សម្តេច​ក្រុម​ព្រះ ដក​តំណែង​និង​បញ្ចប់​សមាជិក​ភាព​មន្ត្រី​បក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន ៨​រូប

  • 2018-01-26 08:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​សម្រេច​ដក​តំណែង និង​បញ្ចប់​សមាជិក​ភាព​ពី​មន្រ្តី​គណបក្ស​ចំនួន ៨​រូប កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៨។ មន្រ្តី​ទាំង៨​រូប​រួមមាន៖

១. លោក សេង ហាក់ស្រ៊ុន (អគ្គ​លេខាធិការ​រង)។ ២. លោក ណុប ផន។ ៣. លោក មៀច សំរួល និង​៤. លោក ភាព ភាជន៍។ មន្រ្តី​ជាន់ខ្ពស់ ៤រូបនេះ ត្រូវបាន​បញ្ចប់​សមាជិកភាព។

លោក មៀច សំរួល
ចំណែ​កមន្ត្រី​ជាន់ខ្ពស់​ចំនួន ៤រូប​ទៀត ដែល​ត្រូវ​បាន​ដក​តំណែង មាន​ដូចជា៖ ១. លោក ឆឹង ចំរើន ផ្ទេរពី​ប្រធាន​ក្រុម​ការងារ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ ឲ្យ​មក​បម្រើ​កិច្ច​ការ​ផ្ទាល់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។ ២. លោក​ ហេង ចាន់ថា ផ្ទេរភារកិច្ច​ពី​ប្រធាន​ក្រុម​ការងារបោះ​ឆ្នោត​ខេត្ត​កំពង់​ចាម ឲ្យមក​បម្រើ​កិច្ច​ការ​ផ្ទាល់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។ ៣. លោក​ ផាន ចន្ថា ផ្ទេរ​ភារកិច្ច​ពី​ប្រធាន​ក្រុម​ការងារ​បោះ​ឆ្នោត​ខេត្ត​ពោធិសាត់ ឲ្យ​មក​បម្រើ​កិច្ច​ការ​ផ្ទាល់សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។ ៤. លោក​ថាវ គឹមឡុង ឲ្យ​មក​បម្រើ​កិច្ចការ​ផ្ទាល់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។
លោក ឆឹង ចំរើន

ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ទាំងនោះ មានការ​ពាក់ព័ន្ធ​នឹងការ​ធ្វើ​ចលនា​ប្រមូល​ស្នាម​មេដៃ​សមាជិក​នៅតាម​បណ្តា​រាជធានី ខេត្ត ដើម្បី​ធ្វើ​ញ្ញត្តិ​ដាក់ថ្វាយ​សម្តេច​ក្រុមព្រះ ស្នើ​ដកតួនាទី​លោក ប៉ោ ប៊ុនស្រ៊ឺ អនុ​ប្រធាន​គណបក្ស និង​លោក យឹម សាវី អគ្គ​លេខាធិការ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច។

លោក ហេង ចាន់ថា

សូម​រំលឹក​ថា កាលពីថ្ងៃ​ទី២៤ ខែ​មករា ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​ធ្វើ​ញ្ញត្តិ​ទូល​ថ្វាយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ស្នើសុំ​បញ្ចប់​មុខ​តំណែង​លោក ប៉ោ ប៊ុនស្រ៊ឺ អនុ​ប្រធាន​គណបក្ស និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់​ឆ្នាំង និង​លោក យឹម សាវី អគ្គ​លេខា​ធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ដោយសារតែ​ធ្វើឲ្យ​សមាជិក​បាត់​ទំនុក​ចិត្ត និង​បង្កើត​ឲ្យ​មាន​បក្ខពួក​និយម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;