ក្រុមហ៊ុន​ប្រេង KrisEnergy ​ប្រកាស​សម្រេច​ចិត្ត​ចុងក្រោយ​ហើយ​លើការ​​ស្វែងរក​ប្រេង​នៅ​កម្ពុជា

  • 2017-10-20 06:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ប្រេង KrisEnergy បាន​ប្រកាស​នៅថ្ងៃ​ទី ២០តុលា​នេះថា ខ្លួន​បាន​ធ្វើការ​សម្រេច​ចិត្តជា​ចុងក្រោយ​ហើយ ក្នុងការ​វិនិយោគ​ដើម្បី​ដំណើរការ​ដំណាក់កាល​ដំបូង​នៃការ​អភិវឌ្ឍ​ប្លុកប្រេង​ឈ្មោះ​អប្សរា ដែលជា​គម្រោង​អភិវឌ្ឍន៍​ដំបូង​នៅ​កម្ពុជា។

មាន​ទីតាំង​នៅ​កម្ពុជា ប្លុកA នៅក្នុង​ឈូង​សមុទ្រ​ថៃ​នោះ ដំណាក់កាល​ទី១A នៃការ​អភិវឌ្ឈ​ឈ្មោះ​អប្សរា ​គឺ​ត្រូវការ​កន្លែង​មួយ ​និង​កប៉ាល់​ដែលមាន​សមត្ថភាព​អាច​ដំណើរការ​ទាញយក​សារធាតុរាវ​ចំនួន​៣ម៉ឺនធុង​ក្នុង​មួយថ្ងៃ​ដោយមាន​កន្លែង​បំបែក​សារជាតិ​ឧស្ម័ន​ ប្រេង និង​ទឹក​ពីគ្នា​នៅលើ​កប៉ាល់​តែម្តង។

ទីតាំងបូមប្រេងមួយកន្លែងរបស់ក្រុមហ៊ុន KrisEnergy
ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន KrisEnergy ឲ្យដឹងថា ប្រេង​នឹងត្រូវ​បាន​បញ្ជូន​តាម​រយៈ​បំពង់​បង្ហូរ​ប្រេង​ដែលមាន​ប្រវែង ១,៥ គីឡូម៉ែត្រ​សម្រាប់​ការផ្ទុក​ទៅ​កន្លែង​អណ្តែត​អចិន្រ្តៃយ៍​លើ​នាវា​ផ្ទុក​មួយ។

លោក​ Kelvin Tang អគ្គ​នាយក​ក្រុមហ៊ុនKrisEnergy បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា «ការ​សម្រេច​ចិត្ត​វិនិយោគ​ចុងក្រោយ​នេះ​គឺជា​ជំហាន​មួយទៀត​នៃ​ការ​រីកចម្រើន​ការ​អភិវឌ្ឍ​តំបន់​អប្សរា​​បន្ទាប់​ពីការ​ចុះហត្ថលេខា​ជាផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ប្រេងកាត​កាលពី​ចុង​ខែសីហា​កន្លងទៅ។»

ក្រុមហ៊ុន KrisEnergy គឺជា​អ្នក​ប្រតិបត្តិករ​នៃប្លុក A និងមាន​ភាគហ៊ុន ៩៥% ចំណែក​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​មាន ៥%។ តំបន់​ប្លុកAដែល​បាន​ចុះ​កិច្ចសន្យា​មាន​ទំហំ ៣,០៨៣ គីឡូម៉ែត្រ​ក្រឡា​ និង​មាន​ជម្រៅទឹក​ពី​៥០ម៉ែត្រ​ទៅ​៨០ម៉ែត្រ។

ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ខែសីហា​នោះ លោក​ Kelvin Tang អគ្គ​នាយក​ក្រុមហ៊ុន KrisEnergy បាន​និយាយ​​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ចំនួន ៥០០លាន​ដុល្លា​បន្ថែម​ពី​កិច្ចព្រមព្រៀង​សម្រាប់​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​នេះ។ ការប៉ាន់​ប្រមាណ​នេះ​គឺ​សម្រាប់​រយ:ពេល ១​អាយុកាល​របស់​គម្រោង​ទាំងមូល​ដែល​សំដៅ​ទៅ​ចំណូល​ពី​ពន្ធដារ​គ្រប់​ប្រភេទ​ ថ្លៃ​សេវា​ផ្សេងៗ និង​កម្រៃ​ជើងសារ​ផងដែរ។ ទឹកលុយ ៥០០លាន​ដុល្លារ​នេះ​មិនរាប់​បញ្ចូល​នឹងចំនួន ៥% ដែល​រដ្ឋាភិបាល​មាន​ជា​ភាគហ៊ុន​នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន KrisEnergy Groupនោះ​ទេ៕

អត្ថបទ៖ ជ័យ ជំនោរ

អត្ថបទថ្មី
;