អាមេរិក ប្រកាស​ដក​ជំនួយ និង​ចោទ​ប៉ាគីស្ថាន ថា "ខ្លួន​មួយ​ចង់​ជិះ​ទូក​២"

  • 2018-01-03 01:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហរដ្ឋ​អាមេរិក បាន​ប្រកាស​ជា​ផ្លូវការ​ថា នឹង​កាត់​បន្ថយ​ជំនួយ​ចំនួន ២៥៥​លាន​ដុល្លារ ពី​ប្រទេស​ប៉ាគីស្ថាន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី Nikki Haley ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី​២ មករា ២០១៨។

លោក​ស្រី Nikki Haley
លោក​ស្រី Nikki បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ដក​ជំនួយ​នេះ ព្រោះ​តែ​ភាគី​ខាង​ប៉ាគីស្ថាន​មិន​អាច​ធ្វើ​កិច្ច​សហការ​ពេញ​លេញ​ជាមួយ​អាមេរិក ដើម្បី​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ មួយ​វិញ​ទៀត ប៉ាគីស្ថាន បាន​លេង​ល្បែង "ខ្លួន​មួយ​ចង់​ជិះ​ទូក​២" ដោយ​ពេល​ខ្លះ​ធ្វើ​ជា​សហការ​ជាមួយ​អាមេរិក តែ​ពេល​ខ្លះ​ទៀត​បែរ​ជា​លួច​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុម​ភេរវករ ដើម្បី​វាយ​ប្រហារ​អាមេរិក​ទៅ​វិញ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា ប៉ាគីស្ថាន គ្មាន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​សោះ​ឡើយ​ឲ្យ​អាមេរិក ក្រៅ​ពី​ពាក្យ​កុហក និង​ការ​បោក​បញ្ឆោត។ លោក​ប្រធានាធិបតី​អាមេរិក បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លង​មក អាមេរិក​ផ្ដល់​ជំនួយ​ឲ្យ​ប៉ាគីស្ថាន​​អស់​ប្រមាណ​ជា ៣៣​ពាន់​លាន​ដុល្លារ។

មេ​ដឹក​នាំ​យោធា និង​ស៊ីវិល​កំពូល​របស់​ប៉ាគីស្ថាន បាន​បង្ហាញ​សេចក្ដី​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​ប្រកាស​នេះ ហើយ​បាន​ច្រានចោល​​នូវ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ថា គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។ ប៉ាគីស្ថាន បញ្ជាក់​ថា ខ្លួន​នឹង​នៅ​តែ​ប្ដេជ្ញា​ដើរ​ក្នុង​​តួនាទី​យ៉ាង​សំខាន់​ដដែល ដើម្បី​ដឹក​នាំ​ប្រទេស​ឲ្យ​ស្ថិត​នៅ​ក្នុង​ដំណើរការ​សន្តិភាព៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;