ប្រវត្តិ និង​សមិទ្ធផល​ធំ​ៗ​របស់​ក្លឹប Terrengganu ដែល ធារី ចន្ថាប៊ីន ផ្ទេរ​ទៅ​ថ្មីៗ​នេះ

  • 2017-12-05 07:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Terengganu មានមូលដ្ឋាន​នៅ​តំបន់ Kuala Nerus រដ្ឋ Terengganu ប្រទេស​ម៉ាឡេស៊ី ហើយ​ក្លឹប​នេះ​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ថា "ក្រុម​អណ្ដើក"។ Terengganu ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧២ ដែល​គ្រា​នោះ​មាន​ឈ្មោះ​ថា Terrengganu Football Association ។ ហើយ​ទើប​តែ​ឆ្នាំ​២០១៧ បាន​ប្ដូរ​ទៅ​ជា Terengganu Football Club ។

ក្នុង​ទសវត្សរ៍ ១៩៧០ និង ១៩៨០ ក្លឹប Terengganu មិន​សូវ​ទទួល​បាន​ជោគជ័យ​ឡើយ ដោយ​លេង​នៅ​លីគ​ទី​៤ ម៉ាឡេស៊ី។ ក្នុង​រដូវ​កាល ១៩៩០ ពួកគេ​បាន​ក្លាយ​ជា​ជើងឯក​លីគ​លំដាប់​ទី៣ ម៉ាឡេស៊ី ដោយ​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវកាល។

ឡើង​ទៅ​លីគ​ទី២ដល់​ឆ្នាំ១៩៩៧ Terengganu បាន​ធ្លាក់​ទៅ​លីគ​ទី៣វិញ តែ​បាន​ក្លាយ​ជា​ស្ដេច​ត្រាញ់​នៅ​លីគ​ទី២ ម៉ាឡេស៊ី​ជាថ្មី នៅ​ឆ្នាំ​១៩៩៨។ ទសវត្សរ៍ ២០០០ គឺ​ជា​ពេល​ដែល Terengganu ចាប់​ផ្ដើម​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

ក្លឹប​ដដែល ធ្លាប់​ជា​ជើង​ឯក​រង​លីគ​កំពូល​ម៉ាឡេស៊ី​ចំនួន ១លើក (២០០១) ឈ្នះ​ពាន​រង្វាន់ Malaysia Cup ១​លើក (២០០១), FA Cup ម៉ាឡេស៊ី ២លើក (២០០០, ២០១១), Charity Sheild ម៉ាឡេស៊ី ១​លើក (២០០១) ជើងឯក​រង​លីគ​លំដាប់ទី​៣ ម៉ាឡេស៊ី ចំនួន ៣លើក (១៩៩០, ១៩៩៨) និង ជើងឯកលីគទី៤ម៉ាឡេស៊ី ១​លើក (១៩៦៩) ។

បច្ចុប្បន្ន Terengganu ប្រើប្រាស់​កីឡដ្ឋាន Sultan Mizan Zainal Abidin Stadium តាំង​ពី​ខែ​កក្កដា ឆ្នាំ២០០៨។

សូម​ជម្រាប​ថា កីឡាករ​កូនកាត់​ខ្មែរ​បារាំង ធារី ចន្ថាប៊ីន ទើប​តែ​ផ្ទេរ​ទៅ​កាន់​ក្លឹប Terengganu នេះ ក្នុង​កុងត្រា​រយៈ​ពេល ២​ឆ្នាំ ពោល​គឺ​រដូវ​កាល ២០១៨ និង ២០១៩។ ទោះ​ត្រូវ​ធ្លាក់​ទៅ​លីគ​ទី២ ក្នុង​រដូវ​កាល​២០១៧ កន្លង​ទៅ ក៏ Terengganu បាន​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​២ នៅ​លីគ​លំដាប់​ទី២ និង​ត្រូវ​ឡើង​ទៅ​ប្រកួត​ប្រជែង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;