហើយ ​ប្រិយមិត្ត​អាច​ជួល​ឡាន​នៅ​ទី​នោះ ដើម្បី​ធ្វើ​ដំណើរ​ឡើង​ប្រាសាទ ដោយ​ឡាន​មួយ​មាន​តម្លៃ​ ១០​ម៉ឺន​រៀល។ ឡាន​នេះ​អាច​ដឹក​មនុស្ស​ឡើង​ត្រឹម​តែ​ចង្កេះ​ភ្នំ​ប៉ុណ្ណោះ ដោយ​ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​ឡើង​ទៅ​កំពូល​ប្រាសាទ​ដោយ​ថ្មើរ​ជើង​រយៈ​ចម្ងាយ​ប្រមាណ ​១​គីឡូម៉ែត្រ​ទៀត។

សម្រាប់​អ្នក​មិន​ចង់​ដើរ​ទេ អាច​ជួល​ម៉ូតូ​នៅ​លើ​នោះ​បាន ដោយ​ម៉ូតូ​មួយ​មាន​តម្លៃ ​២​ម៉ឺន​រៀល ទាំង​ឡើង​និង​ចុះ។

២ ពេលវេលា

​សម្រាប់​ពេល​វេលា​វិញ ​ប្រាសាទ​ព្រះ​វិហារ​បើក​ឱ្យ​អ្នក​ទេសចរ​ឡើង​នៅ​ម៉ោង ​៧:៣០​នាទី​ព្រឹក ឡើង​ចុះ​មក​វិញ​នៅ​ម៉ោង ​៤:៣០​នាទី​ល្ងាច។

៣. ដើរ​លេង​នៅ​លើ​កំពូល​ប្រាសាទ

នៅ​លើ​កំពូល​ប្រាសាទ​ មាន​អាជ្ញាធរ​ព្រះ​វិហារ​ជា​ច្រើន​នៅ​ទីនោះ ដូច្នេះ​ប្រសិន​បើ​ចង់​ដឹង​រឿង​ និង​កន្លែង​ផ្សេង​ៗ អាច​សួរ​នាំ​ពួកគាត់​បាន ប្រសើរ​ជាង​ដើរ​ដោយ​ខ្លួន​ឯង។

៤. ​តំបន់​ដែល​គេ​និយម​ទៅ​ថត​រូប​លេង

នៅ​កំពូល​ប្រាសាទ ​មាន​រ៉ូង​មួយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​កន្លែង​សក្ការ​បូជា ហើយ​អ្នក​ដែល​ឡើង​ទៅ​លើ​កំពូល​ប្រាសាទ​នេះ មិន​ដែល​រំលង​ឡើយ។ មួយ​វិញ​ទៀត ​នៅ​ក្បែរកន្លែង​បូជា​នោះ ក៏​មាន​កន្លែង​មួយ​សម្រាប់​ឱ្យ​អ្នក​ចូល​ចិត្ត​ថត​រូប ថត​លេង​កម្សាន្ត​ផង​ដែរ ប៉ុន្តែ​ឡើង​ម្ដង​បាន​តែ​គ្នា​៣​ទៅ​៤​នាក់​ប៉ុណ្ណោះ។ នៅ​លើ​កំពូល​ភ្នំ ក៏​មាន​កែវយឹត​មួយ​សម្រាប់​អ្នក​ដែល​ចង់​មើល​ទៅ​កន្លែង​ឆ្ងាយ​ៗ ឆ្លុះ​មើល​លេង​ដែរ៕

អត្ថបទ៖ មុន្នី រម្យ

អត្ថបទថ្មី
;