ប្រាសាទ​ភ្នំខ្យង លាក់ខ្លួន​ក្នុង​រូងភ្នំ មាន​មនុស្ស​តិចណាស់​បាន​ស្គាល់

  • 2017-12-07 08:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាសាទ​ភ្នំខ្យង មាន​ទីតាំង​ស្ថិត​នៅលើ​ភ្នំ​ខ្យង ក្នុងភូមិ​ភ្នំ​ខ្យង ឃុំ​ប្រាសាទភ្នំ​ខ្យង ភាគ​ខាងជើង​ទីរួម​ស្រុក​កំពង់ត្រាច ចម្ងាយ​៩​គីឡូម៉ែត្រ ក្នុង​ខេត្ត​កំពត។ ប្រាសាទ​នេះ មិនសូវ​មានគេ​ស្គាល់ឡើយ​ដោយសារតែ​ទីតាំង និង​មិនមាន​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ។

​លោក លន់ រម​នា ប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​កំពង់ត្រាច បាន​រៀបរាប់​ថា មនុស្ស​ភាគតិច​ណាស់ដែ​ល​បាន​ស្គាល់ និង​មក​លម្ហែ​កម្សាន្ត​នៅ​ប្រាសាទភ្នំ​ខ្យង ព្រោះតែ​ការ​ផ្សព្វផ្សាយ​មិនមាន​ភាព​ទូលំទូលាយ​ដូច​បណ្តា​មណ្ឌល​កម្សាន្ត ឬ​ទីតាំង​ប្រវត្តិសាស្ត្រ​នានា​។ ម្យ៉ាងទៀត ប្រាសាទ​នេះ​មាន​ទីតាំង​នៅ​កណ្តាល​កូនភ្នំ ស្ថិតក្នុង​ចន្លោះ​រូង​តូច​ចង្អៀត ពោលគឺ​បើ​មិនមាន​អ្នក​នាំ​ផ្លូវ​ទេ នោះ​មិនអាច​រកឃើញ​ឡើយ​។ ព្រោះតែ​ហាក់​ស្ថិតក្នុង​ទី​អាថ៌កំបាំង​បែបនេះ មួយខែៗ ភ្ញៀវ​ច្រើន​បំផុត​មាន​ត្រឹម​ពី​២០​នាក់ ទៅ​៣០​នាក់​ប៉ុណ្ណោះ​។

លោក​បន្ត​ថា ប្រាសាទ​ភ្នំខ្យង មាន​សិវលិង្គ​ពី​ធម្មជាតិ នៅ​ចំណុច​កណ្តាល។ សម្រាប់​អ្នកស្រុក បាន​ចាត់ទុក​ប្រាសាទភ្នំ​ខ្យង​ជាទី​សក្ការៈ​ដ៏​ស័ក្តិសិទ្ធិ សម្រាប់​ការ​បន់ស្រន់​ប៉ងប្រាថ្នា​អ្វីមួយ​តាមផ្លូវ​សុចរិត​។ ជា​រៀងរាល់ឆ្នាំ អ្នកស្រុក​តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ពិធី​បង្សុកូល​ឧ​ទ្ធិ​ស​កុសល​ជូន​ដល់​ញាតិសន្តាន​ទាំងឡាយ ដែល​បាន​ចែក​ឋាន​ដោយ​ពុំដែល​អាក់ខាន​ឡើយ​។

​ពាក់ព័ន្ធ​នឹង​កិច្ចការ​ថែរក្សា និង​អភិរក្ស​វិញ លោក​លន់ រម​នា បាន​ប្រាប់​ឱ្យដឹងថា ក្រោម​ការយក​ចិត្ត​ទុកដាក់​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពត ទី​បូជនីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​នេះ ទើប​ត្រូវបាន​សាងសង់​ជណ្តើរ​ឡើង​ចំនួន​១១៥​កាំ បត់បែន​តាម​ជម្រាល​ចង្កេះភ្នំ​មុននឹង​ចូលដល់​ផ្លូវ​ចុះចូល​ទៅដល់​រូង​ប្រាសាទ​។ ជាមួយគ្នានេះ មន្ទីរ​ក៏មាន​ឆ្មាំ​ដាក់​ប្រចាំការ​សម្រាប់​សម្អាត​ថែទាំ និង​រង់ចាំ​ណែនាំ​ភ្ញៀវ​ពេល​មក​លម្ហែ​កម្សាន្ត ឬ​ចូលធ្វើ​ពិធីបួងសួង​ណាមួយ។

​លោក​ប្រធាន​ការិយាល័យ​បញ្ជាក់​ថា ក្នុង​មួយ​ខែៗ មន្ត្រី​ការិយាល័យ​វប្បធម៌​ស្រុក​តែង​ចុះ​ពិនិត្យ​តាមដាន​បី​ដង ព្រមទាំង​បាន​ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ជុំវិញ​ក្នុងការ​ចូលរួម​អភិរក្ស​សម្បត្តិ​វប្ប​ធម៌​ជាតិ​នេះ។

​ប្រាសាទ​ភ្នំខ្យង ស្ថិតក្នុង​រូង​ជម្រៅ​ប្រមាណ​ជាង​៦​ម៉ែត្រ ពី​កំពូលភ្នំ ដោយ​ត្រូវ​ឆ្លងកាត់​មាត់ច្រក​តូចៗ មាន​ជណ្តើរ​ឥដ្ឋ​ជា​ថ្នាក់ៗ​។ ប្រាសាទនេះ សាងសង់​នា​អំឡុង​សតវត្ស​រ៏​ទី​៦ ដើម​សតវត្ស​រ៏​ទី​៧ នៃ​គ្រិស្ត​សរាជ ពោលគឺ​ស្ថិតក្នុង​អន្តរកាល​រវាង​សម័យ​វប្បធម៌​នគរ​ភ្នំ និង​ចេនឡា​។ ដោយ​បែរមុខ​ទៅ​ទិស​ខាងលិច ប្រាសាទភ្នំ​ខ្យង​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ប្រាសាទ​អាស្រម​មហាឥសី​នៅ​ភ្នំ​ដា​ខេត្តតាកែវ និង​អាស្រម​មហាឥសី​នៅ​ភ្នំ​ហាន់ជ័យ​ខេត្តកំពង់ចាម​។ នៅ​កណ្តាល​នៃ​តួ​ប្រាសាទ​មាន​សិវលិង្គ​ធម្មជាតិ​មួយ​ដុះ​ចេញពី​បាត​ភ្នំ​។ វត្តមាន​របស់​លិង្គ​ថ្ម​ធម្មជាតិ​នេះ តាម​ជំនឿ​របស់​អ្នកស្រុក​គឺ​ធើ្វ​ឱ្យ​ប្រាសាទ​នេះ​មាន​ភាព​ស័ក្តិសិទ្ធិ​បំផុត៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;