ភ្នំ​នាង​កង្រី ត្រូវបាន​ដាក់​ជា​តំបន់​ដ៏សំខាន់​ ជាមួយ​​នឹង​គោលបំណង​​៥

  • 2017-11-29 07:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​សំណើ​របស់​ក្រសួង​បរិស្ថាន បានចេញ​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត «ភ្នំនាងកង្រី-ភ្នំទូកមាស» ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រងិល ឃុំ​ពោធិ៍ ឃុំ​ច្រណូក ឃុំដារ និង​ឃុំស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ទៅជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។

ភ្នំនាងកង្រី (រូបថត៖ RFA)
អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ពី​គោលបំណង​ចំនួន​៥​ចំណុច​នៃការ​បង្កើត៖

ទី១. ដើម្បី​ធានា​ឲ្យ​មាន​ការ​ថែ​ទាំ​ទី​ជម្រក និង​ស្ថិរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់​យូរ​អង្វែង។

ទី២. រក្សា​លំនឹង​បរិស្ថាន ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​រួម​ចំណែក​ធនធាន​ធម្មជាតិ និង​រួមចំណែក​កាត់​បន្ថយការ​ប្រែប្រួល​អាកាស​ធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ។

ទី៣. លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុងការ​ថែរក្សា ការពារ អភិរក្ស និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព។

ទី៤. បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ការពារ​ធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់

និងទី៥. ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍។

រូបផែនទី៖ ក្រសួងបរិស្ថាន

តាម​អនុក្រឹត្យ​នេះ បាន​បញ្ជាក់​ថា ក្រសួង​បរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាងនេះ ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត និង​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈ​ចម្រុះ និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ធម្មជាតិ​នៅ​កម្ពុជា មាន តំបន់​ការពារ​ធម្មជាតិ​ចំនួន ៤៩កន្លែង​ដោយ​បូក​បញ្ចូល​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ភ្នំនាងកង្រី-ភ្នំទូកមាស និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៣កន្លែង​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៧,៥លាន​ហិកតា ស្មើនឹង ៤១% នៃ​ផ្ទៃដី​ទូទាំង​ប្រទេស៕

ប្រភព៖ ក្រសួងបរិស្ថាន ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;